នគរបាល និងអ្នកភូមិបាននិយាយថា បុរសជនជាតិអាមេរិកអាយុ៤៤ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ដោយសារគេរឹតកនៅជាយក្រុងភ្នំពេញកាលពីព្រឹកព្រលឹមថ្ងៃពុធ។ សាកសពមានស្នាមជាំរបស់គាត់ត្រូវបានគេរុំនៅក្នុងក្រណាត់វាំងនន ហើយបានយកទៅប្លុងចោលនៅផ្លូវដីមួយខ្សែនៅខណ្ឌព្រែកព្នៅ។
លោក យឹម សារ៉ន អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលទទួលបន្ទុកត្រួតពិនិត្យកន្លែងឧក្រិដ្ឋកម្ម បានមានប្រសាសន៍ថា សាកសពនេះត្រូវបានប្រទះឃើញនៅម៉ោងប្រហែល៥និង៤៥នាទីព្រឹកនៅក្នុងសង្កាត់គោករកា ដោយក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ដែលបានយកសំរាមទៅបោះចោលនៅកន្លែងចាក់សំរាមនោះ។
នគរបាលបានបញ្ជាក់ថា ជនរងគ្រោះរូបនេះឈ្មោះ វីលៀម ប្រ៊ីយ៉ាន ហ្គ្លិន មកពីរដ្ឋមីស៊ីស៊ីពី ហើយបានឲ្យដឹងថា ពួកគេបានរកឃើញកាបូបលុយមួយ ដែលមានប័ណ្ណឥណទាន និងក្រដាសថតចម្លងលិខិតឆ្លងដែនរបស់គាត់មួយសន្លឹកនៅក្នុងហោប៉ៅខោខ្លីរបស់គាត់។
លោក សារ៉ន បានមានប្រសាសន៍ថា “នគរបាលរបស់យើងបានចុះទៅកន្លែងកើតហេតុ បន្ទាប់ពីក្មេងប្រុសនោះបានប្រាប់គ្រួសាររបស់វានៅក្នុងភូមិនោះ។ មានស្នាមជំានៅលើដងខ្លួនបុរសនេះ និងមានឈាមចេញតាមច្រមុះ ដូច្នេះនេះគឺជាឃាតកម្ម មិនមែនជាអំពើអត្តឃាតទេ”។
លោក ណង សុវណ្ណរ័ត្ន វេជ្ជបណ្ឌិតដែលពិនិត្យសាកសពនេះបានបញ្ជាក់ថា ស្នាមជាំនៅជុំវិញកនេះបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការរឹតក។ លោកបានមានប្រសាសន៍ថា ” ជនរងគ្រោះអាចស្លាប់នៅកន្លែងណាមួយរយៈពេល២៤ម៉ោងមុនគេប្រទះឃើញសាកសពគាត់។
លោក សួន សំអឿន នាយប៉ុស្តិ៍នគរបាលគោករកា បានមានប្រសាសន៍ថា អ្នកភូមិម្នាក់បានរាយការណ៍ថា បានឃើញរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង ដែលមានម៉ូតូបើកតាមក្រោយមួួយគ្រឿងតាមផ្លូវដីនេះនៅក្បែរវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា នៅម៉ោងប្រហែល៣ទៀបភ្លឺ ហើយបានឈប់មួយភ្លែតនៅកន្លែងចាក់សំរាមនោះ។ លោកបានមានប្រសាសន៍ថា ” ជនរងគ្រោះទំនងជាត្រូវបានគេយកពីកន្លែងណាមួយទៅប្លុងចោលនៅទីនេះ”។
ជនជាតិអាមេរិករូបនេះ បានធ្វើដំណើរពីទីក្រុងបាងកកមកប្រទេសកម្ពុជាកាលពីខែមុន ហើយបានដាក់ប្រវត្តិរូបរបស់គាត់នៅតាមគេហទំព័រជនបរទេសនៅកម្ពុជា ដើម្បីស្វែងរកការងារជាគ្រូបង្រៀននៅក្នុងទីក្រុងភ្នំពេញ។ គាត់បានសរសេរដាក់តាមប្លក់កាលពីថ្ងៃទី៤ ខែឧសភាថា ” ខ្ញុំទើបតែមកដល់កាលពីពីរថ្ងៃមុន មិនសូវដឹងព័ត៌មានច្រើនទេ ពីព្រោះខ្ញុំមិនដែលជួបនរណាម្នាក់ដែលបង្រៀននៅទីនេះឡើយ”។
គាត់បានចាប់ផ្ដើមបង្រៀនភាសាអង់គ្លេសនៅសាលាហ្គោលដិនហ្គេត សាខាទូលគោក កាលពីខែមិថុនា ប៉ុន្តែបើតាមគណនេយ្យករឈ្មោះ គន្ធី នៅសាលានេះបានឲ្យដឹងថា គាត់បានឈប់ទៅវិញបន្ទាប់ពីបង្រៀនបានមួយខែ ក្រោយពីវគ្គសិក្សានោះបានបញ្ចប់។
គណនេយ្យកររូបនេះនិយាយថា ” គាត់ឈប់ធ្វើការនៅចុងខែ ព្រោះវាជាចុងបញ្ចប់នៃឆ្នាំសិក្សា ដូច្នេះគាត់ធ្វើការបានតែមួយខែប៉ុណ្ណោះ។ គាត់តែងតែមកធ្វើការ ប៉ុន្តែខ្ញុំមិនដឹងថា តើគាត់ត្រឡប់មកវិញឬមានអ្វីកើតឡើងទេ”។
កាលពីបីថ្ងៃមុន គាត់បានប្រកាសរកការងារនៅតាមទស្សនាវដ្ដី The Beijinger ដែលជាទស្សនាវដ្ដីតាមអុីនធើណិតនៅទីក្រុងេប៉កាំង ដើម្បីស្វែងរកការងារភ្លាមៗជាគ្រូបង្រៀនពេលសម្រាកនៅរដូវក្ដៅ និងបានស្នើសុំឲ្យមានការផ្ដល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ និងអាចចាប់ផ្ដើមក្នុងរយៈពេលពីរបីថ្ងៃទៀត។
លោក វីលៀម ហ្គ្លិន ក៏ជាគ្រូបង្រៀនក្រៅម៉ោងនៅពេលល្ងាចនៅវិទ្យាស្ថានបង្រៀនភាសាអង់គ្លេស Collingwood ផងដែរ ប៉ុន្តែនាយកថ្មីនៃសាលានេះ គឺលោក ម៉ៃឃើល សាប បាននិយាយថា បុរសអាមេរិករូបនេះមិនបានមកបង្រៀនដូចការគ្រោងទុកនៅសប្ដាហ៍នេះទេ។
លោក សាប បាននិយាយថា ” ខ្ញុំបានជួបគាត់តែម្ដងប៉ុណ្ណោះ គឺនៅពេលគាត់មកណែនាំខ្លួនប្រាប់ខ្ញុំ ប៉ុន្តែគាត់មិនបានមកចូលរួមកិច្ចប្រជុំរបស់គ្រូបង្រៀនកាលពីសប្ដាហ៍មុនទេ ហើយក៏មិនបានមកបង្រៀននៅថ្ងៃច័ន្ទដែរ ដូច្នេះខ្ញុំគិតថា គាត់គឺជាគ្រូបរទេសម្នាក់ទៀតដែលមិនបានមកបង្រៀន”។
យោងតាមលោក សាប បានឲ្យដឹងថា ប៉ុន្តែនៅរសៀលមុនគេសម្លាប់គាត់ គាត់បានទូរស័ព្ទប្រាប់អ្នកទទួលភ្ញៀវនៅសាលាថា គាត់អាចបង្រៀនថ្នាក់គាត់នៅម៉ោង៥និង៣០នាទីល្ងាច។ លោកបាននិយាយថា ” ខ្ញុំមិនដឹងថា តើគាត់ទូរស័ព្ទមកដោយខ្លួនគាត់ ឬអ្នកផ្សេងទូរស័ព្ទជំនួសគាត់ទេ ប៉ុន្តែគាត់មិនបានមកទេ ហើយខ្ញុំត្រូវបង្រៀនថ្នាក់នោះ”។
លោក អេនឌី ហ្វីឌឺ អតីតគ្រូបង្រៀនម្នាក់នៅសាលាហ្គោលដិនហ្គេត មកពីអៀកឡង់ខាងជើង បាននិយាយថា គាត់បានស្គាល់ជនរងគ្រោះពីរបីសប្ដាហ៍មុនពេលគាត់ឈប់បង្រៀននៅសាលានេះ។
គាត់បាននិយាយថា ” ខ្ញុំមិនបានស្និទ្ធស្នាលជាមួយគាត់ទេ បុ៉ុន្តែខ្ញុំនិយាយជាមួយគាត់នៅសាលា ហើយគាត់ពូកែណាស់ គាត់បង្រៀនអស់រយៈពេល១៨ឆ្នាំនៅក្នុងប្រទេសថៃ និងប្រទេសចិន ហើយគាត់បាននិយាយថា គាត់ធុញទ្រាន់នឹងការងារនេះ។ ក្រៅពីនេះ គ្មាននរណាម្នាក់ដឹងអ្វីអំពីគាត់ទេ”។
បុគ្គលិកបញ្ជាក់ថា ស្ថានទូតអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលើកឡើងពីកង្វល់អំពីភាពឯកជន។ សាកសពលោក វីលៀមហ្គ្លិន ត្រូវបានដឹកទៅកន្លែងតម្កល់សពនៅក្នុងវត្តស្ទឹងមានជ័យ រង់ចាំការស៊ើបអង្កេតរបស់នគរបាល៕ គឹមហឿន
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
The post ជនជាតិអាមេរិកម្នាក់ត្រូវបានគេរឹតកសម្លាប់ហើយយកទៅប្លុងចោលនៅកន្លែងចាក់សំរាមនៅជាយក្រុងភ្នំពេញ appeared first on ខេមបូឌា ដេលី.