យោងតាមអង្គការពលកម្មអន្តរជាតិ ILOបានឲ្យដឹងថា ការបញ្ចេញឈ្មោះ និងការធ្វើឲ្យអាម៉ាស់មុខដល់រោងចក្រដែលមិនធានាគុណភាពជាមូលដ្ឋាននៃលក្ខខណ្ឌការងាររបស់កម្មករខ្លួន កំពុងតែធ្វើឲ្យបទដ្ឋានក្នុងវិស័យកាត់ដេរប្រសើរឡើង ប៉ុន្តែអ្នកប្រព្រឹត្តល្មើសនៅតែមាន។
រោងចក្រចំនួនប្រាំបួនត្រូវបានរាប់បញ្ចូលក្នុងក្រុមរោងចក្រដែល ” គោរពច្បាប់ទាបបំផុត” នៅក្នុងរបាយការណ៍តម្លាភាពទី២នៃកម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា (BFC) របស់អង្គការ ILO រួមទាំងអង្គការចំនួនប្រាំបីដែលត្រូវបានចុចឈ្មោះកាលពីដំបូងនាខែមីនាផងដែរ។
ប៉ុន្តែ យោងតាម BFC បានឲ្យដឹងថា មួយភាគបីនៃរោងចក្រចំនួន៩២ដែលបំពានលើអ្វីដែលគេហៅថា ” បញ្ហាធ្ងន់ធ្ងរ” ដែលជាលក្ខខណ្ឌផ្លូវច្បាប់ជាមូលដ្ឋានចំនួន២១ បានធ្វើការកែលម្អមួយចំនួនហើយ បន្ទាប់ពីដឹងថា ខ្លួនត្រូវបានគេបញ្ចេញឈ្មោះឲ្យអាម៉ាស់មុខនៅក្នុងរបាយការណ៍េនះ។ BFC បានលើកឡើងថា រោងចក្រសរុបចំនួន៤៣មិនត្រូវបានរកឃើញថាបំពានលើ ” បញ្ហាធ្ងន់ធ្ងរ” ទេ រួមទាំងរោងចក្រចំនួន១៩ដែលបានកែលម្អអាកប្បកិរិយារបស់ខ្លួនដើម្បីឲ្យគេរាប់បញ្ចូលក្នុងក្រុមនេះផងដែរ។
មានតែរោងចក្រមួយប៉ុណ្ណោះ គឺរោងចក្រ HungTakGarment Co.Ltd. ដែលបានជាប់ឈ្មោះក្នុងក្រុមរោងចក្រដែលគោរពច្បាប់ទាបបំផុត បន្ទាប់ពីក្តីបារម្ភចំនួន១៩ចំណុចត្រូវបានកែលម្អ ក្នុងនោះរួមមានទាំងការមិនគិតបៀវត្សរ៍សម្រាប់ច្បាប់ឈប់សម្រាកនៅពេលមានជំងឺ ការកាត់ប្រាក់ខែដោយខុសច្បាប់ និងបញ្ហាសុវត្ថិភាពមួយចំនួនផង។
លោក ចេង សេរីរតនា បុគ្គលិកផ្នែករដ្ឋបាលនៅរោងចក្រ Hung Tak បានទទួលស្គាល់ថា រោងចក្រនេះមិនបានគោរពតាមបទដ្ឋានទាំងអស់បស់អង្គការ ILOនោះទេ នៅមុនពេលធ្វើអធិការកិច្ចលើកដំបូង ប៉ុន្តែ លោកបានលើកឡើងថា ចាប់តាំងពីពេលនោះមក រោងចក្រនេះបានព្យាយាមធ្វើការកែលម្អហើយ។លោកលើកឡើងបន្តថា “ខ្ញុំបានកែប្រែ១៣ ឬ១៤បញ្ហា ហើយបានស្នើឲ្យ អង្គការ ILO មកធ្វើអធិការកិច្ចម្តងទៀត។ ពួកគេនៅតែនិយាយថា យើងខ្វះខាតចំណុចទាំងអស់នេះដដែល”។
រោងចក្រចំនួនប្រាំបីដែលស្ថិតក្នុងក្រុមរោងចក្រគោរពច្បាប់ទាបបំផុត មានដូចជា រោងចក្រ Best Tan Garment Ltd. រោងចក្រ Cambodian Hoi Fu Garments & Knitting Fty. Co. Ltd. រោងចក្រ Chang Tai International Corp. រោងចក្រ Ever-Glory (Cambodia) Garment Manufacturing Co. Ltd. រោងចក្រ Juan Shi Garment Co. Ltd. រោងចក្រ Lixing Knitting Factory Ltd. រោងចក្រPhong Wan Enterprise Co. Ltd. និងរោងចក្រYubin Service Co. Ltd.។
លោកស្រី ជីល ថាក់ឃើ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៅ BFC បានមានប្រសាសន៍ថា ការកើនឡើងតម្លាភាពក្រោយពីការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយសាកលវិទ្យាល័យស្ទែនហ្វដ (Stanford University) កាលពីឆ្នាំមុនដែលបង្ហាញថា កង្វះនៃការធ្វើសេចក្តីរាយការណ៍ជាសាធារណៈ បានរារាំងកិច្ចប្រឹងប្រែងរបស់ BFC ក្នុងការធ្វើឲ្យជីវភាពរស់នៅរបស់កម្មករល្អប្រសើរនោះ បានជំរុញឲ្យរោងចក្រនានាដែលមិនព្រមផ្លាស់ប្តូរអស់រយៈពេលជាច្រើនឆ្នាំ ធ្វើកំណែទម្រង់។
លោកស្រីមានប្រសាសន៍ថា ” យ៉ាងហោចណាស់មានករណីមួយ ដែលតំណាងមួយរូបរបស់ក្រុមហ៊ុនសម្លៀកបំពាក់មួយ ជិះយន្តហោះមកកាន់ទីនេះ ហើយចាប់ផ្តើមធ្វើការជាមួយរោងចក្រមួយដែលតែងតែព្រងើយកន្តើយដាក់ពួកយើង”។ លោកស្រីបានបន្ថែមថា ” នៅមានការងារជាច្រើនត្រូវធ្វើ” ជាពិសេសការធ្វើឲ្យលក្ខខណ្ឌការងារទូទៅប្រសើរឡើង ដូចជារោងចក្រដែលមានកម្រិតសីតុណ្ហភាពក្តៅពេក ឬគ្មានអនាម័យជាដើម។
លោកស្រីមានប្រសាសន៍បន្តថា “ជាទូទៅ រឿងទាំងអស់នេះកើតឡើង នៅពេលឧស្សាហកម្មកំពុងរីកចម្រើន ពីព្រោះអ្នកគ្រប់គ្រងកំពុងព្យាយាមទទួលការបញ្ជាទិញ ហើយនោះជាអ្វីដែលយើងបានមើលឃើញក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ”។ លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពជា (GMAC) បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការអះអាងរបស់ BFC ដែលលើកឡើងថា តម្លាភាពធ្វើឲ្យលក្ខខណ្ឌការងារប្រសើរឡើងទេ។
ទោះជាយ៉ាងណា លោកបានលើកឡើងពីក្តីបារម្ភថា ការចុះផ្សាយជាសាធារណៈអំពីបញ្ហាអវិជ្ជមានក្នុងពេលថ្មីៗនេះជុំវិញវិស័យកាត់ដេរដែលរកចំណូលឲ្យកម្ពុជា បានប្រមាណ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរប្រហែលកន្លះលាននាក់នោះ បានធ្វើឲ្យចំនួនបញ្ជាទិញពីក្រុមហ៊ុនសម្លៀកបំពាក់ពិភពលោកធ្លាក់ចុះ។ លោក កែន លូ មានប្រសាសន៍ថា ” ខ្ញុំចង់ឃើញការយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហានេះពីសំណាក់ BFC និងការប្តេជ្ញាចិត្តបន្ថែមទៀតពីអ្នកបញ្ជាទិញ និងរោងចក្រ”។
របាយការណ៍ចុងក្រោយបំផុតរបស់ BFC បានបន្ថែមឈ្មោះរោងចក្រចំនួន៩៣ចូលក្នុងទិន្នន័យមូលដ្ឋានស្តីពីតម្លាភាព ធ្វើឲ្យចំនួនរោងចក្រសរុបដែលត្រូវបានវាយតម្លៃរហូតមកទល់ពេលនេះ កើនឡើងដល់១៥២រោងចក្រ។ ទីបំផុត ទិន្នន័យមូលដ្ឋានដែលផ្សាយជាសាធារណៈនូវឈ្មោះរោងចក្រដែលគោរពច្បាប់ទាបបំផុតជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៥មកនោះ នឹងគ្របដណ្តប់រោងចក្រជិត៥០០នៅទូទាំងប្រទេស។
លោក សយ សីហា លេខាសហភាពសម្ព័ន្ធសហជីពកម្ពុជា (Cambodian Confederation Trade Union) បានមានប្រសាសន៍ថា អង្គការ ILO មិនបានឃ្លាំមើលក្រុមហ៊ុនផ្គត់ផ្គង់ ឬក្រុមហ៊ុនមៅ៉ការបន្តតូចៗទេ ដូច្នេះហើយការធ្វើរបាយការណ៍របស់អង្គការនេះមិនតំណាងឲ្យឧស្សាហកម្មទាំងមូលឡើយ។ លោកមានប្រសាសន៍បន្តទៀតថា” ជាញឹកញាប់ ពួកគេផ្តោតលើក្រុមហ៊ុនធំៗ ប៉ុន្តែ សម្រាប់ក្រុមហ៊ុនតូចៗ ដែលធ្វើប្រតិបត្តិការក្រៅច្បាប់វិញ អង្គការ ILO មិនបានចូលទៅដល់ទេ។ BFC ក៏បានបញ្ចូលកូដកម្មចំនួន២៦ក្នុងទិន្នន័យមូលដ្ឋាននេះដែរ ដែលធ្វើឡើងដោយសហជីពកម្មករផ្សេងៗគ្នា ហើយសហជីពទាំងអស់នោះសុទ្ធតែត្រូវបានលើកឡើងថា មិនបានបំពេញកាតព្វកិច្ចច្បាប់។
សហជីពដែលបានធ្វើកូដកម្មដោយខុសច្បាប់រួមមានសហព័ន្ធសហជីពកម្មករ (Trade Union Federation for Workers) សហជីពសេរីកម្មករ និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ)។ លោក អាត់ ធន់ប្រធានរបស់ស៊ីខៅឌូ បានមានប្រសាសន៍ថា ចំនួនលក្ខខណ្ឌផ្លូវច្បាប់សម្រាប់ការធ្វើកូដកម្ម គឺវាខ្ពស់ពេក ហើយសហជីពត្រូវចំណាយពេលរាប់ខែឯណោះទម្រាំបំពេញអស់។ លោកមានប្រសាសន៍ទៀតថា ” ធ្វើកូដកម្មតាមច្បាប់ការងារវាមិនងាយស្រួយទេ ពីព្រោះក្រុមហ៊ុនធ្វើឲ្យវាពិបាក”៕ សុខុម
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
The post ILO និយាយថា ការធ្វើឲ្យរោងចក្រកាត់ដេរអាម៉ាស់មុខនាំឲ្យបទដ្ឋានការងារប្រសើរឡើង appeared first on ខេមបូឌា ដេលី.