Quantcast
Channel: News – The Cambodia Daily
Viewing all 4644 articles
Browse latest View live

កំណត់​ពេល​ដំឡើង​ប្រាក់ឈ្នួល​ក្នុងវិស័យកាត់ដេរ​ ប៉ុន្តែ សហជីពមួយ​ចំនួន​ជំទាស់

$
0
0

កាលពី​ម្សិលមិញ គណៈកម្មការ​ប្រឹក្សាការងារ​បាន​យល់ព្រម​លើគម្រោង​​ដំឡើង​​ប្រាក់​ឈ្នួល​សម្រាប់​វិស័យកាត​់​ដេរដែលមាន​ភាពចលាចល​​នៅក្នុង​​ប្រទេស​កម្ពុជា​ត្រឹម​ខែ​មករា ឆ្នាំ​២០១៥ ប៉ុន្តែ​សហជីពពីរបី​បាន​បន្ត​ទាម​ទារ​ឲ្យ​​ដំឡើង​ប្រាក់​ឈ្នួល​នៅខែតុលា ហើយ​បានលើកឡើងថា ការ​តវ៉ា​អាច​បន្ត​ ប្រសិនបើ​ការ​ទាមទារ​របស់​ពួក​គេ​ត្រូវ​បាន​បដិសេធ​។

គណៈកម្មការ​ប្រឹក្សា​ការ​ងារដែល​មាន​សមាសភាព​មក​ពី​រដ្ឋាភិបាល​ តំណាង​រោងចក្រ​និង​សហជីព បាន​អនុម័ត​​សេចក្តី​ព្រាង​នៃគម្រោងនេះ​កាលពី​ពីរ​សប្តាហ៍មុន។ នៅ​ឯ​កិច្ច​ប្រជុំ​ស្វែង​យល់​បន្ថែម​ទៀត​កាលពី​ម្សិលមិញ ពួកគេ​បាន​យល់​ព្រម​លើ​គម្រោង​​នេះ​ជា​ផ្លូវ​ការ​ ហើយ​បាន​បន្ថែម​​ចំណុច​សំខាន់ៗ​ខ្លះ​ទៀត​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​គណៈកម្មការ​ប្រឹក្សាការ​ងារ​បាន​ឲ្យដឹងថា រដ្ឋាភិបាល​ ថៅកែ​រោង​ចក្រ​ និង​សហជីព​នឹង​រៀបចំ​ជំនួប​​ផ្ទៃ​ក្នុង​ដាច់ដោយឡែក​ពី​គ្នា​នៅ​ខែនេះ​ដើម្បី​ចាប់​ផ្តើម​ពិភាក្សាអំពីការ​ដំឡើង​ប្រាក់ឈ្នួលនៅ​ឆ្នាំក្រោយ។ ពួកគេ​នឹង​ធ្វើ​ការ​ពិភាក្សា​ដោយ​មាន​កិច្ច​ប្រជុំ​​ទ្វេភាគី​ជាច្រើន​លើក​​នៅ​ខែសីហា កិច្ច​ប្រជុំ​ត្រីភាគី​នៅ​​ខែ​កញ្ញា ហើយ​ចុង​ក្រោយ​ គឺ​ការ​បោះឆ្នោត​នៅ​ខែត​ុលា មុនពេល​ប្រាក់ខែគោល​ថ្មី​ចូលជា​ធរមាន​នៅ​ថ្ងៃទី​១ ខែ​មករា។

ពេល​ចេញ​ពី​កិច្ច​ប្រជុំ​នេះ លោក អិុត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍ថា សមាជិក​បីរូបក្នុង​ចំណោម​សមាជិក​២៣រូប​របស់​គណៈកម្មការ​ប្រឹក្សាការ​ងារ​ដែលមាន​វត្ត​មាន​កាលពី​ម្សិលមិញ បានបោះ​ឆ្នោត​ជំទាស់នឹង​គម្រោង​នេះ ហើយ​ថា មាន​ភាព​តានតឹង​នៅក្នុង​បន្ទប់ ” ពីព្រោះ​ភាគី​នីមួយ​ៗ​ព្យាយាម​ការ​ពារ​ផល​ប្រយោជន៍របស់ខ្លួន”។

លោក​​​រដ្ឋ​​​មន្ត្រី មិន​​​បាន​​​និយាយ​​​លម្អិតថាតើ​អ្នក​ជំទាស់ជា​នរណា ឬ​ភាពតានតឹ​ង​នោះ​ជា​អ្វី​​​​ទេ ប៉ុន្តែ ឆ្លើយ​​​តបទៅ​​​នឹង​​​សំណួរ​​​របស់​​​អ្នក​​​យក​​​ព័ត៌មាន​​​ ហើយ​លោក​​​បានមាន​​​ប្រសាសន៍​​​ថា សហជីពដែល​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​គម្រោង​នេះ​​ មាន​សិទ្ធិធ្វើការ​ត​វ៉ាឲ្យ​តែ​ពួកគេ​ធ្វើ​ដោយ​ស្របច្បាប់។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” យើង​​​មិន​​​ហាម​​​ឃាត់​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​មិន​​​ឲ្យ​​​ធ្វើ​​​ការ​​​តវ៉ា​​​ឡើយ ពីព្រោះ​​​វា​​​ជា​​​សិទ្ធិ​​​របស់​​​ពួក​​​គេ​​​ ប៉ុន្តែ ពួក​​​គេ​​​ត្រូ​​​វតែ​​​គោរព​​​ច្បាប់”។

លោក អាត់ ធន់ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា លោក​​​ និ​​​ងលោកស្រី ឆេង ឡាង អនុ​​​ប្រធាន​​​សហ​​​ព័ន្ធ​​​សហ​​​ជីពឯករាជ្យជាតិ​​​នៃឧស្សាហកម្មវាយ​​​នភណ្ឌ​​​​​​​​កា​ត់ដេរកម្ពុជា​​​ស្ថិត​​​ក្នុង​​​ចំណោម​​​មនុស្ស​​​បី​​​នាក់​​​ដែល​​​បាន​​​បោះ​​​ឆ្នោត​​​ជំទាស់​​​នឹង​​​គម្រោង​​​នេះ​​​។ ការ​​​បោះ​​​ឆ្នោត​​​ធ្វើ​​​ឡើង​​​ដោយ​​​សម្ងាត់​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ពួកគេ​​​ប្រកាន់តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​ ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​ចាប់​​​ពីខែ​​​តុលា​​​ទៅ។

លោក អាត់ ធន់ បានមាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​សេចក្តី​​​សម្រេច​​​នៅ​​​ថ្ងៃ​​​នេះ​​​ទេ ពីព្រោះ​​​យើង​​​ចង់​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជូន​​​កម្មករ​​ក្នុង​​​​ឆ្នាំ​​​២០១៤​​​នេះ។ សមាជិក​​​គណៈ​​​កម្មការ​​​ប្រឹក្សា​​​ការងារ​​​ភាគ​​​ច្រើន​​​ចង់​​​អនុវត្ត​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ ប៉ុន្តែ យើង​​​ចង់​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​នៅ​​​ឆ្នាំ​​​នេះ​​​ ពី​​​ព្រោះ​​​អ្វី​​​ដែល​​​សមាជិកទាំងនេះ​​​ចង់​​​បាន​​​វា​​​ផ្ទុយ​​​ទៅ​​​នឹង​​​ការ​​​ទាម​​​ទារ​​​របស់​​​កម្មករ​​​”។

រដ្ឋាភិបាល​​​និង​​​រោង​​​ចក្រ​​​កំពុង​ពិចារណាដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​បច្ចុប្បន្ន​​​​​​ពី​​​១០០​​​ដុល្លារ​​​នេះ​បន្តិចម្តងៗ​​​។ លោក អាត់​​​ ធន់ បាន​​​មាន​​​ប្រសាសន៍​​​ថា សហ​​​ជីព​​​ឯករាជ្យ​​​នៅ​​​តែ​​​តាម​​​ទារ​​​ឲ្យ​​​ដំឡើង​​​ប្រាក់​​​ឈ្នួលភ្លាម​​​ៗ ដល់​​​១៦០​​​ដុល្លារ​​​។

ការ​​​តវា៉​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ទាមទារដំឡើង​ប្រាក់ឈ្នួលដល់​​​​​​១៦០​​​ដុល្លារ​​​បាន​​​​​​រាល​​​ដាល​​​ទូទាំង​​​ឧស្សាហ​​​កម្ម​​​នេះ​​​កាល​​​ពី​​​ចុង​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​វិស័យ​​​នេះ​​​ផ្អាក​​​ការ​​​ងារ​​​​​​​​​រយៈ​​​ពេល​​​ខ្លី​​​រហូត​​​ដល់​​កម្លាំង​សន្តិសុខ​​​បង្ក្រាប​​​ទៅលើ​​​បាតុកម្ម​​​កាល​​​ពីដើម​​​ខែ​​​មករា ដោយ​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​យ៉ាង​​​តិច​​​ប្រាំ​​​នាក់​​​ស្លាប់ និង​​​ច្រើន​​​នាក់​​​ទៀត​​​រងរបួស​​​។

លោកស្រី ឆេង ឡាង បាន​​​បញ្ជាក់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជំទាស់​​​នឹង​​គម្រោង​នេះ ដែល​​​ទី​​​បំផុត​​​ត្រូវ​​​បាន​​​អនុម័ត​​​យល់​​​ព្រម​​​ដោយ​​​គណៈកម្មការ​​​ប្រឹក្សា​​​ការ​​​ងារ​​​កាល​​​ពី​​​ម្សិលមិញ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា សហជីព​​​ដែលបាន​ជំទាស់​​​ទៅ​​​នឹង​​​គម្រោង​​​នេះមិន​​​ទាន់​​​សម្រេច​​​ថា តើ​​​ត្រូវ​​​បន្ត​​​ការ​​​តវ៉ា​​​ឬ​​​យ៉ាង​​​ណាឡើយ​​​។ លោក​ស្រី​​​បាន​​​និយាយ​​​ថា ” យើង​​​មិនទាន់​​​ច្បាស់​​​អំពី​​​ការ​​​តវ៉ា​​ទេ​​​ ពីព្រោះ​​​យើង​​​ត្រូវ​​​ពិភាក្សា​​​ជាមួយ​​​សហជីព​​​ផ្សេង​​​ៗ​​​ទៀត​​​”៕ សារុន​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post កំណត់​ពេល​ដំឡើង​ប្រាក់ឈ្នួល​ក្នុងវិស័យកាត់ដេរ​ ប៉ុន្តែ សហជីពមួយ​ចំនួន​ជំទាស់ appeared first on ខេមបូឌា ដេលី.


ប្តីប្រពន្ធ​ពីរនាក់​ត្រូវ​បាន​ផ្តល់​សំណង​ចំនួន​១០.០០០ដុល្លារ​ប​ន្ទាប់ពី​ដាក់ញត្តិទៅ​លោក​ ហ៊ុន សែន

$
0
0

យោង​​តាម​ក្រុមអ្នកភូមិ​បាន​ឲ្យ​ដឹងថា កាល​ពីសប្ដាហ៍មុន​សមាជិក​សភា​គណបក្ស​ប្រជាជនកម្ពុជា​មួយ​រូប​បាន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយមួយ​រវាង​អ្នក​ភូមិ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ភរិយា​លោក​ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​។​អ្នក​ភូមិ​ទាំង​នេះ​​បាន​លើក​ឡើង​ថា សមាជិក​សភា​រូប​នេះ​បាន​សន្យា​ផ្ដល់​​សំណង​​ច្រើន​ដល់​អ្នក​ភូមិ​ដែលនិយាយ​​ឥត​សំចៃពីរ​នាក់​​។

តំណាង​អ្នកភូមិ​៥២​គ្រួសារ​ដែលជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លីជាមួយ​ក្រុម​ហ៊ុន​ ខេឌីស៊ី​ របស់​អ្នកស្រី​ ជា ខេង ភរិយា​លោក​ ស៊ុយ សែម នោះ​បាន​មក​រាជ​ធានី​ភ្នំពេញ​កាលពី​សប្ដាហ៍​មុន ដើម្បី​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​ ដែល​មាន​រយៈពេល​ប្រាំពីរ​ឆ្នាំ​មក​ហើយ​។

យោងតាម​លោក ស្ងួន ញឿន ដែល​មក​ជាមួយ​ភរិយា​របស់​លោក កាលពី​ថ្ងៃ​ពុធ​បាន​ជួប​ជាមួយ​លោកស្រី ឡោ ខេង សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ក៏​ជា​អនុ​ប្រធាន​សាខា​កាក​បាទ​ក្រហម​រាជធានីភ្នំពេញដែរនោះបាន​ឲ្យ​ដឹង​ថា ​សំណើ​របស់​ពួកគាត់​ត្រូវ​បាន​ទទួលយក​​ហើយ។

លោក ញឿន បាន​មាន​ប្រសាសន៍​ថា ” [លោកស្រី​ ឡោ ខេង] បាន​ណែនាំ​ខ្លួនគាត់​​ប្រាប់​ខ្ញុំថា គាត់​ជា​សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​មួយ​រូប ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​តាំង​ឲ្យមក​ជួយ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​រវាង​យើង​និង​ក្រុម​ហ៊ុន​ ខេឌីស៊ី”។

យោងតាមលោក ញឿន បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​ខណៈ​ដែល​សមាជិក​សភា​រូប​នេះ​​សុខ​ចិត្ត​ផ្ដល់​ប្រាក់​ចំនួន​១០.០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ដី​របស់​ប្ដី​ប្រពន្ធរូប​នេះ​ លោកស្រី​ក៏​បាន​ប្រាប់​ពួក គាត់​ឲ្យ​ឈប់​តតាំង​ជាមួយ​អ្នកស្រី ជា ខេង ទៀត។លោក​បាន​បន្ថែម​ថា លោក​និង​ប្រពន្ធ​របស់​លោក​បាន​ច្រាន​ចោល​សំណងនេះ​។

លោក ញឿន បាន​និយាយ​ថា ” សំណង​នេះ​គឺ​តិច​តួច​ណាស់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​បាត់​បង់ រួម​មាន​ផ្ទះ​សំបែង ដីស្រែ និង​សាច់​ញាតិ​របស់​ខ្ញុំ។ ប៉ុន្តែ​លោកស្រី​​បាន​បំភិត​បំភ័យ​ខ្ញុំ ដោយ​និយាយ​ថា ខ្ញុំ​មិន​អាច​គេច​ខ្លួន​រួចឡើយ បើទោះ​ជា​ខ្ញុំ​មាន​ស្លាប​ហើរ​ក៏ដោយ ដែលខ្ញុំ​គិតថា ​ជា​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​ខ្ញុំ​”។

អ្នកស្រី អ៊ុំ សុភី ប្រពន្ធ​របស់​លោក ញឿន ជា​តំណាង​​អ្នក​ភូមិ​មកពី​ឃុំតាជេស ស្រុក​កំពង់​ត្រឡាច​ដែល​និយាយឥតសំចៃ ហើយ​កាលពី​សប្ដាហ៍​មុន​ក៏ស្ថិត​ក្នុង​ចំណោម​អ្នកភូមិ​ចំនួន​២២​គ្រួសារ​ដែល​បាន​ស្នើ​ឲ្យ​សាលា​ដំបូង​ខេត្ត​ទុក​ជា​មោឃៈ​នូវ​​ការ​ព្រម​ព្រៀង​ផ្ដល់​សំណង​ជា​មួយ​អ្នកស្រី ជា ខេង កាលពី​ដើម​ឆ្នាំ​នេះ ដោយ​អះអាង​ថា ការ​ព្រម​ព្រៀង​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ការ​គំរាម​កំហែង​។

លោក រាជ សីមា តំណាង​អ្នកភូមិ​ម្នាក់​ទៀត​ដែល​និយាយ​ឥតសំចៃ​ដែរ​បាន​និយា​យ​ថា លោក​បាន​ជួប​ជាមួយ​លោកស្រី ឡោ ខេង កាលពីថ្ងៃសៅរ៍ ហើយ​បាន​លើក​ឡើង​ថា លោក​សុខ​ចិត្ត​ទទួល​យក​សំណង​ជា​ប្រាក់​ចំនួន​២.០០០​ដុល្លារ និង​ផ្ទះ​ថ្មីមួយ​ខ្នង​នៅ​លើ​ដី​ទំហំ​៤០០​ម៉ែត្រក្រឡា។

លោក​បាន​និយាយ​ថា ក្នុង​នាម​ខ្ញុំ​ជាតំណាង​អ្នកភូមិ​ ខ្ញុំ​នឹង​យក​រឿង​នេះ​ទៅពិគ្រោះ​ជាមួយ​អ្នកភូមិ​ដែលបាន​​យល់​ព្រមថា ​ខ្ញុំគួរ​ទទួល​យក​សំណង​ ដើម្បី​ចៀស​ពី​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់ខ្ញុំ​ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ដាក់ពាក្យ​បណ្ដឹង​បំភិត​បំភ័យ​ខ្ញុំ​ជាច្រើន​លើក និង​មាន​ការ​គំរាម​កំហែង​ពីសមាជិក​សភារូបនេះ​ទៀត​។ លោក រាជ សីមា បាន​និយាយ​ថា ការ​ដោះ​ដូរ​នឹង​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ពុធ នៅ​សាលា​ស្រុក​កំពង់ត្រឡាច។

ទាំង​លោកស្រី ឡោ ខេង និង​អ្នកស្រី ជា ខេង មិន​អាច​ទាក់​ទង​សុំអត្ថាធិប្បាយ​បាន​ទេ​។ ប៉ុន្តែ​លោក ហ៊ុល ចាន់ថូ អតីត​អភិបាល​ស្រុក​ដែល​ឥឡូវ​េនះ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក បាន​មាន​ប្រសាសន៍​ថា ការ​អន្តរាគមន៍​របស់សមាជិក​សភា​រូប​នេះ​បង្ហាញ​ថា វិវាទ​ដីធ្លី​ដែល​មាន​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​នោះ​ជិត​បញ្ចប់​ហើយ​។ លោក​បានមាន​ប្រសាសន៍​ថា “ប្រសិន​បើ​មាន​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ខ្ញុំ​មាន​ជំនឿ​ថា ករណី​នេះពិត​ជា​បញ្ចប់”៕ សារុន​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ប្តីប្រពន្ធ​ពីរនាក់​ត្រូវ​បាន​ផ្តល់​សំណង​ចំនួន​១០.០០០ដុល្លារ​ប​ន្ទាប់ពី​ដាក់ញត្តិទៅ​លោក​ ហ៊ុន សែន appeared first on ខេមបូឌា ដេលី.

អ្នក​ឃ្លាំ​មើល​រោង​ចក្រ​និយាយថា ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​មិន​គោរព​ច្បាប់

$
0
0

ចំនួន​​​កូដកម្ម​​​នៅ​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​បាន​​​កើន​​​ឡើង​​​បី​​​ដង​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០១១​​​ ហើយ​​​ក្នុង​​​ចំណោម​​​កូដ​​​កម្ម​​​ទាំង​​​១០៨​​​លើក​​​ ដែល​​​បាន​​​កើត​​​ឡើង​​​នៅ​តាម​​​រោង​​​ចក្រ​​​ដែល​​​ត្រូវ​​​បាន​​​ឃ្លាំ​​​មើល​​​ដោយ​​​កម្មវិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​របស់​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​នេះ​​​ សុទ្ធ​​​តែ​​​បំពាន​​​ច្បាប់​​​ការ​​​ងារ​ទាំង​អស់​​​។

ប៉ុន្តែ គណៈ​​​គ្រប់​​​គ្រង​រោង​ចក្រ​​​ក៏​​​ដើរ​​​តួ​​​នាទី​​​សំខាន់​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​ទំនាក់​​​ទំនង​​​មិន​​​ល្អ​​​នៅ​​​ក្នុង​​​ឧស្សាហ​​​កម្ម​​​នេះ​​​ដែរ​​​ នេះ​​​បើ​​​យោង​​​តាម​​​របាយការណ៍​​​សំ​​​យោគ​​​លើក​​​ទី​​​៣១​​​របស់​​​កម្មវិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​ស្តី​​​ពី​​​កម្ពុជា​​​ ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិលមិញ។

របាយការណ៍​​​នេះ​​​បាន​​​រក​​​ឃើញ​​​ថា ចន្លោះ​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​ឧសភា​​​ ឆ្នាំ​​​២០១៣​​​ ដល់​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​​​​មេសា ឆ្នាំ​​​នេះ​​​​​​​​​ គណៈ​​​គ្រប់​​​គ្រង​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរសម្លៀក​បំពាក់​​​ចំនួន​​​៣៦២​​​ និង​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​ចំនួ​​​ន​​​ប្រាំ​​​បួន​​​ដែល​​​ខ្លួន​​​ឃ្លាំ​​​មើល​​​ កែលម្អ​បាន​​តិច​​​តួច​​​ចំពោះ​ការ​​​ការ​​​ពារ​​​សិទ្ធិកម្មករ​​​។

លោក​​​ស្រី​​​ ជិល ថាក់​​​ឃើ ទី​​​ប្រឹក​​​្សា​​​ជាន់​​​ខ្ពស់​​​ផ្នែក​​​បច្ចេក​​​ទេស​​​នៅ​​​កម្ម​វិធី​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​នៅ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយការណ៍​​​នេះ​​​ថា ” របាយការណ៍​​​នេះ​​​បង្ហាញ​​​ពី​​​ឆ្នាំ​​​ល្អ​​​ និង​​​​​​ឆ្នាំ​​​អាក្រក់​​​សម្រាប់​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ គឺ​​​ឆ្នាំ​​​ដែល​​​មាន​​​កំណើន​​​ខ្ពស់​​​ ​​​ឆ្នាំ​​​ដែល​​​ត្រូវ​​​បាន​​​រារាំង​​​ដោយ​​​មហា​​​កូដ​​​កម្ម​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល និង​​​ឆ្នាំ​ដែល​មាន​ការ​​​កែ​​​លម្អ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​​​​មួយ​​​ច​​​ំនួន​​​តូច​​​ចំពោះ​​​លក្ខខណ្ឌ​​​ការងារ​​​”។

កាល​​​ពី​​​ខែ​​​វិច្ឆិកា និង​​​ខែ​​​មករា​​​​​​​​​ មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​ត្រូវ​​​បាន​​​សម្លាប់​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​របស់​​​កម្មករ​​​រោង​ចក្រ​កាត់​​​ដេរ​​ដើម្បី​ទាម​ទារ​​​​​​លក្ខ​​​ខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើរ​​​និង​​​ទាម​ទារ​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​។ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ការ​​​រលំបាក់​​​ពិដាន​​​មួយ​​​ផ្នែក​​​នៅ​​​រោង​​​ចក្រ​​​វីង​​​ស្តារ​​​ ក្នុង​​​ខេត្ត​​​កំពង់​ស្ពឺ​​​ក៏​​​បណ្តាល​​​ឲ្យ​​​កម្មករ​​​ស្លាប់​​​ពីរ​​​នាក់​​​ផង​​​ដែរ​​​។

ទោះ​​ជា​​​យ៉ាង​​​ណា លោកស្រី ថាក់​​​ឃើ បាន​​​បន្ថែម​​​ថា មានការ​​​ផ្លាស់​​​ប្តូរ​​​មួយ​​​ច​​​ំនួន​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ក្រោយ​​​ពី​​​មានការ​​​ចេញ​​​ផ្សាយ​​​របាយការណ៍​​​តម្លា​​​ភាព​​​លើក​​​ដំបូង​​​របស់​​​កម្ម​​​វិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​កាល​​​ពី​​​ខែ​​​មីនា ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៥​​​មក​​​។ របាយការណ៍ ដែល​​​បញ្ចេញ​​​ឈ្មោះ​​​រោង​​​ចក្រ​​​ដែល​​​មិន​​​គោរព​​​ច្បាប់​​​ជា​​​សាធារណៈ​​​នេះ​​​បាន​​​រក​​​ឃើញ​​​ថា រោង​​​ចក្រ​​​ចំនួន​​​១០​​​ក្នុង​​​ចំណោម​​​រោង​​​ចក្រ​​​ចំនួន​​​៦១​​​ដែល​​​ត្រូ​​​វ​​​បាន​​​ឃ្លាំ​​​មើល​​​​​​មាន​​​ការ​​​គោរព​​​ច្បាប់​​​តិច​​​តួច​​​ណាស់។

របាយការណ៍​​​សំយោគ​​​នេះ​​​បង្ហាញ​​​ពី​​​ការ​​​កើន​​​ឡើង​​​ចំនួន​​​រោង​​​ចក្រ​​​ដែល​​​មានការ​ធ្វើ​​​កូដ​​​កម្ម​​​ គឺ​​​មាន​​​ចំនួន​​​២៤​​​ភាគ​​​រយ​​​ ​​​កើ​​​ន​​​ឡើង​​​ពី​​​១៩​​​ភាគ​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន។ មាន​​​ការ​​​កែ​​​លម្អ​​​មិន​​​ច្រើន​​​ទេ​​​ចំពោះ​ម៉ោង​ធ្វើ​​​ការ​ថែម​​​​​​ម៉ោង ខណៈដែល​​​រោង​​​ចក្រ​​​ជាង​​​២០​​​ភាគ​​​រយ​​​ទៀត​​​នៅ​​​តែ​​​បិទ​​​ច្រក​​​ចេញ​គ្រា​​​អាសន្ន។

កម្ម​​​វិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​នៅ​​​កម្ពុជា​​​បាន​​​លើ​​​ក​​​ឡើង​​​ថា មាន​​​កង្វល់​​​​បី​យ៉ាង​សំខាន់ៗ​ចំពោះ​ការ​​​គោរព​​​សិទ្ធិ​​​កម្មករ​​ ការ​​​កើន​​​ឡើង​​ករណី​​​ពល​​​កម្ម​​​កុមារ​​​ ការ​​​កើន​​​ឡើង​​​ចំនួន​​​រោង​​​ចក្រ​​​ដែល​​​រើស​​​អើង​​​ចំពោះ​​​កម្មករ​​​ដោយ​ផ្តល់​​​កិច្ច​​​សន្យា​​​ការងារ​​​រយៈ​​​ពេល​​​ខ្លី​​​ និ​​​ង​​​ការ​​​កើន​​​ឡើង​​​ចំនួន​​​កូដ​​​កម្ម​​​ដែ​​​ល​​​មិន​​​អនុវត្ត​​​តាម​​​ច្បាប់​​​។

លោក កែន លូ អគ្គលេខាធិការ​​​សមា​​​គម​​​រោ​​​ង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា បាន​​​អបអរសាទរ​​​ចំពោះ​​​ការ​​​រក​​​ឃើញ​​​របស់​​​កម្មវិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើ​​រ​​​នៅ​​​កម្ពុជា អំពី​​​កូដ​​​កម្ម​​​ខុស​​​ច្បាប់​​​។ លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  ” យើង​​​បាន​​​ស្នើ​​​សុ​​ំ​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុវត្ត​​​​​​ច្បាប់​​​ និ​​​ង​​​បទ​​​ប្ប​​​ញ្ញត្តិ​​​​​​ពាក់​​​ព័ន្ធ​​​​​​កូ​​​ដ​​​កម្ម ជា​​​ពិសេស​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​តម្រូវ​​​ឲ្យ​​​មាន​កូដ​​​កម្ម​​​ស្រប​​​តាម​​​ច្បាប់​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សមា​​​គម​​​​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​​​បង្ហាញ​​​ពី​​​កា​​​យ​​​វិកា​​​រល្អ​​​ប្រសើ​​​រ​​​​មួយ​ចំនួន​រួច​​​ហើយ​​​ ដូច​​​ជា​​​ការ​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​អនុស្ស​​​រណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​ជា​​​មួយ​​​សហជីព​​​ដើម្បី​​​ឲ្យ​​​ភាគ​​​ី​​​ទាំង​​​ពីរ​​​គោរ​​​ព​ច្បាប់​​​ការ​​​ងារ និ​​​ង​​​ដំណើរ​​​ការ​​​ត្រឹម​​​ត្រូវ​​​​​​របស់​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញា​​​កណ្តាល៕ គឹម​​​ហឿន​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post អ្នក​ឃ្លាំ​មើល​រោង​ចក្រ​និយាយថា ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​មិន​គោរព​ច្បាប់ appeared first on ខេមបូឌា ដេលី.

លោក​ ហ៊ុន​ សែន ប្រដូច​គណបក្ស​សង្គ្រោះជាតិ​ទៅ​នឹង​ក្រុម​សង្គម​ងងឹត​ម៉ាហ្វីយ៉ា ជុំវិញ​ការ​ជាប់​គាំង​ផ្នែក​​នយោបាយ​

$
0
0

កាលពីម្សិលមិញ​ ​អំឡុង​ទិវា​មច្ឆជាតិ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​ធ្ងន់​ៗ​រិះគន់​​គណបក្ស​សង្គ្រោះជាតិ​ ដោយ​ប្រៀប​ធៀប​គណបក្ស​នេះ​ទៅ​នឹង​ក្រុម​សង្គម​ងងឹត​ម៉ាហ្វីយ៉ា ហើយ​ស្នើ​ឲ្យ​គណបក្ស​នេះ​បង្កើត​រដ្ឋមួយ​ផ្សេង​ទៀត​នៅ​ ” ឋាន​ព្រះចន្ទ”។

នៅ​មុន​ពេល​លែង​កូន​ត្រី​រាប់ពាន់​ក្បាល​ចូល​ទៅ​ក្នុង​បឹ​ង​ក្ដុល​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង លោក​នាយក​រដ្ឋមន្ត្រី ដែល​ដូចសព្វ​មួ​យ​ដង​មិន​បញ្ចេញ​ឈ្មោះ​គណបក្ស​នេះ​ដោយ​ចំៗ​ បាន​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះជាតិ​ថា ព្យាយាម​កំណត់​លក្ខខណ្ឌ​នៅ​ក្នុង​ការ​ចរចា​ដើម្បី​បំបែក​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​ ចាប់​តាំងពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ឆ្នាំ​មុន​មក និង​សូម្បី​ក្រោយ​ពីការ​ចាញ់​ឆ្នោត​។

លោក ហ៊ុន សែន និង​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​ដែល​បាន​កាន់​អំណាច​ជា​យូរ​មក​ហើយ​នោះ បាន​ឈ្នះ​ការ​បោះ​ឆ្នោ​​ត​ជា​ផ្លូវ​ការ​ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​ចោទ​ប្រកាន់​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា ប្រើ​ល្បិច​លួច​បន្លំ​ដើម្បីទទួល​បាន​ជ័យ​ជម្នះ​។ គណបក្ស​ប្រឆាំង​បាន​បដិសេធ​មិន​ទទួល​យក​អាសនៈ​ចំនួន​៥៥​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​ ដែ​ល​មានអាសនៈ​សរុប​​១២៣​ចាប់​តាំងពីពេល​នោះ​មក ហើយ​ការ​ចរចា​ដើម្បី​ឈាន​ដល់​ការ​បែង​ចែក​អំណាច​ និង​ការ​ព្រម​ព្រៀង​ធ្វើ​កំណែទម្រង់​បោះ​ឆ្នោត​ មិនទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ទេ។

បញ្ហា​ចុង​ក្រោយ​បំផុត​ គឺ​នៅ​ត្រង់​ថា គណបក្ស​ប្រឆាំង​ទាម​ទារ​ឲ្យ​មាន​ការ​អនុម័ត​ដោយ​សំឡេង​ពីរ​ភាគ​បី​នៅ​ក្នុង​រដ្ឋសភា​សម្រាប់​រាល់​ការ​តែង​តាំង​សមាជិកគណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត(គ.ជ.ប.) ដែលមាន​និន្នាការ​នយោបាយ​យ៉ាង​ខ្លាំង​ និង​ដែ​ល​​គ្រប់​គ្រង​ដោយ​មន្ត្រី​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​។ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ម្សិលមិញ​ថា ការ​ទា​ម​ទារ​នេះ​គឺ​មិន​អាច​ទៅ​រួច​ឡើយ។

លោក​មាន​ប្រសាសន៍​ថា ” យើង​នៅ​តែ​បើក​ទ្វារ​ចំហ​សម្រាប់​ការ​ចរចា ប៉ុន្តែ​អ្នក​ឯង​មិន​ត្រូវ​និយាយ​រឿង​ពីរ​ភាគបី​ទេ។ អ្នក​ឯង​និយាយ​ថា បើ​អ្នក​ឯង​មិន​បាន​ពីរ​ភាគ​បី​ អ្នក​ឯង​នឹង​មិន​ចូល​ [សភា]​​​​​​​ ហីទៅ​។ ឥឡូវ​អ្នក​ឯង​មិនទាន់​ចូល​ ខ្ញុំ​មិនទាន់​ងាប់ឯណា​ ប្រជា​ជន​ខ្មែរ​ក៏​មិនទាន់​ងាប់​ដែរ​។ ធ្វើ​ឯង​ដូច​ជា​មេ​ម៉ាហ្វីយ៉ា​ម៉េច​ បាន​សំឡេង​ប៉ុណ្ណឹង​ ចាញ់​គេ រួច​ហើ​យ​មក​បង្ខំ​គេ​ឲ្យ​ធ្វើ​តាម​ខ្លួន”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​ទាម​ទារ​​ពីរ​ភាគបី​ គឺ​កាន់​តែ​ធ្វើ​ឲ្យ​ជាប់​គាំង​ទៅវិញ​ទេ និង​ “សម្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​”។ គណបក្ស​ប្រឆាំង​អះអាង​ថា វា​ជា​វិធី​តែមួយគត់​ដើម្បីធានា​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​បន្ត​គ្រប់​គ្រង​ប្រព័ន្ធបោះ​ឆ្នោត​។

នៅ​ក្នុង​រយៈពេល​ប៉ុ​ន្មាន​សប្ដាហ៍ថ្មីៗ​នេះ​ លោក ហ៊ុន សែន បាន​យល់​ព្រម​តាម​សំណើ​របស់​គណបក្ស​សង្គ្រោះជាតិ ដែ​លសុំ​ប​ង្កើត​ស្ថានីយ​ទូរទស្សន៍មួយ​ដើម្បីទប់​ទល់​នឹង​ស្ថានីយ​ទូរទស្សន៍ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្នដែល​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​។ គណ​បក្ស​សង្គ្រោះជាតិ​បាន​ច្រាន​ចោល​ភ្លាមៗ​នូវ​សម្បទាន​ដ៏តូច​តាច​នេះ ហើយ​បាន​លើក​ឡើង​ថា ខ្លួន​ត្រូវ​តែ​មាន​ចំណែក​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​កំណែទម្រង់ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ​ឆ្ងាយ​។

លោក​ ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅវិញ​កាលពីម្សិលមិញ​ថា “ពេល​នេះពួក​​គេ​និយាយ​ថា គេ​មិន​ចង់​បាន​ អ៊ីចឹង​អ្នក​ឯង​អាច​ទៅ​បង្កើត​រដ្ឋមួយ​ផ្សេង​ទៀត​បាន​នៅ​ឋាន​ព្រះចន្ទ​​”។

បន្ទាប់​មក​លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា ពេ​ល​នេះ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ដក​បម្រាម​លើ​អ្នក​គាំទ្រ​របស់​ខ្លួន​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ហើយ ដើម្បី​ប្រជែង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូល​ចិត្ត​ធ្វើ​ការ​តវ៉ា​។ លោក​បាន​មាន​ប្រសាសន៍​ដោយ​មិន​បញ្ជាក់​លម្អិត​ថា ” ពីមុន​ខ្ញុំហាម ប៉ុន្តែ​ពេល​នេះ​ខ្ញុំលែង​​ហាមហើយ​​”។

រដ្ឋាភិបាល​បាន​ហាម​ប្រាម​ការ​តវា៉​កាលពី​ដើម​ខែ​មករា បន្ទាប់ពី​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ការ​ហែក្បួន​ជា​បន្ត​បន្ទាប់​នៅទូទាំង​រាជធានី​ភ្នំពេញ​ ដើម្បីអំពាវ​នាវ​ឲ្យ​លោក​ ហ៊ុន សែន ចុះចេញពី​អំណាច​ និង​បាតុកម្ម​ក្នុង​វិស័យ​កាត់​ដេរ​ដើម្បីទាម​ទារ​ដំឡើង​ប្រាក់​ខែ​ ដែល​គាំទ្រ​ដោយ​គណបក្ស​សង្គ្រោះជាតិ ហើយ​បាតុកម្ម​មួយ​ចំនួន​ក្នុ​ង​ចំណោ​ម​នោះ​បាន​ផ្ទុះ​អំពើ​ហិង្សា។

លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​ច្រាន​ចោល​ដែរចំពោះ​សេចក្ដី​រាយការណ៍​មិន​បញ្ជាក់​ប្រភព​ច្បាស់​លាស់​​ដែល​លើក​ឡើង​​​ថា រដ្ឋាភិបាល​ខ្វះ​ប្រាក់​បើក​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​ និង​ប្រើ​​ប្រាស់​ជំនួយ​បរទេស​ មិន​ថាហិរញ្ញប្បទាន​ឥត​សំណង ឬឥណទានឡើយ​​ ​សម្រាប់​បើក​ប្រាក់​ខែ​ក្នុង​វិស័យ​សាធារណៈ​។ លោក ហ៊ុន សែន បានមាន​ប្រសាសន៍​ថា ” គេ​ស្មា​ន​ថាយើង​យក​ជំនួយ​បរទេស​ទៅ​បើក​ប្រាក់​ខែ។ មួយ​ជីវិត​របស់​យើង​ហើយ​ យើង​មិន​ទៅ​ទទួល​ជំនួ​យ​បរទេស​មក​បើក​ប្រាក់​ខែ​ទេ ហើយ​ក៏គ្មាន​បរទេសណា​​ផ្ដល់​ជំនួយ​ដល់​យើង​សម្រាប់​បើក​ប្រាក់​ខែ​នោះដែរ​”។

ជាការ​ពិត​ ក្នុង​រយៈពេល​ពីរ​បីឆ្នាំ​មក​នេះ ម្ចាស់​ជំនួយ​បរទេសបាន​ផ្ដល់​មូលនិធិ​ដើម្បី​ឧបត្ថម្ភពីលើ​ប្រាក់​ខែ​របស់​មន្ត្រីរាជការ​​មួយ​ចំនួន​ដែល​ធ្វើការ​នៅ​ក្នុង​គម្រោង​ទទួល​បាន​មូលនិធិ​ពីម្ចាស់​ជំនួយ​ ជាវិធីមួយដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ និង​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​កុំឲ្យ​ពួកគេ​យក​ម៉ោង​ការ​ងារ​រដ្ឋ​ទៅ​ធ្វើការ​ងារ​ទី២ ឬការ​ងារ​ទី៣ ដែល​ទទួល​បាន​កម្រៃ​ច្រើន​ជាង​នៅ​ក្នុង​វិស័យឯកជន​។

ទោះជាយ៉ាង​ណា ​យោង​តាម​អ្នក​​ស្និទ្ធ​នឹងកិច្ច​ប្រឹង​ប្រែង​នេះបាន​ឲ្យ​ដឹង​ថា ប្រាក់​ឧបត្ថម្ភ​បន្ថែម​នេះ​បានត្រូវ​​ផ្អាក ​ដោយ​សារ​តែ​មាន​ការ​ប្រជែង​គ្នា​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​វិធី​បែង​ចែក​ប្រាក់​ឧបត្ថម្ភនេះ៕ សុខុម​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post លោក​ ហ៊ុន​ សែន ប្រដូច​គណបក្ស​សង្គ្រោះជាតិ​ទៅ​នឹង​ក្រុម​សង្គម​ងងឹត​ម៉ាហ្វីយ៉ា ជុំវិញ​ការ​ជាប់​គាំង​ផ្នែក​​នយោបាយ​ appeared first on ខេមបូឌា ដេលី.

ការរឹត​បន្តឹង​នៅ​តាម​ព្រំដែន​របស់​របប​យោធា​ថៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​សីុ​របស់​ពល​រដ្ឋខ្មែរ

$
0
0

ក្រុង​​​ប៉ោយ​​​ប៉ែត-​​​មុន​​​ពេល​​​របប​យោធា​​​ថៃ​​ឡើង​កាន់​​​អំណាច​​​កាល​​​ពី​​​ចុង​​​ខែ​​​ឧសភា លោក ពេជ្រ​​​ អាយុ​​​៤៥​​​ឆ្នាំ​​​​​​ជា​​​គ្រូ​​​បង្រៀន​​មក​​​ពី​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ធ្លាប់​​​ចូល​​​រួ​​​ម​​​តម្រង់​​​ជួរ​​​រថយន្ត​​​ប្រហែល​​​៤០០​​​គ្រឿង​​​នៅ​​​ច្រក​​​ទ្វារ​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​ដើម្បី​​​ចូល​​​ទៅ​​​ប្រទេស​​​ថៃ​​​។

លោក ពេជ្រ បើក​​​រថយន្ត​ដឹក​​​ប្រពន្ធ​​​របស់​​​គាត់​​​ទៅ​​​លក់​​​ដូរ​​​នៅ​​​ផ្សារ​​​រុង​​​គ្លឿ ​​​​​​នៅ​​​ទី​​​ប្រជុំ​​​ជន​​អារាញ់​​​ប្រថេត​​​ នៅ​​​ជិត​​​ព្រំដែន និង​​​មាន​​​ប័ណ្ណ​​​ឆ្លង​​​កាត់​​​ពិសេស​​​នៅ​​​ក្នុង​​​រថយន្ត​​​របស់​​​លោក​​​ដែល​​​បង្ហាញ​​​ថា វា​​​ជា​​​រថយន្ត​​​របស់​​​អាជីវករ​​​។

ប៉ុន្តែ បន្ទាប់​​​ពី​​​ដាក់​​​ប្រពន្ធ​​​គាត់​​​ចុះ​​​ហើយ​​​ គាត់​​​បើក​​​បរ​​​ឆ្ពោះ​​​ទៅ​​​ស្ថាន​​​ីយ​​​ប្រេងឥន្ធនៈ​ដើម្បី​​​បញ្ចូល​​​​​​ហ្គាស​​​ចំនួន​​​៦០​​​គីឡូក្រាម​​​​​​ទៅ​​​ក្នុង​​​ធុង​​​ហ្គាស​​​រថយន្ត​​​​​​របស់​​​គាត់ ហើយ​​​គាត់​​​អាច​​​យក​​​វា​​​មក​​​លក់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ប្រាក់​​​កម្រៃច្រើន​​​។ហ្គាស​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ត្រូវ​​​បាន​​​ផ្តល់​​​ឧបត្ថម​​​្ភ​​​ធន​ជាច្រើន។​គាត់​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​មក​​​បី​​​ឬ​​​បួន​​​ដង​​​ក្នុង​​​មួយ​​​ថ្ងៃ​​​​​ដោយ​​​មាន​​​ ឬមិន​​​មាន​​​​​​ប្រពន្ធ​​​របស់​​​គាត់​​​ជិះ​​​ក្នុង​​​រថយន្ត​​​នោះ ហើយ​​​គាត់​​​អាច​​​រក​​​ប្រាក់​​​ចំណេញ​​​បាន​​​រហូត​​​៦០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។

នៅ​​​ពេល​​​ដែល​​​យោធា​​​ថៃ​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​តឹង​​​រឹុង​​​នៅ​​​តាម​​​ព្រំដែន​​​ និង​​​មក​​លើ​​​ជន​​​អន្តោ​​​ប្រវេសន៍​​​​​​ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​បាន​​​ឡើង​​​កាន់​​​អំណាចនោះ យោធា​​​ថៃ​​​ក៏​​​បាន​​​បង្ក្រាប​​​យ៉ាង​​​តឹង​​​រឹុង​​​​​លើ​​​ការ​​​រត់​​​ពន្ធ​​​ហ្គាស រារាំង​​​អ្វី​​​ដែល​​​ជា​​​ឱកាស​​​រក​​​ស៊ី​​​កាក់​​​កប​​​សម្រាប់​​​អ្នក​​​រស់​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​ ដែល​​​មាន​ប័ណ្ណសម្រាប់​​​​​​​​ចូល​​​​​​​​​។

លោក​​​ ពេជ្រ​​​ ដែល​​​សុំ​​​ឲ្យ​​​បញ្ចេញ​​​តែ​​នាម​​​ខ្លួន​​​​​​របស់​​​គាត់​​​ពីព្រោះ​​​គាត់​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​សកម្ម​​​ភាព​​​ខុស​​​ច្បាប់​​​បាន​​​និយាយ​​​ថា ” ការ​​​ដឹក​ហ្គាស​​​ជួយ​​​កាត់​​​បន្ថយ​​​ភាព​​​ក្រី​​​ក្រ​​​ពីព្រោះ​​​យើង​​​រក​​​បាន​​​ពី​​​​​​៤០០​​​ទៅ​​​៥០០​​​បាត​​​ក្នុង​​​មួយ​​​ជើង​​​។ ចាប់​តាំងពី​​​ពួកគេ​​​ហាម​​​ឃាត់​​​​​​​​​យើង​មក វា​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​ជីវភាព​​​របស់​​​យើង​​​​​”។ នៅ​​​តាម​​​ផ្លូវ​​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ និង​​​មនុស្ស​​​ស្ទើរ​​​គ្រប់​​​គ្នា​​​ចាប់​​​ពី​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​រហូត​​​ដល់​​​អ្នក​​​លក់​​​កាហ្វេ​​​អាច​​និយាយ​ប្រាប់​ភ្លាមៗ​​​ពី​​​តម្លៃ​​​ហ្គាស​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​នៅ​​​តាម​ព្រំដែន។​​​ មានភាព​​​ខុស​​​គ្នា​​​ច្រើន​​​។នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ដែល​​​ហ្គាស​​​ទទួល​​​បាន​​​ឧបត្ថម្ភ​​​ធន​ច្រើន​​​ពី​​​មូល​​​និធិ​​​ប្រេង​​​របស់​​​រដ្ឋាភិបាល​​​នោះ​​​ តម្លៃ​​​ហ្គាស​​​ក្នុង​​​មួយ​​​​​​គីឡូ​​ក្រាម​​​គឺ​​​២២,៦០​​​បាត​​​។ នៅ​​​កម្ពុជា ជា​​​ធម្មតា​​​​ហ្គាស​មាន​តម្លៃ​​​ប្រហែល​​​២៩​​​បាត​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម។

លោក ពេជ្រ ស៊ី​​​ធរ​​​ អនុប្រធាន​​​នគរបាល​​​អន្តោ​​​ប្រវេសន៍​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ជា​​​ធម្មតា​​​មាន​​​រថយន្ត​​​តម្រង់​​​ជួរ​​​យ៉ាង​​​វែង​​​រង់​​​ចាំ​​​ចូល​​​ទៅ​​​ទិញ​​​ហ្គាស​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​។ ចាប់តាំង​​​ពី​​​ភាគ​​​ី​​​ថៃ​​​ហាម​​​ឃាត់​​​រថយន្ត​​​ក្នុង​​​ស្រុក​​​យើង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ទិញ​​​ហ្គាស​​​អស់​​​រយ​​​ៈ​​​ពេល​​​មួយ​​​ខែ​​​មក​​​នេះ វា​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដោយ​​​ស្វ័យប្រវត្តិ​​​ដល់​​​ការ​​​រកស៊ី​​​ និង​​​ប្រាក់​​​ចំណេញ​​​របស់​​​អាជីវ​​​ករ​​​ពី​​​មួយ​​​ថ្ងៃ​​​ទៅ​​​មួយ​​​ថ្ងៃ”។

កាល​​​ពី​​​ច​​​ុង​​​ខែ​​​ឧសភា  ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​យោធា​​​ថៃ​​​​​​ឡើង​​​កាន់​​​អំណាច លោក គោ​​​ស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​មាន​​​រថយន្ត​​​ប្រហែល​​​៤០០​​​គ្រឿង​​​ឆ្លង​​​ដែន​​​ទៅ​​​ទិញ​​​ហ្គាស​​​យក​​​មកល​​​ក់​​​នៅ​កម្ពុជា​​​។

លោក​​​ បាត់​​​ ជីវ អ្នក​​​បើក​​​បរ​​​ដែល​​​ធ្វើ​​​ដំណើរ​​​ញឹក​​​ញាប់​​​រវាង​​​ក្រុង​​​​​​ប៉ោយ​​​ប៉ែត​​​ និង​​​ក្រុង​​​ភ្នំ​​​ពេញ​​​បាន​​​​​​និយាយ​​​ថា មនុស្ស​​​ភា​​គ​​​ច្រើន​​​ដែល​​​មាន​​​រថយន្ត​​​​​​បាន​​​រត់​​​ពន្ធ​​​ហ្គាស​​​មក​​​ពី​​​ប្រទេស​​​ថៃ។គាត់​​​បាន​​​និយាយ​​​ថា ហ្គាស​ថោក​​​​​​ជួយ​​​ឲ្យ​​​គាត់​​​រកស៊ី​​​បាន។ គាត់​​​បាន​​​និយាយ​​​ថា “ឥឡូវ​​​នេះ​​​មាន​​​បញ្ហា​​​ ពី​​​ព្រោះ​​​ហ្គាស​​​នៅ​​​ប៉ោយ​​​បែ៉ត​​​មាន​​​តម្លៃ​​​កាន់​​​តែ​​​ថ្លៃ​​​។ មនុស្ស​​​ភាគ​​ច្រើន​​​នៅ​​​ក្រុង​​​នាំ​​​គ្នា​​​ទៅ​​​ទិញ​​​ហ្គាស​​​ពី​​​ប៉ោយ​​​ប៉ែត​​​ដើម្បីយកទៅ​​​លក់​​​នៅ​​​តំបន់​​​ផ្សេង​​​ទៀត​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​គេ​​​បាន​​​ដឹង​​​ពី​​​ស្ថានភាព​​​នៅ​​​តាម​​​ព្រំដែន ហើយ​​​បាន​​​ដំឡើង​ថ្លៃ​​​ដោយ​​​ខ្លួន​​​ឯង​​​”។

យោង​​​តាម​​​លោក​​​ ពេជ្រ បាន​​​ឲ្យដឹង​​​ថា តម្លៃ​​​កើន​​​ឡើង​​​ពី​​​ប្រហែល​​​២៩​​​បាត​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​ទៅ​​​៣៦​​​បាត​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​ក្នុង​​​រយៈពេល​​​មួយ​​​ខែ​​​នេះ គឺ​​​កើន​​​ឡើង​​​ប្រហែល​​​០,២២​​​ដុល្លារ​​​។ គឹម​​​ ហ័ង ជា​​​អ្នក​​​លក់​​​ហ្គាស​​​នៅ​​​ជិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រក​​​ទ្វារ​​​ព្រំដែន​​​បោ៉យ​​​ប៉ែត​​​បាន​​​និយាយ​​​ថា តម្លៃ​​​ហ្គាស​​​បាន​​​កើន​​​ឡើង​​​ចន្លោះ​​​ពី​​​៣២​​​ទៅ​​​៣៦​​​បាត​​​​​​។

សា​​​រ័ត្ន អតីត​​​អ្នក​​​រត់​​​ពន្ធ​​​ម្នាក់​​​ទៀត​​​ដែល​​​មាន​​​ប្រពន្ធ​​​ជា​​​អាជីវករ​​​នៅ​​​ប្រទេស​​​ថៃ​​​ដែរ​​​នោះ​​​បាន​​​និយាយ​​​ថា គាត់​​​មាន​​​ការ​​​រួញ​​​រា​​​​ដោយសារ​​​យោធា​​​ថៃ​​បាន​កំណត់​​​តម្លៃ​ផាក​ពិន័យ​​ថ្មី​​​ចំនួន​​​៥០​​​.០០០​​​បាត​​ចំពោះ​​​រថយន្ត​​​ណា​​​ដែល​​​ចាប់​​​បាន​​​ពេល​​​ដឹក​​​ហ្គាស​​​ពី​​​ប្រទេស​​​ថៃ​​​មក​​​កម្ពុជា​​​។នៅ​​​ឱកាស​​​ល្អ​​​គាត់​​​បាន​​​នាំ​​​ហ្គាស​​​មួយ​​​ធុង​​​ទម្ងន់​​​៥០​​​គីឡូ​​​ក្រាម​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ចំណេញ ៩,៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។​​​ គាត់​​​បាន​​​និយាយ​​​ថា ” យោធា​​​ថៃ​​​តឹងរឹុង​​​ណាស់​​​”។

ដោយសារ​​​រថយន្ត​​​ ​​​សូម្បី​​​តែ​​​អ្នក​​​ដែល​​​មាន​​​ប័ណ្ណ​​​ចូល​​​ទៅ​លក់ដូរ​​​នៅ​​​ផ្សារ​​​រុង​​​គ្លឿ ត្រូវ​​​បាន​​​ហា​​​ម​​​ឃាត់​​​មិន​​​ឲ្យ​​​ចូល​​​ប្រទេស​​​ថៃ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ បន្ទាប់​​​ពី​​​រដ្ឋប្រហារ​​​ថ្ងៃទី​​​២២​​​ខែ​​​ឧសភា​​​មន្ត្រី​​​កម្ពុជា​​​បាន​​​ចរចា​​​ជា​​​មួយ​​​យោធា​​​ថៃ​​​ដើម្បី​​​ព្យាយាម​​​​ធ្វើ​យ៉ាង​ណា​​ឲ្យ​​​ពួកគេ​​បាន​​ត្រឡប់​​​ទៅ​​​វិញ​​​ ប៉ុន្តែ មិន​​​សូវ​​មាន​​​ប្រសិទ្ធភាព​​​ទេ​​​។

នៅ​​​ឯសន្និសីទ​​​កាសែត​​​កាល​​​ពីសប្តាហ៍​​​មុន​​​ជា​​​មួយមន្ត្រី​​​ថៃ​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​កម្ពុជា​​​ លោក អ៊ុំ​​​ រាត្រី អភិបាល​​​រង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការទិញ​​​ហ្គាស​​​ឆ្លង​​​ដែន​​​នេះ​​​គឺ​​​ជា​​​ចំណុច​ជាប់​គាំង​​​មួយ​​​រវាង​​​មន្ត្រី​​​កម្ពុជា និង​​​មន្ត្រី​​​ថៃ។ លោក រាត្រី បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពី​​​មុន​​​ គឺ​​​មុន​​​រដ្ឋាភិបាល​​​យោធា​​​ មាន​​​មនុស្ស​​​ជាច្រើន​​​ឆ្លង​​​ព្រំ​​​ដែន​​​ទៅ​​​ទិញ​​​ហ្គាស​​​មក​​​លក់​​​នៅ​​​​​​កម្ពុជា​​​។ ខ្ញុំ​​​ក៏​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ពួក​​​គេ​បាន​ចេញ​ចូល​ជា​​​ធម្មតា​​​ផងដែរ​​​”។

នៅពេល​​​សួរ​​​អំពី​​​បញ្ហា​​​នេះ លោក​​​ ផាក​ការ៉ាថន ទៀនចៃ អភិបាល​​​ខេត្ត​​​ស្រះកែវ បាន​​​និយាយថា បម្រាម​​​នេះ​​​ប្រហែល​​​ជា​​​មិន​​​ដក​​​វិញ​​​នៅ​​​ពេល​​​ណា​​​មួយ​​​ឆាប់​​​ៗ​​​នេះ​​​ទេ​​​។ លោក​​​បាន​​​បញ្ជាក់​​​ថា អ្នក​​ទិញ​​​ហ្គាស​​​មិន​​​ដែល​​​ធ្វើ​​​សកម្មភាព​​​ដោយ​​​ស្រប​​​ច្បាប់​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​ទទួល​​​ស្គាល់​​​អំពី​​​អ្នក​​​លក់​​​ដូរ​​​នៅ​​​ក្នុង​​​ផ្សារ​​​រុង​​​គ្លឿ ដែល​​​ត្រូវ​​​ការ​​​ហ្គាស​​​សម្រាប់​​​រថយន្ត​​​របស់​​​ពួកគេ​​​ ប៉ុន្តែ អ្នក​​​លក់​​​ដូរ​​​មួយ​​​ចំនួន​​​មិន​​​ធ្វើ​​​ដូច្នេះ​​​ទេ​​​។ ពួកគេ​​​ទិញ​​​ហ្គាស​​​ពី​​​ប្រទេស​​​ថៃ​​​ ហើយ​​​យក​​​ទៅ​​​លក់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​ពង្រឹង​​​ទី​​​ផ្សារ​​​ហ្គាស​​​ ដូច្នេះ​​​សូម​​​អត់​​​ធ្មត់​​​ជាមួយ​​​រដ្ឋាភិបាល​​​ថ្មី​​​”។

ប៉ុន្តែ ប្រជាជនកម្ពុជា​​​មួយ​​​ចំនួន​​​ពិបាក​​​អត់​​​ធ្មត់​​​។ លោក ស៊ុំ ចាន់​​​គា អ្នក​​​សម្រប​​​សម្រួល​​​ប្រចាំ​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​បានមាន​​​ប្រសាសន៍​​​ថា លោក​​​ឮ​ពីការ​​​ត្អូញត្អែរ​​​ជាច្រើន​​​អំពី​​​តម្លៃ​​​ហ្គាស​ខ្ពស់​​​នៅ​​​តាម​​​ព្រំដែន​​​​​​​​​។

លោក ព្រំ ស្រួច អាយុ​​​៤៩​​​ឆ្នាំ​​​ដែល​​​កំពុង​​​លើក​​​ផ្លែ​​​ស្វាយ​​​ និង​​​សាវម៉ាវ ដាក់​​​លើ​​​រថយន្ត​​​តូយូ៉តា​​​កាមរី ដែលប្រើ​​​ហ្គាស​របស់​គាត់​​ដើម្បី​​​យក​​​​​​មក​​​លក់​​​នៅ​​​ក្រុង​​​សិរីសោភ័ណ បាន​​​និយាយ​​​ថា ” រថ​​​យន្ត​​​តូច​​​ៗ​​​បែប​​​នេះ​​​ប្រើ​​​ហ្គាស​​​ចំណេញ​​​ណាស់។ ប្រសិន​​​បើ​​​យើង​​​ប្រើ​​​សាំង​​​ មិន​​​ចំណេញ​​​ទេ​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា រដ្ឋាភិបាល​​​ថៃ​​​នឹង​​​កែ​​​ប្រែ​​​នៅ​​​ពេល​​​ឆាប់ៗ​​​នេះ”។

លោក ពេជ្រ ដែល​​​ជា​​​គ្រូ​​​បង្រៀន​​​ និង​​​ជា​​​អតីត​​​អ្នក​​​រត់​​​ពន្ធ​​​បាន​​​និយាយ​​​ថា គាត់​​កំពុង​ពិបាក​រក​សីុ​នៅ​​​​​​ជិត​​​របប​​​ថ្មី​​​របស់​​​ថៃ។ គាត់​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​សូម​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា និង​​​រដ្ឋាភិបាល​​​ថៃ​​​​អនុញ្ញាត​ឲ្្យ​យើង​បាន​រក​​​ស៊ី​​​ប្រកប​​​មុខ​​​របប​​​ដដែល​​​នេះ ពី​​​ព្រោះ​​​វា​​​អាច​​​ជួយ​​​ឲ្យ​​​គ្រួសារ​​​របស់​​​យើង​​​មាន​​​ជីវភាព​​ធូរធា។ ប្រាក់​​​ខែ​​​គ្រូ​​​បង្រៀន​​​តិច​​​ណាស់​​​”៕គឹមហឿន (ឆន ចាន់សីុ ចូល​​​រួម​​រាយ​ការណ៍​​​ពី​​​ទីក្រុង​​​ភ្នំពេញ)

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ការរឹត​បន្តឹង​នៅ​តាម​ព្រំដែន​របស់​របប​យោធា​ថៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​សីុ​របស់​ពល​រដ្ឋខ្មែរ appeared first on ខេមបូឌា ដេលី.

រថយន្ត​ដឹក​កម្មកររោង​ចក្រ​កាត់​ដេរ​​ជួប​គ្រោះ​ថ្នាក់​បុក​ដើម​ឈើ​បណ្តាល​ឲ្យ​កម្មករ​៤៥​នាក់​រង​របួស​

$
0
0

នគរបាល​​​មូល​​​ដ្ឋាន​​​បាន​​​និយាយ​​​ថា រថយន្ត​​​មួ​​​យ​​​គ្រឿង​​​ដឹក​​​កម្មករ​​​រោង​​​ចក្រ​​​កាត់ដេរ​​​ប្រហែល​​​​​​៦០​​​នាក់​​​បាន​​​ជ្រុល​​​ទៅ​​​បុក​​​ដើម​​​ឈើ​​​មួយ​​​ដើម​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​កាល​​​ពី​​​ម្សិលមិញ ហើយ​​​បាន​​​ធ្វើ​​​ឲ្យកម្មករ​​​៤០​​​នាក់​​​រង​​​របួស​​​ស្រាល និង​​ប្រាំ​​​នាក់​​​រង​​​របួស​​​ធ្ងន់​​​។

គ្រោះ​​​ថ្នាក់​​​នេះ​​​ គឺ​​​ជា​​​គ្រោះ​​​ថ្នាក់​​​ថ្មី​​​បំផុត​​​នៅ​​​ក្នុង​​​ចំណោម​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ជាច្រើន​​​ករណី​​​ស្រដៀង​​​គ្នា​​​នេះ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​ដែល​​​មាន​​​ទឹក​​​ប្រាក់​​​៥​​​ពាន់​​​លាន​​​ដុល្លារ​​​នៅ​​​កម្ពុជា​​​ ដោយ​​​កម្មករ​​​រាប់​​​រយ​​​ពាន់​​​នាក់​​​ត្រូវ​​​ជិះ​​​ប្រជ្រៀត​​​គ្នា​​​នៅ​​​លើ​​​រថ​​​យន្ត​​​​​ទៅ​​​​​​និង​​​មក​​​ពី​​​ធ្វើ​​​ការ​​​នៅ​​​តាម​​​រោង​​​ចក្រ​​​នៅ​​​ពេល​​​ព្រលឹម​​​ និង​​​នៅ​ពេល​ជិត​​ព្រលប់។

លោក សំ ណាល់ អធិការ​​​នគរបាល​​​ស្រុក​​​បាន​​​ឲ្យដឹង​​​ថា ” កង់​​​រថយន្ត​​​នោះ​​​បាន​​​បែក​​​ ហើយ​​​បាន​​​ជ្រុល​​​ទៅ​​​បុក​​​ដើម​​​ឈើ​​​មួយ​​​ដើម​​​ធ្វើ​​​ឲ្យ​​​​​កម្មករ​​​៤០​​​នាក់​​​រង​​​របួសស្រាល និង​​​ប្រាំ​​​នាក់​​​រង​​​របួស​​​ធ្ងន់​​នៅ​​​ពេល​​​ដែល​​​កម្មករ​​​ផ្សេង​​​ទៀត​​​សង្កត់​​​លើ​​​ពួក​​​គេ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​ទាំង​​​នោះ​​​កំពុង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​រោង​​​ចក្រ​​​មូស៊ីន​​​យួន នៅ​​​ក្នុង​​​ស្រុក​​​ជើង​​​ព្រៃ​​​នៅ​​​ជាប់​​​គ្នា​​​នោះ​​​។ លោក ណាល់ បាន​​​បន្ថែម​​​ថា ” បន្ទាប់​​​ពី​​​រថយន្ត​​​នោះ​​​បាន​​​បុក​​​ដើម​​​ឈើ​​​ហើយ ដំបូល​​​រថយន្ត​​​បាន​​​​​​បាក់ ហើយ​​​កម្មករ​​បាន​​​ធ្លាក់​​​ចេញ​​​ពី​​​រថយន្ត​​​នោះ​​​”។

អ្នក​​​បើក​​​បរ​​​មិន​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ទេ​​​នៅ​​​ពេល​​​ដែល​​​ឧបទ្ទវហេតុ​​​នេះ​​​កើត​​​ឡើង​​​។ គាត់​​​បាន​​​ព្យាយាម​​​បញ្ជូន​​​កម្មករ​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​។ ឥឡូវនេះ​​​រថយន្ត​​​នោះ​​​កំពុង​​​រក្សា​​​ទុក​​​នៅ​​​អធិការ​​​ដ្ឋាន​​​នគរ​​​បាល​​​ស្រុក រង់​​​ចាំ​​​អ្នក​​​បើក​​​បរ​​​ចូល​​​មក​​​​​​ដោះស្រាយ​​​បញ្ហា​​​។ គាត់​​​ធ្វេស​​​ប្រហែស​​​ មិន​​​ត្រួត​​​ពិនិត្យ​​​រថយន្ត​​​របស់​​​គាត់​​​”។

លោក ឡោ ច័ន្ទ​​​លី អភិបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​បើក​​​បរ​​​បាន​​​ដឹក​​​មនុស្ស​​​លើស​​​ចំណុះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” មាន​​​កម្មករ​​​ម្នាក់​​​ដែល​​​បាន​​​បាក់​​​ដៃ​​​ បន្ទាប់​​​ពី​បាន​ធ្លាក់​ពី​លើ​រថយន្ត ហើយ​​​គេ​​​បាន​​​ដឹក​​​នាង​​​ទៅ​​​ព្យាបាល​​​នៅ​​​ទីក្រុង​​​ភ្នំពេញ​​​។ យើង​​​នឹង​​​ណែ​​​នាំ​​​មន្ត្រី​​​នគរ​​​បាល​​​ឲ្យ​​​ណែ​​​នាំ​​​អ្នក​​​បើក​​​បរ​​​ឲ្យ​​​គោរព​​​ច្បាប់​​​​​​ចរាចរណ៍​​​”។

លោកស្រី ជី​​​ល ថាក់​​​ឃើ ទីប្រឹក្សា​​​ជាន់​​​ខ្ពស់​​ផ្នែក​បច្ចេកទេស​​​នៅ​​​កម្មវិធី​​​រោង​​​​​​ចក្រ​​​ល្អ​​​ប្រសើរ​​​នៅ​​​កម្ពុជា ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គ្មាន​​​ចែង​នៅ​​​ក្នុង​​​ច្បាប់​​​ការងារ​​​ និង​​​គ្មាន​​​ច្បាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដឹក​​​​កម្មករ​​​ដោយ​​​ស​​​ុវត្ថិ​​​ភាព​​​ទេ។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” មាន​​​រោង​​​ចក្រ​​​តិច​​​តួច​​​ណាស់​​​ដែល​​​ជួល​​​រថយន្ត​​​ក្រុង​ដឹក​​​កម្ម​​​ករ​​​។ វា​​​គឺ​​​ជា​​រឿង​ពិបាក ពីព្រោះ​​​កម្មករ​​​ជាច្រើន​​​មិន​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​តែ​​​មួយ​​​ទេ​​​”។

ដំណើរការ​​​នេះ​​​ក៏​មិន​​​មាន​​​ការ​​​គ្រប់​​​គ្រង​​​ និង​​​ពិបាក​​​ឃ្លាំ​​​មើល​​​ដែរ ដោយសារ​​​​​ថា ​នៅ​តាម​ផ្លូវ​ភាគ​ច្រើន​មាន​រោង​​​ចក្រ​​​តូច​​​ៗ​​​។ លោកស្រី ថាក់​​​ឃើ បាន​​​មាន​​​ប្រសាសន៍​​​ថា ” មនុស្ស​​​ដែល​​​មាន​​​​​​រថយន្ត​​​ទាំង​នេះ​បើក​​រថយន្ត​​​ដឹក​​​កម្មករ​​​ទៅ​​​មក​​​ពី​​​រោង​​​ចក្រ​​​។ វា​​​មិន​​​មែន​​​ការ​​​ដឹក​​​ជញ្ជូន​​​សាធារណៈ​​​ទេ វា​​​សម្រាប់​​​តែ​​​ដឹក​​​កម្មករ​​​ទៅ​​​រោង​​​ចក្រ​​​។ ពួក​គេ​​គឺ​​​ជា​​​អ្នក​​​បើក​​​បរ​​​ឯករាជ្យ​​​ ដែល​​​រក​​​លុយ​​​បាន​​​ពី​​​កម្មករ​​​”៕ គឹម​​​ហឿន (រាយការណ៍​​​បន្ថែម​​​ដោយ LaurenCrothers)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post រថយន្ត​ដឹក​កម្មកររោង​ចក្រ​កាត់​ដេរ​​ជួប​គ្រោះ​ថ្នាក់​បុក​ដើម​ឈើ​បណ្តាល​ឲ្យ​កម្មករ​៤៥​នាក់​រង​របួស​ appeared first on ខេមបូឌា ដេលី.

គរុសិស្ស​ដែល​នាយក​សាលា​លុប​​ឈ្មោះ​មិន​ឲ្យ​ប្រឡង​បញ្ចប់​​ មាន​ឈ្មោះ​ចូល​ប្រឡង​វិញ​ក្រោយ​ការ​តវ៉ា​

$
0
0

មន្ទីរ​អប់​រំ យុវជន និង​កីឡាខេត្ត​សៀម​​រាប បាន​ច្រាន​ចោល​ការ​សម្រេច​ចិត្ត​របស់​នាយក​សាលា​គរុកោសល្យ​ និង​វិក្រឹត្យ​ការ​ខេត្ត​សៀម​រាប ក្នុង​ការ​ហាម​ឃាត់​គរុសិស្សពីរ​នាក់​ដែល​រិះ​គន់​មិន​សំចៃ​មាត់ ​មិន​ឲ្យ​ចូល​រួម​ប្រឡង​បញ្ចប់​ថ្នាក់​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ បន្ទាប់ពី​មាន​ការ​តវ៉ា​ពី​សំណាក​់​មិត្ត​ៗគរុសិស្ស​ប្រហែល​២៥​០​នាក់​កាលពីម្សិលមិញ។

កញ្ញា វិន សាវី អាយុ​២១​ឆ្នាំ​ និង​កញ្ញា សិញ លីហុង អាយុ២០​ឆ្នាំ​ ដែល​បាន​ចុះ​ឈ្មោះ​សិក្សា​ក្នុង​កម្មវិធី​គរុកោសល្យ​រយៈ​ពេល​ពីរ​ឆ្នាំ បាន​និយាយ​រិះគន់​លោក​ នាវ ឱរ៉ា នាយក​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​របស់ពួកគេ​កាលពី​ខែកុម្ភៈ ដោយ​ចោទ​ប្រកាន់​លោក នាវ ឱរ៉ា តាម​វិទ្យុ​ថា លោក​បាន​បង្ខំ​ឲ្យ​គរុសិស្ស​ធ្វើ​ជា​សន្តិសុខ​យាម​ពេល​យប់​នៅ​សាលា​នេះ។

កញ្ញា​ វិន សាវី និយាយ​ថា ចាប់​តាំង​ពីពេល​នោះ​មក លោក​ នាវ ឱរ៉ា ​បាន​ធ្វើ​បាប​ពួកគេ​​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា បាន​ប្រាប់​ពួកគេ​ថា ពួកគេ​ត្រូ​វ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​រួម​ប្រឡង​បញ្ចប់​ថ្នាក់​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៤ ខែកក្កដាឡើយ​ ដែល​ជា​ដំណាក់​កាល​ប្រឡង​ចុង​ក្រោយ​ដើម្បី​ក្លាយ​ខ្លួន​ជា​គ្រូបង្រៀន​។

កញ្ញា​និយាយ​ទៀត​ថា ” លោក​នាយក​មិន​សប្បាយ​ចិត្ត​ទេ​ នៅពេល​យើង​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ដូច្នេះហើយ​គាត់​ក៏ចោទ​ប្រកាន់​យើង​ថា យើង​មិន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ឲ្យ​បាន​សមរម្យ ដើម្បី​ហាម​ឃាត់​ពួក​យើង​មិន​ឲ្យ​ប្រឡង​។ វា​មិន​ត្រឹម​ត្រូវ​ទេ”។

មិត្ត​ៗគរុ​សិស្ស​ប្រហែល​២០០​នាក់​បាន​ធ្វើការ​តវ៉ា​ជំទាស់​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក នាវ ឱរ៉ា នៅ​ខាង​ក្រៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការនេះ​កាលពី​ម្សិលមិញ ជាហេតុ​បង្ខំ​ឲ្យ​លោក អុ៊ង សិរីឌី ប្រធាន​មន្ទីរ​អប់​រំ​ យុវជន​ និង​កីឡា កោះហៅ​លោក​ នាវ ឱរ៉ា ទៅ​ជួប។

លោក​​ អ៊ុង សិរីឌី បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​សម្រេច​បញ្ចូល​ឈ្មោះ​ពួកគេ​ទៅ​ក្នុង​បញ្ជី​ប្រឡង​វិញហើយ​ ដោយ​សារ​តែ​ក្រោយ​ពី​យើង​ពិនិត្យ​កំហុស​របស់​សិស្ស​ទាំង​នេះ​រួច យើង​ឃើញ​ថា វា​ជា​កំហុស​តូច​តាច​។ ខ្ញុំនៅតែ​បន្ត​ពិនិត្យ​តាន​ដាន​ថា​ តើ​នាយក​សាលា​ [លោក​ នាវ ឱរ៉ា​]​​​​​​​​​ ពិត​ជា​បាន​ដាក់​ទណ្ឌកម្ម​សិស្ស​ទាំង​នេះ​ដោយ​សារ​តែ​ពួកគេ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មែ​ន​ឬក៏អត់​”។

លោក​ នាវ ឱរ៉ា នៅតែ​មានះ​នៅពេល​ទាក់​ទង​កាលពីម្សិល​មិញ ដោយ​លោក​និយាយ​ការ​ពារ​វិធាន​ការ​របស់​ខ្លួន​ និង​រិះគន់​មន្ទីរអប់​រំ យុវជន និង​កីឡាខេត្ត​ ចំពោះការ​ច្រាន​ចោល​សេចក្ដី​សម្រេច​របស់​លោក​។ លោក នាវ ឱរ៉ា មាន​ប្រសាសន៍​ថា ” សិស្ស​ទាំង​នោះ មាន​ទម្លាប់​មិន​ល្អ​ពាក់ព័ន្ធ​នឹង​ឯក​សណ្ឋាន​របស​់ពួកគេ ហើយ​ពួកគេ​មិន​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា​ទេ​”។ លោក​បាន​បន្ថែ​ម​ទៀត​ថា គរុសិស្ស​ទាំង​ពីរ​នាក់​នេះ​មិន​បាន​ស្ដាប់​​ការ​រំឭក​ដាស់​តឿន​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​ការ​បំពាន​បទ​​បញ្ជាផ្ទៃ​ក្នុងពាក់​ព័ន្ធ​​ឯក​សណ្ឋាន​របស់​ពួកគេ​។

លោក​មាន​ប្រសាសន៍​ថា គរុសិស្ស​ទាំ​ង​នេះ​ពាក់​ស្បែក​ជើង​ផ្ទាត់​នៅ​ក្នុង​សាលា ដែល​គេ​តម្រូវ​ឲ្យ​ពាក់​ស្បែកជើង​ប៊ូ ជាការ​អះអាង​មួយ​ដែល​គរុសិស្ស​ទាំង​នេះ​ច្រាន​ចោល​។ លោក​បាន​លើក​ឡើង​ទៀត​ថា ” ខ្ញុំ​បាន​ធ្វើការ​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​វិស័យ​អប់​រំ​។ ខ្ញុំ​អប់រំ​សិស្ស​ជាច្រើន​ ហើយ​ខ្ញុំដឹង​ពី​ចរិត​របស់​សិស្ស​”៕ សុខុម

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post គរុសិស្ស​ដែល​នាយក​សាលា​លុប​​ឈ្មោះ​មិន​ឲ្យ​ប្រឡង​បញ្ចប់​​ មាន​ឈ្មោះ​ចូល​ប្រឡង​វិញ​ក្រោយ​ការ​តវ៉ា​ appeared first on ខេមបូឌា ដេលី.

អ្នក​ភូមិ​​នៅ​ជ្រោយ​ចង្វា​គំរាម​វាយ​បំផ្លាញ​បំពង់​បូម​ខ្សាច់​ក្រុម​ហ៊ុន​ OCIC

$
0
0

សន្តិសុខ​ខណ្ឌ​ត្រូវ​បានគេ​យក​មក​ដាក់​នៅ​ជ្រោយ​ចង្វា​កាល​​​ពីម្សិលមិញ ដើម្បី​ស្ទាក់​ឃាត់​ក្រុម​អ្នកភូមិដែល​បាន​ត្រៀម​វាយ​បំផ្លាញ​បំពង់​ ដែល​បាន​និង​កំពុង​បូម​ខ្សាច់​ចូល​ដី​របស់​ខ្លួន​អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​។

អ្នកភូមិ​ប្រហែល​៤០​គ្រួសារ​កាន់​កាប់​ដី​នៅ​ជ្រុង​​ភាគឦសាន​​​នៃ​ផ្ទៃ​ដី​សើម​៣៨៧​ហិកតា​ ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ OCIC ក្នុងកិច្ច​សន្យា​ជួល​រយៈ​ពេល​៩៩​ឆ្នាំ​កាលពី​ឆ្នាំ​២០០១​។

លោក យ៉ា លួ​ង​ហួង អាយុ​៦៨​ឆ្នាំ​បាន​និយាយ​ថា ” នេះ​ជា​ដី​របស់​យើ​ង​។ យើង​បាន​រស់​​​នៅ​ទីនេះ​តាំង​ពី​របប​ ប៉ុល ពត ​ដួល​រលំ ហើយ​យើង​មាន​បង្កាន់​ដៃ​បញ្ជាក់​។ បើ​ពួកគេ​ព្យាយាម​បូម​ខ្សាច់​ចូល​ដីយើង​ យើង​នឹង​​​​យក​​​ពូថៅ​វាយ​បំបែក​បំពង់​​​បូម​ខ្សាច់​”។

ក្រុម​អ្នកភូមិ​កំពុង​ការ​ពារ​ដី​៧​ហិកតា​ចុង​ក្រោយ​ ដែល​ត្រូវ​គេ​ប្រគល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ OCIC សម្រាប់​គម្រោង​អភិវឌ្ឍអចលនទ្រព្យ​តម្លៃ​៣.០០០​លាន​ដុល្លារ​ ដែល​មាន​ឈ្មោះ​ថា ” ទីក្រុង​ជ្រោយ​ចង្វា​ ទីក្រុង​អនាគត​”។ ក្រុម​ហ៊ុន​ OCIC បាន​បូម​ខ្សាច់​​​រាប់​លាន​ម៉ែត្រគូប​រួច​ហើយចូល​តំបន់​ដីសើម​ដែល​ធ្លាប់​តែ​មាន​រុក្ខជាតិ​នេះ​។

កាលពីព្រឹក​ម្សិលមិញ លោក​ លួង​​​ហួង បាន​ភ្ញាក់​ឡើង​ឃើញ​ខ្សាច់​ហៀរ​ចូល​ដី​ផ្ទះ​របស់​គាត់​ប្រហែល​៥ម៉ែត្រ​ ហើយ​បាន​ហៅ​អ្នក​​​ជិត​ខាង​របស់​លោក​ឲ្យ​មាន​វិធាន​ការ​។

ប៉ុន្តែ​ក្រុម​អ្នកភូមិ​មិន​ទាន់​បាន​បំផ្លាញ​បំពង់​លើ​ដី​ដែល​បូម​ខ្សាច់​ពី​សាឡង់​បូម​ខ្សាច់​នៅ​ទន្លេ​សាប​ផង សន្តិសុខ​ខណ្ឌ​​​មួយ​ក្រុម​មាន​គ្នា​២០​នាក់​ក៏បាន​ម​ក​ដល់​។

បុរស​ម្នាក់​ដែល​បាន​ប្រាប់​ថា ឈ្មោះ ផាន់នី ជា​ប្រធាន​សន្តិសុខ​ខណ្ឌ​ជ្រោយ​ចង្វា បាន​និយាយ​ថា ” យើង​ការ​ពារ​ដី​របស់​ក្រុម​ហ៊ុន​ ពីព្រោះ​ពួកគេ​ទទួលបាន​​ការ​អនុញ្ញាត​បូម​ខ្សាច់​ដាក់​លើ​ដីនេះ​”។ ការ​ប្រកែក​តឹង​មាត់​តឹង​ក​រវាង​ភាគី​​​ទាំង​ពីរ​បា​ន​កើត​​​ឡើង​ ដោយ​សន្តិសុខ​ម្នាក់​បាន​ប្រាប់​ក្រុម​អ្នក​ភូមិ​ថា ” ទៅ​ផ្ទះ​​​ទៅ​​​ បើ​​ចង់​យក​បំពង់​នេះ​ចេញ​ វា​មិន​ងាយ​ស្រួល​​​ទេ​”។

អ្នកភូមិ​ម្នាក់​បាន​ស៊ក​ទៅវិញ​ថា ” វា​មិនពិបាក​ទេ យើង​មាន​ពូថៅ​ និង​កន្ត្រៃ​កាត់​ដែក​”។ លោក​ ផាន់នី បាន​ស្នើ​​​សុំឲ្យ​អ្នកភូមិ​​​​ដែល​​​មាន​​​ចំនួន​រាប​​​់រយ​គ្រួសារ​ចុង​ក្រោយ​នេះ​ឲ្យ​គេ​បូ​ម​ខ្សាច់​ដាក់​ដី​របស​់​ខ្លួន​ ឲ្យ​ចា​ក​ចេញ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍប្រទេស​។

មុន​ពេល​យល់​ព្រម​សម្រប​សម្រួល​ឲ្យ​មាន​ជំនួប​មួយ​នៅ​ថ្ងៃ​នេះ​រវាង​មន្ត្រី​ខណ្ឌ​ ក្រុម​ហ៊ុន OCIC និងអ្នក​ភូមិ​ លោក​ ផាន់នី បាន​និយា​យ​ថា ” មើល​ទំព័រ​ហ្វេស​ប៊ុក​សម្ដេច​ [ហ៊ុន សែន​] ទៅ​ អ្នក​នឹង​ឃើញ​អ្វី​ដែល​គាត់​​កំពុង​ខិត​ខំ​ធ្វើ​ហើយ​ គាត់កំពុង​ព្យាយាម​អភិវឌ្ឍ​ប្រទេស​សម្រាប់​អ្នក​គ្រប់​គ្នា​”។ តាម​សំណើ​របស់​លោក ផាន់នី ជា​ប្រធាន​សន្តិសុខ​ គេ​បាន​បញ្ឈប់​ការ​បូម​​ខ្សាច់​​​នៅ​តំបន់​លិច​ទឹក​ភូមិកៀន​ឃ្លាំង នៅ​​​ពេល​រសៀល​​​ម្សិលមិញ។

លោក​ ជ្រៀង​ សុផាន់ អភិបាល​រង​រាជ​ធានី​​​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា លោក​ លួងហួង និង​អ្នក​ផ្សេង​ទៀត​ដែល​រារាំង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​គម្រោង​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន OCIC អាច​មាន​សិទ្ធិ​​​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ពួកគេ​មាន​បង្កាន់ដៃ​ពិត​ប្រាកដ​ ដើម្បី​បង្ហាញ​ថា ពួកគេ​បាន​កាន់​កាប់​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៨០​មក​​មែន​នោះ ពួកគេ​អាច​ស្នើ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​។ ប៉ុន្តែ​ជួន​កាល​បង្កាន់​ដៃ​តែ​ប៉ុណ្ណឹង​មិន​គ្រប់​គ្រាន់​ទេ​”៕ មានិត​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post អ្នក​ភូមិ​​នៅ​ជ្រោយ​ចង្វា​គំរាម​វាយ​បំផ្លាញ​បំពង់​បូម​ខ្សាច់​ក្រុម​ហ៊ុន​ OCIC appeared first on ខេមបូឌា ដេលី.


កម្ពុជា​និង​ចិន​កំពុង​ធ្វើ​សេចក្ដី​ព្រាង MoU ដើម្បីទប់​ស្កាត់​ការ​ជួញដូរ​កូន​ក្រមុំ​ទៅចិន​

$
0
0

ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​កំពុង​ធ្វើ​សេចក្ដី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ (MoU) មួយ​ដើម្បី​ទប់​ស្កាត់​ការ​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅកាន់​ប្រទេស​ចិន​ ទី​ដែល​មាន​សេចក្ដី​រាយការណ៍​កាន់​តែច្រើន​ឡើង​ៗ​ថា ស្ត្រីខ្មែរ​ត្រូវ​បាន​ប្ដី​ជន​ជាតិ​ចិន​ធ្វើបាប​ និង​លក់​ខ្លួន​ឲ្យ​ធ្វើ​ស្រីពេស្យា។

យោងតា​ម​ឧត្តម​សេនីយ៍ទោ ប៉ុល ពិថី ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ការ​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ផ្នែក​ការទូត​នេះ កើត​ឡើង​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួនជន​ជួញដូរ​មនុស្ស​​យ៉ាង​ច្រើន​នៅ​ឯអាកាស​យាន​ដ្ឋាន​ក្នុង​ប្រទេស​ទាំង​ពីរ​។

លោក ប៉ុល ពិថី​ បាន​មាន​ប្រសាសន៍​ថា ” ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​នៅ​តាម​អាកាសយាន​ដ្ឋាន​មាន​ការ​កើន​ឡើង​មក​ នៅពេល​ថ្មីៗ​នេះ​ករណី​បញ្ជូន​ស្ត្រី​ខ្មែរ​ទៅកាន់​ប្រទេស​ចិន​មាន​សភាព​ស្ងប់​ស្ងាត់​ជាង​ធម្មតា។ ប៉ុន្តែ វា​ជា​ក្ដី​បារម្ភដ៏ធំ​សម្រាប់​យើង​ នេះ​ហើយ​ជាមូល​ហេតុ​ដែល​យើង​ធ្វើ​សេចក្ដី​ព្រាងMoU ជាមួយ​រដ្ឋាភិបាល​ចិន​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ប្រភេទ​នេះ​ដើម្បី​ទៅ​រៀបកា​រ​ជាមួយ​បុរស​ចិន​”។

របាយការណ៍​​ឆ្នាំ​២០១៣​របស់​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា ខ្លួន​បានដោះ​ស្រាយ​ករណី​លក់​ស្ត្រី​ខ្មែរ​​ឲ្យ​ធ្វើ​ជា​កូន​ក្រមុំ​នៅ​ក្នុង​ប្រទេស​ចិន​ចំនួន​១២​ករណី ចាប់​ខ្លួន​បាន​​មនុស្ស​២០​នាក់ និង​សង្គ្រោះជន​រង​គ្រោះ​បាន​៣៦​នាក់​នៅ​តាម​អាកាសយាន​ដ្ឋាន​ មុនពេល​ពួកគេ​ឡើង​លើ​យន្ត​ហោះ។ ទោះ​ជាយ៉ាង​ណា លោក ប៉ុល ពិថី បានមាន​ប្រសាសន៍​ថា លោកគ្មាន​តួលេខ​បច្ចុប្បន្ន​ភាព​សម្រាប់​ឆ្នាំ​នេះទេ។

កាលពីខែ​កុម្ភៈ មន្ត្រី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំ​នាក់ រួម​ទាំង​ជន​ជាតិ​ចិន​ពីរ​នាក់​ផង​ ពីបទ​ព្យាយាម​នាំ​ស្ត្រី​ខ្មែរ​ទៅ​កាន់​ប្រទេស​ចិន​ កន្លែង​ដែល​មាន​ការ​រៀ​ប​ចំ​ឲ្យ​ពួកគេ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​បន​។

កាលពីខែ​មីនា សាលា​ដំបូង​រាជធានីភ្នំពេញ បាន​ចោទ​ប្រកាន់មនុស្ស​បីនាក់​ពីបទ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ​សម្រាប់​ស្ត្រីខ្មែរ​ ដើម្បី​បញ្ជូន​ពួកគេ​ទៅ​កាន់​ប្រទេស​ចិន​ឲ្យ​រៀប​ការ​ជាមួយ​បុរស​ចិន។ នៅពេល​មាន​ការ​ឃាត់​ខ្លួន​នៅ​អាកាស​យាន​ដ្ឋាន​នេះ ជន​រង​គ្រោះ​ពីរ​នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ។

ក្រោយ​មក​នៅ​ក្នុង​ខែ​ដដែល​នោះ ក្រុម​គ្រួសារ​របស់​ស្ត្រី​បួន​នាក់​មក​ពី​ខេត្ត​រតនគិរី និង​ខេត្ត​តាកែវ បាន​ដាក់​ពាក្យ​បណ្ដឹង​ដាច់​ដោយ​ឡែក​ពីគ្នា​ដើម្បី​ស្វះស្វែង​ឲ្យ​មាន​អន្តរាគមន៍​បញ្ជូន​សាច់​ញាតិ​របស់​ខ្លួ​ន​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​ឲ្យ​ត្រឡប់​មក​មាតុភូមិ​វិញ ដោយ​អះអាង​ថា ស្ត្រីទាំង​នោះត្រូវ​បាន​ប្ដីជន​ជាតិ​ចិន​របស់​ពួកគេ​ធ្វើ​បាប និង​​ចាត់​ទុក​ដូច​ជា​ទាសករ​។

ស្ត្រី​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ចិន​វិញនិយាយ​ថា បុរស​ៗ​នៅទីនោះ​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ១៥.០០០​ដុល្លារ​ឲ្យ​មេអណ្ដើក​រៀប​ចំ​ចាត់​ចែង​អាពាហ៍ពិពាហ៍ និង​បញ្ជូន​កូន​ក្រមុំ​ខ្មែ​រ​ឲ្យពួកគេ​។

កាលពី​ម្សិលមិញ អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​លីកាដូ ​បាន​ស្វាគមន៍​ MoU ដែល​នឹង​ចេញ​ជារូប​រាង​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​បាន​លើក​ឡើង​​ថា អាជ្ញាធរ​គួរ​តែ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ប្រតិបត្តិការ​តាម​វែក​មុខ​ជន​ល្មើស​ ពីព្រោះ​​​ជាញឹក​ញាប់​ជន​ជួញដូរ​មនុស្ស​ទាំង​នោះ​​មាន​ខ្នង​បង្អែក​ក្រាស់។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេសស៊ើប​អង្កេត​នៅអង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​ថា ” ការ​ជួញដូរ​ស្ត្រីខ្មែរ​ទៅ​កាន់​ប្រទេស​ចិន​ គឺ​ជា​បទ​ល្មើស​ដែល​មាន​ការ​រៀប​ចំ​ទុក​ជាមុន​ ដូច្នេះ​យើង​សង្ឃឹម​ថា MoU រវាង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បាន​អនុវត្ត​ឲ្យ​​តឹង​រ៉ឹង​នៅពេល​ចូល​ជាធរមាន​”។

ចន្លោះពី​ខែ​សីហា ឆ្នាំ​២០១៣​ ដល់​ខែមិថុនា​ឆ្នាំ​នេះ អង្គការ​លីកាដូ​បាន​លើក​ឡើង​ថា ខ្លួន​ទទួល​បានពាក្យ​បណ្ដឹង​ចំនួន​២៦​ ដែល​រួម​មាន​ស្ត្រី​សរុប​៣៧​នាក់​ដែល​ត្រូវ​បាន​គេ​ធ្វើបាប​ ឬលក់​ឲ្យ​ធ្វើ​ជា​ស្ត្រីពេស្យា​ បន្ទាប់ពី​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិនឲ្យ​​ធ្វើ​ជាកូន​ក្រមុំ។ លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​នោះ ​ស្ត្រី​ខ្មែរ​ប្រាំមួយ​នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វ​ិញ​កាលពី​ឆ្នាំ​មុន ហើយ​បីនាក់​ទៀត​បាន​វិល​មក​ស្រុក​ជួប​ជុំក្រុម​គ្រួសារ​វិញ​នៅ​ឆ្នាំ​នេះ​៕ សុខុម​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post កម្ពុជា​និង​ចិន​កំពុង​ធ្វើ​សេចក្ដី​ព្រាង MoU ដើម្បីទប់​ស្កាត់​ការ​ជួញដូរ​កូន​ក្រមុំ​ទៅចិន​ appeared first on ខេមបូឌា ដេលី.

សត្វ​កង្កែប​អាច​ដើរតួ​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​សីុ​ស្រូវ​នៅ​ក្នុង​ស្រែ

$
0
0

អ្នកស្រី​​​ ញែ៉ម សុវណ្ណារី ជាកសិករ​​​នៅ​​​ខេត្ត​​​តាកែវ និយាយ​​​ថា គាត់​​​ដឹង​​​ពី​​​ផល​​​ប្រយោជន៍​​​នៃ​​​ការ​​​ចិញ្ចឹម​សត្វ​​​កង្កែប​​​នៅ​​​ក្នុង​​​ស្រែ​​​របស់​​​គាត់​​​ ព្រោះ​សត្វ​កង្កែប​ដើរ​តួ​ជា​ថ្នាំ​​​សម្លាប់​​​សត្វ​​​ល្អិត​​​ធម្មជាតិ​​​។​ ប៉ុន្តែ​អ្នកស្រី​​​និយាយ​​​ថា​បើ​​​គ្មាន​​​ការ​​​ការ​​​ពារ​ទេ ការ​​​ចិញ្ចឹម​​​សត្វ​​​កង្កែប​​​គ្មាន​​​ប្រយោជន៍​​​ឡើយ​​​។

អ្នកស្រី​​​ សុវណ្ណារី បាន​​​និយាយ​​​ថា “ស្រែ​​​ខ្ញុំ​​​នៅ​​​ឆ្ងាយ​​​ពី​​​ផ្ទះ​​​ ដូច្នេះ​​​ខ្ញុំ​​​មិន​​​អាច​​​មើល​​​វា​​​ឲ្យ​​​បាន​​​ដិត​​​ដល់​ទេ​​​។ ប្រសិន​​​បើ​​​ខ្ញុំ​​​ចិញ្ចឹម​​​កង្កែប​​​ កង្កែប​​​ទាំង​​​នោះ​​​នឹ​​​ង​​​ត្រូវ​​​គេ​​​លួច​​​អស់​​​នៅ​​​ពេល​​​ដែល​​​ខ្ញុំ​​​មិន​​​ទៅ​​​មើល​​​។ ភូមិ​​​ខ្ញុំ​​​មិន​​​មាន​​​បម្រាម​​​ហាម​​​ឃាត់​​​ការ​​​ចាប់​​​កង្កែប​​​ដូច​​​នៅ​​​ភូមិ​​​ផ្សេង​​​ទេ​​​”។ នៅ​ពេល​​ចិញ្ចឹម​​​ក្នុង​​​ស្រែ​​​ សត្វ​កង្កែប​​​ស៊ី​​​សត្វ​​​ល្អិត​​​ដែល​​បំផ្លាញ​ដើម​​​ស្រូវ ដោយ​​​នាំ​​​ឲ្យ​​​ទទួល​​​បាន​​​ផល​​​ស្រូវ​​​ច្រើន​​​ និង​​​មិន​​​ចាំបាច់​​​ប្រើ​​​សារធាតុ​​​គីមី​​​ដែល​​​មាន​​​តម្លៃ​​​ខ្ពស់​​​ និង​​​មាន​​​សារធាតុ​​​ពុល​​​ឡើ​​​យ​​​។

ប៉ុន្តែ ជំនួស​​​ឲ្យ​​​ការ​​​ទុកសត្វ​​​កង្កែប​ឲ្យ​​ស៊ី​​​សត្វ​​​ល្អិត​​​​​អំឡុ​​​ង​​​ពេល​​​បង្កបង្កើន​ផល​ស្រូវ​នោះ អ្នក​​​ស្រី សុវណ្ណារី ​​​ចាប់​​​កង្កែប​យក​ទៅ​ធ្វើ​ម្ហូប ឬ​​​លក់​​​នៅ​​​ពេល​​​ចាប់​​​ផ្តើម​​​រដូវ​​​ភ្លៀង​​​ដែល​​នៅ​ពេល​នោះ​​សត្វ​​​កង្កែប​​​សម្បូរ​​ បើ​​​មិន​​​ធ្វើ​​​ដូច្នេះ​​​ទេ​​​នឹង​​​មាន​​​គេ​​​មក​​​ចាប់​យក​​​មុន​​​អស់​​​។

ចាប់តាំង​​​ពី​​​ឆ្នាំ​​​១៩៩៧​​​មក មជ្ឈមណ្ឌល​​​សិក្សា​​​ និង​​​អភិវឌ្ឍន៍​​​កសិកម្ម​​​កម្ពុជា​​​ (សេដាក) បាន​​​ផ្សព្វផ្សាយ​​​អំពី​​​រឿង​​​នេះ​​​ដល់​​​កសិករ​​​ថា  សត្វ​​​កង្កែប​​​អាច​​​ដើរ​​​តួ​​​នាទី​​​សំខាន់​​​នៅ​​​​​​ក្នុង​​​ការ​​​រា​​​រាំ​​​ង​​​សត្វ​​​ល្អិត​​​មិន​​​ឲ្យ​​​ស៊ី​​​ស្រូវ​​​ និង​​​ធ្វើ​​​ឲ្យ​​​ដី​​​មាន​​​ជីជាតិ។ ថ្វី​​​បើ​​​មាន​ការ​​​ខិត​​​ខំ​​​របស់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​នេះនៅតាម​ខេត្តចំនួន​​​២២ និង​​​មាន​​​រយៈ​​​ពេល​​​ជិត​​​ពីរ​​​ទសវត្សរ៍​​​មក​ហើយ​​​ក៏​​​ដោយ​​​ ក៏​​​គំនិត​​​​​នេះ​ត្រូវ​បាន​គេ​យក​ទៅ​​​អនុវត្ត​​បាន​តិច​តួច​ប៉ុណ្ណោះ។

លោក ហឹុម​​​ ខទៀត មន្ត្រី​​​ផ្នែក​​​ទំនាក់​​​ទំនង​​​របស់​​​អង្គការ​​​ សេដាក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​មូល​​​ហេតុ​​​ពីរ​​​។ មូល​​​ហេតុ​​​ទី​​​១​​​គឺ​​​កង្វះ​​​ការ​​​យល់​​​ដឹង​​​របស់​​​កសិករ​​​ធ្វើ​​​ស្រូវ​​​អំពី​​​ផល​​​ប្រយោជន៍​​​នៃ​​​ការ​​​ចិញ្ចឹមសត្វ​កង្កែប​​​នៅ​​​ក្នុង​​​ស្រែ​​​ និង​​​ទី​​​២​​​គឺកង្វះ​​​ការ​​​សហ​​​ការ​​​ពី​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​”។

លោក ស៊ុម ផាសុ​​​ត​​​សឺត មេឃុំ​​​តាភេម ជា​​​កន្លែង​​​ដែល​​​ស្រែ​​​របស់​​​អ្នកស្រី សុវណ្ណារី ស្ថិត​​​នៅ​នោះ​​​​បាន​​​និយាយ​​​ថា លោក​​​បាន​​​ដាក់​​​បម្រាម​​​មិន​​​ឲ្យ​​​មាន​ការ​ចាប់​​​កង្កែប​​​ ហើយ​បាន​​​នាំ​​​ឲ្យ​​​ការ​​​ចាប់​​​កង្កែប​​​ថយ​​​ចុះ​​​បាន​​​៥០​​​ភាគ​​​រយ​​​ ប៉ុន្តែ លោក​​​គ្មាន​​​អំណាច​​​ដោះ​​​ស្រាយ​​​ជាមួយ​​​អ្នក​​​ដែល​​​មិន​​​ស្តាប់​​​លោក​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា “​​​ គួរ​​​តែ​​​មាន​​​វិធាន​​​ការ​​​ច្បាស់​​​លាស់​​​ដើម្បី​​​ដាក់​ទោស​​​អ្នក​​​ទាំង​​​នោះ បើ​​​មិន​​​ដូច្នេះ​​​ទេ​​​ទៅ​​​ថ្ងៃ​​​មុខ​​​ក៏​នៅ​​​តែ​​​អ៊ីចឹង​ដែរ”។

លោក យ៉ង​​​ សាំង​​​កុមារ ប្រធាន​​​អង្គការ​​​ សេដាក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​បង្កើត​​​ច្បាប់​​​ហាម​​​ឃាត់​​​ការ​​​ចាប់​​​កង្កែប​​​ នៅ​​​ដើម​​​រដូវ​​​វស្សា​​​ ប៉ុន្តែ ការ​​​អប់​​​រំ​​​នៅ​​​ថ្នាក់​​​មូល​​​​​​ដ្ឋាន គឺ​​​ជា​​​ការ​​​សំខាន់​​​ជាង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា នេះ​​​គឺ​​​ជា​​​ការទទួល​​​ខុស​​​ត្រូវ​​​មួយ​​​របស់​​​មេឃុំ​​ ក្នុង​​​ការ​​​អប់​​​រំ​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ឃុំ​​​របស់​​​ខ្លួន”។ លោក​​​បាន​​​បន្ថែម​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​គីមី​សម្លាប់​​​សត្វ​​​ល្អិត​​​​​ច្រើន​​​នៅ​​​តាម​​​ស្រែ​​​ក៏​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​សត្វ​​​កង្កែប​ដែរ។

លោក យ៉ង សាំង​​​កុមារ បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​ប្រើ​​​ថ្នាំ​​​សម្លាប់​​​សត្វ​​​ល្អិត​​​ច្រើន ហើយ​​​ថ្នាំ​​​ទាំង​​​នោះ​​​មិន​​​ល្អ​​​សម្រាប់​​​សត្វ​​​កង្កែប​​​ទេ​​​ ពីព្រោះ​​​សត្វ​​​កង្កែប​​​ងាយ​​​រង​​​គ្រោះ​​​ដោយសារ​​​ថ្នាំ​​​សម្លាប់​​​សត្វ​​​ល្អិត។ ប្រសិនបើ​​​ើយើង​​​បាញ់​​​ ឬ​​​ប្រើ​​ថ្នាំ​​គីមី វា​​​កាត់​​​បន្ថយ​​រយៈ​ពេល​រស់​របស់​​សត្វ​​​កង្កែប​​​”។ លោក បែ៉ន វុធ អគ្គនាយក​​​រង​​​នៃ​​​អគ្គ​​​នាយក​​​ដ្ឋាន​​​​​​កសិកម្ម​​​នៃ​​​ក្រសួង​​​កសិកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​ចង់​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​ចិញ្ចឹម​​​​​​សត្វ​​​កង្កែប​​​នៅ​​​ក្នុង​​​ស្រែ​​​ដែរ​​​ ប៉ុន្តែ មិន​​​មាន​​​មធ្យោបាយ​​​បណ្តុះ​​​បណ្តាល​​​កសិករ​​​ទេ​​​។

លោក​​​ រស់​​​ ម៉ៅ ជា​​​កសិករ​​​នៅ​​​ឃុំ​​​ពពេល ក្នុង​​​ខេត្ត​​​តាកែវ គឺ​​​ជា​​​ភ័ស្តុ​​​តាង​​​បង្ហាញ​ថា ការ​​​ចិញ្ចឹម​​​សត្វ​​​កង្កែប​​​អាច​​​ទទួល​​​បាន​​​ប្រាក់​​​កម្រៃ​​​ច្រើន។ ចាប់តាំង​​​ពី​​​គាត់​​​បាន​​​បាប់​​​ផ្តើម​​​ចិញ្ចឹម​​​សត្វ​​​កង្កែប​​​កាល​ពី​ឆ្នាំ​​២០០៦មក​​​​​​ ទិន្ន​​​ផល​​​ស្រូវ​​​របស់​​​គាត់​​​កើន​​​ឡើង​​​ជិត​​​២ដង ពី​​​៣​​​តោន ទៅ​​​៥,៥​​​តោន​​​ក្នុង​​​មួយ​​​ហិកតា។ គាត់​​​ក៏​​​អាច​​​លក់​​​សត្វ​​​កង្កែប​​​បាន​​​៨.០០០រៀល​​​ផង​​​ដែរ​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​​​​ក្រោ​​​យ​​​ពេល​​​ប្រមូល​​​ផល​​​ម្តងៗ​​​។

លោក​​​ ម៉ៅ បាន​​​និយាយ​​​ថា ​​​ការ​ចិញ្ចឹម​សត្វ​កង្កែប​ក្នុង​ស្រែ​អាច​​​ធ្វើ​​​ទៅ​​​បាន​​​លុះ​​​ត្រា​​​តែ​​​មេឃុំ​​​បារម្ភ​​​អំពី​​​ការ​​​រស់​​​នៅ​​​របស់​​​សត្វ​​​កង្កែប​​​ ដោយ​​​ហាម​​​ឃាត់​​​ប្រជាជន​​​មិន​​​ឲ្យ​​​ចាប់​​​សត្វ​​​កង្កែប​​​ អំឡុង​​​រដូវ​​​ភ្លៀង​​​។ គាត់​​​បាន​​​និយាយ​​​ថា “មនុស្ស​​​ឆ្លុះ​​​កង្កែប​​​នៅ​​​ពេល​​​យប់​​​។ នៅ​​​ពេល​​​យប់​​​ខ្ញុំ​​​ត្រូវ​​​ក្រោក​​​បួន​​​ឬ​​​ប្រាំ​​​ដង​​​ទៅ​​​មើល​​​ស្រែ​​​ខ្ញុំ​​​ ពីព្រោះ​​​ខ្ញុំ​​​ខ្លាច​​​គេ​​​ចូល​​​ចាប់​​​កង្កែប​​​ក្នុង​​​ស្រែ​​​ខ្ញុំ​​​”។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កង្វះ​​​បទ​​​ប្បញ្ញត្តិ​​​ គឺ​​​ជា​​​បញ្ហា​​​តែ​​​មួយ។ ការ​​​ចិញ្ចឹម​សត្វ​​​កង្កែប​​​អាច​​​ចំណាយ​​​លុយ​​​ច្រើន​​​ និង​​​ពេល​​​វេលា​​​យូរ​​​។

លោក ម៉ៅ បាន​​​ចំណាយ​​​ដំបូង​​​ប្រហែល​​​១០០.០០០រៀល​​​ទៅ​​​លើ​​​បង្គោល​​​ និង​​​សំណាញ់​​​ដើម្បី​​​រក្សា​​ទុក​​​កង្កែប​​​នៅ​​​ក្នុង​​​ស្រែ​​​របស់​​​គាត់ និង​​​បង្កើត​​​ស្រះ​សិប្ប​​​និម្មិត​​​សម្រាប់​​​ចិញ្ចឹ​ម​​​សត្វ​​​កង្កែប។ គាត​​​់បា៉ាន់​​​ប្រមាណ​​​ថា នៅ​​​ក្នុង​​​ឃុំ​​​របស់​​​គាត់ មាន​កសិករ​​​តែ​​​៣០ភាគ​​​រយ​​​ប៉ុណ្ណោះ​កំពុង​ចិញ្ចឹម​​​សត្វ​​​កង្កែប។ គាត់​​​បាន​​​និយាយ​​​ថា ” ពួកគេ​​​មិន​​​សូវ​​​​​​ចាប់​​​អារម្មណ៍​​​ក្នុង​​​ការ​​​ចិញ្ចឹម​​​សត្វ​​​កង្កែប​​​ទេ​​​ ហើយ​​​ពួក​​​គេ​​​មាន​​​​​​ទម្លាប់​​​ធ្វើ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​ធ្លាប់​​​ធ្វើ។ ទម្លាប់​​​ពិបាក​​​ផ្លាស់​​​ប្តូរ​​​ណាស់​​​”៕ គឹម​​​ហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post សត្វ​កង្កែប​អាច​ដើរតួ​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​សីុ​ស្រូវ​នៅ​ក្នុង​ស្រែ appeared first on ខេមបូឌា ដេលី.

នគរ​បាល​ឃាត់​ខ្លួនជន​ជួញ​ដូរ​ក្រលៀន​ឆ្លង​ដែន​ពីរ​នាក់​ឪពុក​​​និង​កូន​ស្រី

$
0
0

ស្ត្រីម្នាក់​ដែល​ជាប់​ចោទ​ពីបទ​​បញ្ចុះ​បញ្ចូលប្រជា​ពល​រដ្ឋ​ងាយ​រងគ្រោះ​ឲ្យ​លក់​ក្រលៀន​របស់​ខ្លួន​​ទៅ​អ្នក​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​​ថៃ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុងរាជ​ធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​អង្គារ​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ប្រាំ​នាក់​ មាន​ពីរ​នាក់​ជា​​បង​ប្អូន​ប្រុស​​បង្កើត​របស់​ជន​​​ល្មើស​​​​និង​ម្នាក់​ទៀត​ជា​​បង​ប្អូន​ជីដូន​មួយ​។

ស្ត្រី​​​​ជា​​​ជន​​​ល្មើស​​​ដែល​មាន​ឈ្មោះ​ យ៉ែម អាស៊ីសាស់ អាយុ​២៩​ឆ្នាំ​ហៅ ស៊ីនួន ត្រូវ​បាន​​នគរ​បាល​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្សចាប់​ខ្លួន​នៅ​ក្បែរ​ផ្ទះ​របស់​នាង​ក្នុង​ខណ្ឌ​ជ្រោយចង្វា តាម​ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ​ម្នាក់​ ដែល​ម៉ូតូ​របស់​ខ្លួន​ត្រូវ​បាន​នាង​​​យក​ទៅ​រក្សា​ទុក​​ដើម្បី​ទារ​ប្រាក់​លោះ ខណៈពេល​នាង​ព្យាយាម​កាត់​យក​ចំណែក​​របស់​ខ្លួន​​​​នៃ​តម្លៃ​ក្រលៀន​១៣.០០០​ដុល្លារ ​ដែល​នាង​បាន​ចរចាជា​មួយ​អ្នក​ទិញ​​ក្រលៀន​របស់​បុរស​នេះ​។

បុរស​ឈ្មោះ ញ៉ែម ផល្លា អាយុ​៤០​ឆ្នាំ​ដែល​ត្រូវ​ជា​ឪពុក​ចុង​របស់​ ស៊ីនួន ក៏ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​ នៅពេល​​គាត់​​ទៅ​សួរ​សុខ​ទុក្ខ​នាង​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​យប់​ថ្ងៃ​អង្គារ​ដដែល​នោះ។ បុរស​នេះ​ជាប់​ចោទ​ពីបទ​សម​គំនិត​ជួយ​ ស៊ីនួន រត់​ការ​ធ្វើ​ឯកសារ​ក្លែង​បន្លំ​ប្ដូរ​ឈ្មោះ​ជន​រង​គ្រោះ​ទៅ​ជា​សាច់​ញាតិ​របស់​អ្នក​ទិញ​ក្រលៀន ទើប​ក្រុម​គ្រូពេទ្យ​ថៃ​ អនុញ្ញាត​ឲ្យ​មាន​ការ​វះកាត់​យក​ក្រលៀន​ចេញ​។

វរសេនីយ៍ទោ កែវ ធា នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានីភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា ” ស្ត្រី​ខ្មែរ​អុីស្លាម​ម្នាក់ ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​កាហ្វេ និង​ឪពុក​ចុង​របស់​នាង ​ត្រូវ​បាន​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​ឃាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ ហើយនឹង​ត្រូវ​បញ្ជូន​ខ្លួន​​ទៅ​តុលាការ​ដើម្បី​ធ្វើ​​ការ​ចោទ​ប្រកាន់ពី​បទ​ជួញដូរ​មនុស្ស​ និង​បទ​​​បន្លំ​ស្នើ​សុំ​ឯកសារ​។ យោងតាម​ច្បាប់​​ ទោះ​បី​ជា​មនុស្សណា​​ម្នាក់​យល់​ព្រម​លក់​ក្រលៀន​របស់​ខ្លួន​ក៏ដោយ ក៏​ការ​វះ​យក​ក្រលៀន​ចេញ​ គឺ​ជារឿង​ខុស​ច្បាប់​”។

ស៊ីនួន និង​ ញ៉ែម ផល្លា នឹង​ត្រូវ​បញ្ជូនខ្លួន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ដើម្បីធ្វើ​ការ​ចោទ​ប្រកាន់​។ យោង​តាម​លោក កែវ ធា បាន​ឲ្យ​ដឹង​ថា ស៊ីនួន បាន​ដំណើរ​ការ​របរ​​រក​ស៊ី​ធ្វើ​ជា​អ្នក​ចរចា​ទិញលក់​​ក្រលៀន​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ហើយ​បាន​ព្យាយាម​បោក​បញ្ឆោត​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​នាង​។ លោក​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួននេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ស៊ើប​អង្កេត​រយៈពេល​១០​ថ្ងៃ​ បន្ទាប់ពីទទួល​បាន​ពាក្យ​បណ្ដឹង​​ពី​យុវជន​ម្នាក់ឈ្មោះ​​ មុត សាទីរិន ​អាយុ​២៣​ឆ្នាំ ត្រូវ​​ជា​ប្អូនជីដូនមួយ​របស់​ ស៊ីនួន ដែល​ជា​ជន​រង​គ្រោះទី៥។

លោក កែវ ធា ​មាន​ប្រសាសន៍​ទៀត​ថា ” ស៊ីនួន ជាមនុស្ស​ម្នាក់​ដែល​បាន​បញ្ចុះ​បញ្ចូល​​​​មនុស្ស​ក្មេងៗ​ ហើយ​នាង​ជា​មនុស្សម្នាក់​ដែល​បាន​ចរចា​តម្លៃ​រវាង​អ្នក​ជំងឺ​ និង​អ្នក​លក់​។ ជន​សង្ស័យ​ទទួល​បាន​ប្រាក់​មួយ​ចំនួន​ពី​ជន​រង​គ្រោះសម្រាប់​ការ​លក់​ក្រលៀន​របស់ពួកគេ​”។

យោងតាម​នគរ​បាល​​បាន​ឲ្យ​ដឹង​ថា ស៊ីនួន បាន​ចរចា​តម្លៃ​ជាមួយអ្នក​ជំងឺ​ដែល​ទន្ទឹង​​រង់​ចាំ​ក្រលៀន​ ហើយបន្ទាប់មក​ ទទួលបាន​ចំណែក​ប្រាក់​បាន​ពី​ការ​លក់ក្រលៀននោះ។ អ្នក​​ទទួល​ក្រលៀន​ទាំង​អស់នោះ គឺ​សុទ្ធ​តែ​ជា​​ប្រ​ជា​ជន​​ខ្មែរ ​ដែល​ត្រូវ​បាន​បញ្ជូនទៅ​កាន់​ទីក្រុង​បាង​កក​ ដើម្បីធ្វើការ​វះ​កាត់​។

លោក​ កែវ ធា មាន​ប្រសាសន៍​ថា ជន​រងគ្រោះ​របស់​ ស៊ីនួន ទទួលបាន​​​ប្រាក់​ចន្លោះ​ពី​១០.០០០​ដុល្លារ​ទៅ​១៣.០០០​ដុល្លារ​សម្រាប់​ក្រលៀន​ម្ខាង​របស់​ពួកគេ​។ ប៉ុន្តែ​ផែន​ការ​របស់​នាង​​បាន​បរា​ជ័យ​​កាលពី​ថ្ងៃ​ទី៥ ខែមិថុនា នៅពេល​ សាទីរិន ដែល​និយាយ​ថា គេ​សន្យា​ឲ្យ​ខ្លួន​៥.០០០​ដុល្លារ​ថ្លៃ​ក្រលៀនបាន​​​ចុះ​ឈ្មោះ​ចូល​មន្ទីរ​ពេទ្យ​អន្តរជាតិ​បំរ៉ុង​​រ៉ាត ក្នុង​ក្រុង​បាងកក ដើម្បីវះកាត់​ក្រលៀន​របស់​ខ្លួន​។ នៅទីនោះ សាទីរិន បានជួប​ស្ត្រី​អ្នក​ទទួល​ក្រលៀន​របស់​ខ្លួន​ដោយ​ចៃ​ដន្យ​។ សាទីរិន និយាយ​ថា “អ្នក​ជំងឺ​​នោះ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ចំណាយ​១៣.០០០​ដុល្លារ​ដើម្បី​ទិញ​ក្រលៀន​ម្ខាង​ ប៉ុន្តែ​ [ស៊ីនួន​] បាន​ប្រាប់​ខ្ញុំ​ថា គាត់​លក់​បាន​តែ​៥.០០០​ដុល្លារ​ប៉ុណ្ណោះ”។ ជា​ផ្នែក​នៃ​របររកសីុ​នេះ ស៊ីនួន យក​ទ្រព្យ​សម្បត្តិ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​​ នៅពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​បាង​កក​ ដើម្បី​វះកាត់​។

គេ​មិន​ដឹង​ច្បាស់​ថា តើ​ការ​ជួប​គ្នា​នៅ​ក្នុង​​មន្ទីរ​ពេទ្យបំរ៉ុងរ៉ាត ​​បាន​ធ្វើ​ឲ្យអ្នកទទួល​ក្រលៀន​មិន​ធ្វើ​តាម​ការ​ព្រម​ព្រៀង​​បង់​ប្រាក់​ឲ្យ​ ស៊ីនួន ឬយ៉ាង​ណា​នោះទេ ប៉ុន្តែ​នៅពេល​ សាទីរិន វិលត្រឡប់​មក​ក្រុង​ភ្នំពេញវិញដោយ​គ្មាន​​ក្រលៀន​ម្ខាង​ ស៊ីនួន មិន​ព្រម​ប្រគល់​ម៉ូតូ​របស់​ខ្លួនដែល​ត្រូវយក​ទៅ​​រក្សា​ទុក​ជា​របស់​បញ្ចាំ មក​វិញ​ឡើយ​​។

សាទីរិន និយាយ​ថា ” គាត់​ខឹង​ខ្ញុំ​ ពីព្រោះ​ប្រាក់ទាំង​អស់​ដែល​បាន​ពីការ​លក់​ក្រលៀន​របស់​ខ្ញុំ​មិន​ត្រូវ​បានផ្ទេរ​ចូល​គណនី​របស់​គាត់​​”។ សាទីរិន និយាយ​ទៀត​ថា ខ្លួន​ទទួល​បាន​​សាច់ប្រាក់​៧.០០០​ដុល្លារ​ពី​ស្ត្រី​ដែល​ទទួល​ក្រលៀន​របស់ខ្លួន។ នៅ​ថ្ងៃទី​១១ ខែមិថុនា សាទីរិន បាន​ប្ដឹង​នគរ​បាល​ថា ម៉ូតូ​របស់​ខ្លួន​ត្រូវ​បាន​គេ​ឃាត់​ទុក​ដើម្បី​ទារ​ប្រាក់លោះ​​។ រូប​គេ​និយាយ​ថា ស៊ីនួន មិន​ត្រឹម​តែ​លួង​លោម​រូប​គេ​​ប៉ុណ្ណោះទេ សូម្បី​តែ​បង​ប្អូន​ប្រុស​បង្កើត​ពីរ​នាក់​របស់​នាង និង​អ្នក​ជិត​ខាង​ម្នាក់ ក៏​នាង​បញ្ចុះ​បញ្ចូល​​ឲ្យ​លក់​ក្រលៀន​ទៅ​ប្រជា​ពល​រដ្ឋ​ខ្មែរ ​ដែល​ត្រូវ​បាន​បញ្ជូនទៅ​ទីក្រុង​បាង​កក ​ដើម្បី​ប្ដូរ​ក្រលៀន​ដែរ​​​។

រូប​គេ​និយាយ​ថា បង​ប្អូនជីដូន​មួយ​របស់​​ខ្លួន​បាន​​ព្យាយាម​លួង​លោមខ្លួន​ឲ្យចូល​ក្នុង​ស៊ង​ផែនការ​នេះ​ចាប់​តាំង​ពីឆ្នាំ​២០១១​មកម្លេ៉ះ ហើយ​ថា ទើបតែ​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ដែល​រូប​គេ​គិត​ពិចារណា​ទទួល​យក​សំណើ​នេះពេល​ត្រឡប់​​មកពី​ប្រទេស​ម៉ាឡេស៊ីវិញ​​ ក្រោយ​ធ្វើ​ការ​ជា​កម្មករ​សំណង់​នៅទីនោះ​​​អស់​រយៈពេល​ពីរ​ឆ្នាំ​។

សាទីរិន ជាកូន​ទី២​ក្នុង​ចំណោម​បង​ប្អូន​បង្កើត​ប្រាំ​នាក់​ក្នុង​គ្រួសារ​មួយ​ដែល​គ្មាន​ឪពុក​និយាយ​ថា ស៊ីនួន បាន​មកជួប​គេ​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា ម្ដាយ​របស់​ខ្លួន [សាទីរិន]​ មាន​​ក្រួស​​ក្នុង​តម្រង​​​នោម និង​គីស​ក្នុង​ដៃ​ស្បូន។

រូប​គេ​និយាយ​ថា ” [ស៊ីនួន​] បាន​មក​បញ្ចុះ​បញ្ចូល​ខ្ញុំ​ម្ដង​ទៀត​ឲ្យ​លក់​​​ក្រលៀន​ម្ខាង​ដើម្បី​បាន​ប្រាក់​ព្យាបាល​ម្ដាយ​របស់​ខ្ញុំ។​​​ គាត់​និយាយ​ថា បើ​ខ្ញុំ​មិន​លក់​ក្រលៀនទេ ធ្វើ​ម៉េច​ខ្ញុំ​អាច​ព្យាបាល​ម្ដាយ​របស់​​ខ្ញុំបាន? ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុងការ​លក់​ក្រលៀន​របស់​ខ្ញុំ​ ប៉ុន្តែ​គ្មាន​វិធី​ផ្សេង​ដើម្បី​ជួយ​សង្គ្រោះ​ម្ដាយ​របស់​ខ្ញុំឡើយ​”៕ សុខុ​ម​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post នគរ​បាល​ឃាត់​ខ្លួនជន​ជួញ​ដូរ​ក្រលៀន​ឆ្លង​ដែន​ពីរ​នាក់​ឪពុក​​​និង​កូន​ស្រី appeared first on ខេមបូឌា ដេលី.

អង្គ​ការ​អាហ្វេសីុប​បញ្ឈប់​បុគ្គលិក៣៩នាក់​ពី​​​​ការ​ងារ​​​បន្ទាប់​ពី​មាន​ការ​កាត់​ផ្តាច់​មូល​និធិ​ជំនួយ

$
0
0

អតីត​​​បុគ្គលិក​​​​អង្គ​ការ​អាហ្វេសីុប​កម្ពុជា (Afesip)បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បុគ្គលិក​​​​​​៣៩​​​នាក់​​​ត្រូវ​​​បាន​​​បញ្ឈប់​​​ពី​​​ការ​​​ងារ​​​ពី​​​​​អង្គការ​អាហ្វេស៊ីប ជា​​​អង្គការ​​​ប្រឆាំង​​​ការជួញ​ដូរ​​​មនុស្ស​​​ ដែល​​​មាន​​​បញ្ហា​​​ផ្នែក​​​ហិរញ្ញ​​​វត្ថុ​ និង​​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​លោក​ស្រី ម៉ម សុមា៉លី​​​ ជា​​​សកម្ម​​​ជន​​​ដែល​​​អប​​​យស។

កាល​​​ពី​​​សប្តាហ​​​៍​​​មុន​​​  អង្គការ​​​អាហ្វេស៊ីប​បាន​​​ឲ្យដឹង​​​ថា មូល​​​និធិ ម៉ម សុមា៉លី ដែល​​​អ្នកស្រី​​​ ម៉ម សុមា៉លី បាន​​​លា​​​លែង​​​ពី​​​ការ​​​ងារ​​​កាល​​​ពី​​​ខែ​​​ឧសភា បន្ទាប់​​​ពី​​​មាន​​​ការ​​​ចុះ​​​ផ្សាយ​​​ព័ត៌​​​មាន​​​ដែល​​​មិន​​​ស្រប​​​នឹង​​​រឿង​​​ជីវិត​​​ពិត​​​របស់​​​លោកស្រី​​​នោះ ​​​បាន​​​​​​បញ្ឈប់​​​ការ​​​ផ្តល់​​​មូល​​​និធិ​​​ដល់​​​អង្គការ​​អាហ្វេស៊ីប​ ដែល​​​​​​បាន​ចាប់​ផ្តើម​​​ភ្លាម​​​ៗ​​​កាល​​​ពីថ្ងៃទី​​​១២​​​ ខែ​​​មិថុនា។

យោង​​​តាម​​​លោក អួង​​​ ឆេង ប្រធាន​​​កម្មវិធី​​​ផ្តល់​​​ជំនួយ​​​របស់​​​អង្គការ​​អាហ្វេស៊ីប​បាន​​​ឲ្យដ​​​ឹង​​​ថា ដោយសារ​​​ការ​​​កាត់​​​ផ្តាច់​​​មូល​​​និធិ​​​នេះ  អង្គការ​​​អាហ្វេស៊ីប​​បាន​​​បញ្ឈប់​​​ការ​​​ងារ​​​បុគ្គលិក​​​ចំនួន​​​៣៩​​​នាក់ ដើម្បី​​​ទុក​​​មូល​​​និធិ​​​សម្រាប់​​​ថែ​​​ទាំ​​​កុមារ​​​ចំនួន​​​១៧០​​​នាក់​​​នៅ​​​តាម​​​មណ្ឌល​​​ចំនួន​​​បី​​​ដែល​​​ខ្លួន​​​គ្រប់​​​គ្រង។ លោក​​​បាន​​​និយាយ​​​ថា ” នៅ​​​ដំណាក​​​់​​​​​​​​​កាល​​​​​​​​​​​​​​​​​​​​​​​​ដំបូង​​​នេះ បុគ្គលិក​​​ អាហ្វេស៊ីប​ចំនួន​​​៣៩​​​នាក់​​​ត្រូវ​​​បាន​​​បញ្ឈប់​​​ពី​​​ការងារ​​​ ហើយ​​​យើង​​​មិន​​​ដឹង​​​ថា បុគ្គលិក​​​ប៉ុន្មាន​​​នាក់​​​ទៀត​​​នឹង​​​បាត់​​​បង់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​ទេ”។

លោក​​​បាន​​​បន្ថែម​​​ថា ” ដោយសារ​​​មាន​​​ការ​​​កាត់​​​ផ្តាច់​​​ជំនួយ​​​ភ្លាម​​​ៗ​​​នេះ​​​ កុមារ​​​ចំនួន​​​១៧០​​​នាក់​​​របស់​​​យើង​​​នៅ​​​តាម​​​មណ្ឌល​​​ទាំង​​​បី​​​ ព្រម​​​ទាំង​​​បុគ្គលិក​ផង​​កំពុង​​​ជួប​​​ការ​​​លំបាក​​​។ ដូច្នេះ អ្នក​ដឹក​​​នាំ​​​នៅ​​​ផ្នែក​​​គ្រប់​​​គ្រង​​​បាន​​​សម្រេច​​​ប្រើ​​​មូល​​​និធិ​​​មួយ​​​ចំនួន​ដែល​បាន​មក​​ពី​​​អ្នក​​​ផ្តល់​​ជំនួយ​​​ផ្សេង​​​ទៀត​​​សម្រាប់​​​គម្រោង​​​ផ្សេងនោះ​​​ដើម្បី​​​ជួយ​​​ចិញ្ចឹម​​​កុមារ​​​ទាំង​​​នេះ​​​សិន​​​”។

អ្នកស្រី សឿង កាម៉ារីយ៉ាន ដែល​​​ជា​​​ប្រធាន​​​ការិយាល័យ​​​ច្បាប់​​​នៃ​​​អង្គការ​​​អាហ្វេស៊ីប​​អស់​​​រយៈ​​​ពេល​​​១៤​​​ឆ្នាំ​​​មុន​​​ពេល​ត្រូវ​បាន​​បញ្ឈប់​​​ពី​​​ការ​​​ងារ​​​នៅ​​​សប្តាហ​​​៍​​​នេះ​​​បាន​​​និយាយ​​​ថា គេ​​​បាន​​​​ប្រាប់​បុគ្គលិកថា ​បុគ្គលិក​​​៧០​​​ភាគ​​​រយ​​​នឹង​​​ត្រូវ​​​បាត់​​​បង់​​​ការ​​​ងារ​​​ ប៉ុន្តែ ពួក​គេ​​​មិនបាន​​​ដឹង​​​ច្បាស់​​​ទេ​​​រហូត​​​​​​ដល់​​​សប្តាហ៍​​​នេះ​​​។ អ្នក​​​​​​ស្រីបាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ” ការសម្រេច​​​បញ្ឈប់​​​ការ​​​ងារ​​​បុគ្គលិ​​​ក​​​នេះ​​​គឺ​​​មិន​​​ត្រឹម​​​ត្រូ​​​វ​​​ទេ ហើយ​​​​​​យើង​​​​​​មិន​​​សប្បាយ​​​ចិត្ត​​​ឡើយ”។ អ្នក​ស្រី​​​បាន​​​បន្ថែម​​​​​​ថា អ្នក​​​ដែល​​​ត្រូវ​​​បណ្តេញ​​​ចេញ​​​មិន​​​បាន​​​ទទួល​​​​​​ប្រាក់​​​អតីត​​​ភាព​​​ការ​​​ងារ​​​ទេ​​​។

អ្នកស្រី កាមា៉រីយ៉ាន បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​មិន​​​សប្បាយ​​​ចិត្ត​​​ទេ ពីព្រោះ​​​បុគ្គលិក​​​ដែល​​​មាន​​​​​​ទំនាក់​​​ទំនង​​​ជិត​​​ស្និទ្ធ​​​​​​ជាមួយ​​​លោកស្រី ម៉ម សុម៉ាលី មិន​​​ត្រូវ​​​បាន​​​បញ្ឈប់​​​​​​ការ​​​ងារ​​​ឡើយ​​​។ អ្នក​​​ស្រី កាម៉ារីយ៉ាន បាន​​​សួរ​​​ថា ​​​” ហេតុអ្វី​​​បាន​​​ជា​​​សម្រេច​​​បញ្ឈប់​​​ពី​​​ការ​​​ងារ​​​តែ​​​មនុស្ស​​​ដែល​​​មិន​​​មាន​​​​​​ខ្នង​​​ រីឯ​​​អ្នក​​​ដែល​​​ជា​​​សាច់​​​ឈាម​​​ ឬ​​​មាន​​​ទំនាក់​​​ទំនង​​​ល្អ​​​ជាមួយ​​​ ម៉ម សុម៉ាលី មិន​​​ត្រូវ​​​បាន​​​បញ្ឈប់​​​​​​ការងារ​​​?។ អ្នកស្រី​​​បាន​​​និយាយ​​​ថា ទោះ​​​បី​​​ជា​​​លោកស្រី ម៉ម សុម៉ាលី បាន​​​លា​​​ឈប់​​​ពី​​​អង្គការ​​​អាហ្វេស៊ីប​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ក៏ដោយ​​​​​​​​​​​​​​​ ក៏​​​លោក​​​ស្រី​​​នៅ​​​តែ​​​ពាក់​​​ព័ន្ធ​​​ជិត​​​ស្និទ្ធ​​​​​​ជា​​​មួយ​​​អង្គការ​​​នេះ​​​ដែរ។

អ្នកស្រី​​​បាន​​​និយាយ​​​ថា លោក​​​ស្រី​​​​​​ប្រកាស​​​ពី​​​ការ​​​ចាក​​​ចេញ​​​ពី​​​អង្គការ​​​អាហ្វេស៊ីប​ប៉ុន្តែ លោកស្រី​​​នៅ​​​តែ​​​ត្រួត​​​ត្រា​​​អង្គការ​​​អាហ្វេស៊ីប​ដដែល។​កន្ទុយ​​​លោកស្រី​​​ស្ថិត​​​នៅ​​​ខាង​​​ក្រៅ​​​អង្គការ​​អាហ្វេស៊ីប​​​​ ប៉ុន្តែ ក្បាល​​​លោកស្រី​​​នៅ​​​តែ​​​ស្ថិត​​​នៅ​​​ក្នុង​អាហ្វេស៊ីប។

ប៉ុន្តែ អ្នកស្រី​​​ កាម៉ារីយ៉ាន និង​​​លោក​​​ លី មុនីរ័ត្ន​​​ អតីត​​​ប្រធាន​​​សាខា​​​អង្គការ​​​អាហ្វេស៊ីប​ខេត្ត​​​សៀម​​​រាប​​​ ដែល​​​ត្រូវ​​​បាន​​​​​​ដក​​​ចេញ​​​នៅ​​​សប្តាហ៍​​​នេះ បន្ទាប់​​​ពី​​​បាន​​​ធ្វើ​​​ការ​​​ប្រាំបី​​​ឆ្នាំ​​​នៅ​​​អង្គការ​​​នេះ​​​បាន​​​រៀប​​​រាប់​​​ប្រាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​មួ​​​យ​​​កាល​​​ពី​​​ដើម​​​​​​ឆ្នាំ​​​នេះ​​​ ដើម្បី​​​ឲ្យ​​​បុគ្គលិក​​​បោះ​​​ឆ្នោត​​​សម្រេច​ថា តើ​​​លោកស្រី​​​ ម៉ម សុមា៉លី គួរ​​​វិល​​​ត្រឡប់​​​មក​​​ធ្វើ​​​ជា​​​ប្រធាន​​​អង្គការ​​​នេះ​​​វិញ ឬ​​​យ៉ាង​​​ណា​​​។

លោក​​​ មុនី​​​រ័ត្ន បាន​​​និយាយ​​​ថា ” នៅ​​​ពេល​​​នោះ​​​អ្នក​​​ដឹក​​​នាំ​​​នៅ​​​ផ្នែក​​​គ្រប់​​​គ្រង​​​គិត​​​ថា លោកស្រី​​​ ម៉ម សុម៉ាលី គឺ​​​ជា​​​មនុស្ស​​​តែ​​​ម្នាក់​​​គត់​​​ដែល​​​អាច​​​ជួយ​​​សុំ​​​មូល​​​និធិ​​​ពី​​​អ្នក​​​ផ្តល់​​​ជំនួយ​​​ដោយសារ​​​លោក​​​ស្រី​​​មាន​​​បទពិសោធន៍​​​ច្រើន​​​”។

បុគ្គលិក​​​និយាយ​​​ថា ទោះបីជា​​​បុគ្គលិក​​ព្រម​ព្រៀង​ថា ​​​លោកស្រី ម៉ម សុមា៉លី គួរ​វិល​​​ត្រឡប់​​​មក​​​វិញ​​​ក៏ដោយ​​​ ក៏​​​ផែន​ការ​​​នេះ​​​មិន​​​ទាន់​​​បាន​​​អនុវត្ត​​​ដែរ​​​ នៅ​​​ពេល​​​ដែល​​​លោកស្រី ម៉ម សុម៉ាលី បង្ខំចិត្ត​​​លាលែង​​​ពី​​​មូល​​​និធិ​​​ ម៉ម សុម៉ាលី កាល​​​ពីខែ​​​ឧសភា​​​។

លោក ឆេង ដែល​​​ជា​​​ប្រធាន​​​​​​កម្ម​​​វិធី​​​​​​​​​​​​​​​​​​ផ្តល់​​​ជំនួយ​​​បាន​​​បដិសេធ​​​ការ​​​អះ​​​អាង​​​អំពី​​​បក្ខ​​​ពួក​​​និយម​​​នេះ​​​ ហើយ​​​បាន​​​បញ្ជាក់​​​ថា ម្តាយ​​​របស់​​​លោក​​​ស្រី ម៉ម សុមា៉លី ក៏​​​ត្រូវ​​​បាន​​​​​​បញ្ឈប់​​​ពី​​​ការងារ​​​​របស់​គាត់​ជា​អ្នក​គ្រប់​​​គ្រង​​​មណ្ឌល​​​ ទុំ​​​ឌី  ជា​​​មណ្ឌល​​​មួយ​​​របស់​​​អង្គការ​​អាហ្វេស៊ីប​សម្រាប់​​​ជួយ​​​ស្ត្រី និង​​​កុមារ​​​រង​​​គ្រោះ​​ដែរ​​​។ គាត់​​​បាន​​​និយាយ​​​ថា ” សាច់​​​ញាត​​ិ​​​មួយ​​​ចំនួន​​​របស់​​​លោកស្រី ម៉ម សុមា៉លី ដូច​​​ជាម្តាយ​​​របស់​​​លោកស្រី​​​ ដែល​​​ទទួល​​​បន្ទុក​​​គ្រប់​​​គ្រង​​​មណ្ឌល​​​ ទុំ​​​​​​ឌី ក៏​​​ត្រូវ​​​បាន​​​បញ្ចប់​​​​​​ពី​​​ការ​​​ងារ​​​ដែរ​​​”។

តាម​​​ជីវ​​​ប្រវត្តិ​​​របស់​​​លោក​​​ស្រី​​​ ដែល​មាន​ឈ្មោះថា វិថី​របស់​មនុស្ស​ស្លូត​ត្រង់​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល លោក​​​ស្រី​​​ ម៉ម សុមា៉លី អះ​​​អាង​​​ថា លោកស្រី​​​ត្រូវ​​​បាន​​​ឪពុក​​​ម្តាយ​​​បោះ​​​បង់​​​ចោល​​​តាំង​​​ពីនៅ​​​ក្មេង​​​ និង​​​លក់​​​ទៅ​​​ឲ្យ​​​ផ្ទះ​​​បន​​​មួយពេល​​​អាយុ​​​៩​​​ឆ្នាំ៕ គឹម​​​ហឿន​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post អង្គ​ការ​អាហ្វេសីុប​បញ្ឈប់​បុគ្គលិក៣៩នាក់​ពី​​​​ការ​ងារ​​​បន្ទាប់​ពី​មាន​ការ​កាត់​ផ្តាច់​មូល​និធិ​ជំនួយ appeared first on ខេមបូឌា ដេលី.

អតីត​សមាជិក​ក្រុម​ប្រឹក្សាពីរ​រូប​ជំរុញឲ្យ​​តុលាការ​ព្យួរ​ការ​ងារ​មេដឹកនាំ​សហជីព

$
0
0

កាលពីម្សិលមិញ អតីត​សមាជិក​ក្រុម​ប្រឹក្សា​នាយក​ពីរ​រូប​​នៃ​សហជីព​កាត់​ដេរ​ឯករាជ្យ​ដ៏ធំបំផុត​ក្នុង​​ប្រទេស​កម្ពុជា​​ បាន​ស្នើ​ឲ្យ​សាលា​ដំបូង​រាជធានីភ្នំពេញ​​ព្យួរ​ការ​ងារ​លោក អាត់ ធន់ ប្រធាន​សហជីព​ និង​បុគ្គលិក​ពីរ​នាក់​ជុំវិញ​ការ​ចោទ​ប្រកាន់​អំពីការ​កិប​កេង​លុយ​កម្មករ​។

លោក អុ៊ំ វិសាល និង​លោក រឿង ច័ន្ទថន​ សមាជិក​ក្រុម​ប្រឹក្សា​នាយក​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ(ស៊ីខៅឌូ)​ បាន​ចោទ​លោក​ អាត់ ធន់ អនុ​ប្រធាន​របស់​លោក​ និង​អគ្គលេខាធិការ​របស់​លោក​ថា បាន​កិប​កេង​ប្រាក់​៩៣.០០០​ដុល្លារ​ពី​សមាជិក​ បន្ទាប់ពី​ការ​ចរចា​រក​ដំណោះ​ស្រាយ​បាន​ជោគ​ជ័​យ​ជាមួយ​រោងចក្រ​មួយ​នៅ​រាជធានីភ្នំពេញ កាលពី​ឆ្នាំ​២០០៨​ ជា​ការ​អះអាង​មួយដែល​អ្នក​ទាំង​បី​បដិសេធ​។

លោក វិសាល និង​លោក ចន្ទថន បាន​ដាក់​សំណើ​សុំ​ដីកា​រក្សា​ការ​ពារ​ពីតុលាការ​កាលពី​ខែមេសា ដោយ​ស្នើ​ជំនួស​អ្នក​ទាំង​បី​រហូត​ដល់​​រឿង​ក្ដី​នេះ​ត្រូវ​ដោះ​ស្រាយ​ ហើយ​បាន​បន្ត​ធ្វើ​ការ​ទាម​ទារ​នេះ​ក្នុង​កិច្ច​ប្រជុំបិទ​ទ្វារ​មួយ​ជាមួយ​ចៅក្រម​ លី លីបម៉េង កាលពីម្សិលមិញ​។

លោក សំ ចំរើន មេធាវី​របស់​អតីត​សមាជិក​ក្រុម​ប្រឹក្សា​នាយក​នេះ​ បាន​និយាយ​ថា លោក​បាន​ស្នើ​ឲ្យ​តុលាការ​យល់​ព្រម​ចេញ​ដីកា​រក្សា​ការ​ពារ​ ប៉ុន្តែ​បាន​បដិសេធ​មិន​បង្ហាញ​​ភ័ស្តុ​តាង អ្វី ​ដែល​លោកមាន​ដើម្បី​ដាក់​បន្ទុក​លើ​​ចុង​ចោទ​ទេ​។ លោក​បាន​និយាយ​ថា ” ខ្ញុំ​មិន​ហ៊ាន​បញ្ចេញ​ភ័ស្តុ​តាង​នេះទេ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​​មេដឹកនាំ​សហជីព​ទាំង​នោះ​ជាប់​ពាក់​ព័ន្ធ “។

លោក គីម សុជាតិ ជា​មេធាវី​របស់​លោក អាត់ ធន់ ក្នុង​សំណុំរឿង​នេះ​ បាន​និយាយ​ថា អតីត​សមាជិក​ក្រុម​ប្រឹក្សា​នាយក​ទាំង​នេះ​មិន​ទាន់​បាន​បង្ហាញ​​ភ័ស្តុ​តាង​បន្តិច​ណាទេ​ ដើម្បី​គាំទ្រ​កា​រ​អះអាង​របស់​ខ្លួន​ ហើយលោក​បាន​បន្ថែម​ថា ​អំឡុង​ការ​សាក​សួរ​កាលពី​ថ្ងៃម្សិល​មិញ​ក៏​គ្មាន​ការ​បង្ហាញ​ភ័ស្តុ​តាង​ដែរ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ” ខ្ញុំមិន​ដែល​បាន​ឃើញ​ភ័ស្តុតាង​ណាមួយទេ​​ ចាប់តាំង​ពី​ពួកគេ​បាន​ប្ដឹង​មក​។ ពួកគេ​ចេះ​តែ​អះអាង​ថា ពួកគេ​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ ប៉ុន្តែ​ពួកគេ​មិន​បាន​បង្ហាញ​ភ័ស្តុតាង​ណាមួយ​ឡើយ​”។ ចៅក្រម​ លីបម៉េង មិន​អាច​ទាក់​ទង​សុំការ​អធិប្បាយ​បាន​ទេ។

លោក សុជាតិ បាន​និយាយ​ថា ចៅក្រម​មិន​សម្រេច​ ថា​តើ​យល់​ព្រម​តាម​សំណើ​សុំ​ដីកា​រក្សា​ការ​ពារ​ឬយ៉ាង​ណាទេ កាលពីម្សិលមិញ ហើយ​បាន​បញ្ចប់​កិច្ច​ប្រជុំ​ដោយ​ប្រាប់​ភាគី​ទាំង​ពីរ​ថា លោក​នឹង​​ឲ្យ​ពួកគេ​ដឹង​ ពេល​ណា​លោក​កំណត់​ពេល​វេលា​​ធ្វើការ​សម្រេច​នៅ​ពេល​ខាង​មុខ​។

លោក អាត់ ធន់ ត្រូវ​បាន​គេ​កំណត់​ពេល​ហៅ​មក​​សាក​សួរ​ក្នុង​រឿង​ក្ដីនេះ​កាល​ពី​ចុង​ខែ​មេសាកន្លង​ទៅ​​។ ប៉ុន្តែ​តុលាការ​បាន​ពន្យារ​ពេល​ការ​ណាត់​ជួប​នោះ ពេល​ដែល​អ្នក​គាំទ្រ​ប្រហែល​៣០០​នាក់​​របស់​លោក​ អាត់ ធន់ បាន​មក​ជួប​ជុំគ្នា​នៅខាង​ក្រៅ​តុលាការ​ដើម្បី​តវ៉ា​។

ក្នុង​ករណី​ដោយ​ឡែកមួយ​ទៀត​​ លោក អាត់ ធន់ ត្រូវ​បាន​គេ​សាក​សួរ​ពីរ​លើក​ជុំវិញ​ការ​ចោទ​​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​ការ​តវ៉ា​មួយ​របស់​កម្មករ​កាត់​ដេរ​កាលពី​ខែ​វិច្ឆិកា។ លោក​ អាត់ ធន់ អះអាង​ថា លោក​មិន​ទាំង​បានមាន​វត្តមាន​នៅ​ក្នុង​ការ​តវ៉ា​នោះ​ផង៕ មានិត​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post អតីត​សមាជិក​ក្រុម​ប្រឹក្សាពីរ​រូប​ជំរុញឲ្យ​​តុលាការ​ព្យួរ​ការ​ងារ​មេដឹកនាំ​សហជីព appeared first on ខេមបូឌា ដេលី.

កម្មករ​​​រោង​​​ចក្រ​​​ប្រមាណ​​​២០០នាក់​​​​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បង្ខំ​​​ឲ្យធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​

$
0
0

កម្មករ​​​ និង​​​តំណាង​​​សហជីព​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ប្រមាណ​​​២០០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ Pollysa (Cambodia) Home Textile ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ បាន​​​តវ៉ា​​​កាល​​​ពីម្សិលមិញ​​​ប្រឆាំង​​​ការ​​​បង្ខំ​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​ និង​​​ការ​​​បណ្តេញ​​​កម្មករ​​​២០​​​នាក់​​​ចេញ​​​ពី​​​ការ​​​ងារ​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ ដោយសារ​​​តែ​​​ពួកគេ​​​មិន​​​ព្រម​​​ធ្វើការ​​​បន្ថែម​​​ម៉ោង​​​។

លោក ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ធ​​​សហ​​​ជីព​​​ចលនា​​​​​​កម្មករ បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​ប្រហែល​​​១០០នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ចាប់​​​ពី​​​ម៉ោង​​​ប្រហែល​​​១១​​​ព្រឹក​​​នៅ​​​ខាង​​​ក្រៅ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ដែល​​​រោង​​​ចក្រ​​​នេះ​​​ស្ថិត​​​នៅ​​​ក្នុង​​​នោះ​​​ ចំណែក​​​ឯ​​​កម្មករ​​​១០០នាក់​​​ទៀត​​​ធ្វើការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្នុង​​​ ហើយ​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​រហូត​​​ដល់​​​ម៉ោង​​​៥​​​ល្ងាច​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “រោង​​​ចក្រ​​​នេះ​​​កំពុង​​​តែ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​តាម​​​រយៈ​​​ការ​​​បណ្តេញ​​​កម្មករ​​​២០​​​នាក់​​​ចេញ​​​ពី​​​ការ​​​ងារ​​​ នៅ​​​ពេល​​​ពួក​​​គាត់​​​មិន​​​ព្រម​​​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​ និង​​​ទាម​​​ទារ​​​សិទ្ធិ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​។ ពួកគេ​​​បន្ត​​​គំរាម​​​បណ្តេញ​​​កម្មករ​​​​​​​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត ដោយ​​​បង្ខំ​​​ឲ្យ​​​ពួកគាត់​​​ធ្វើការ​​​”។

ណុន ថារី អាយុ​​​២៦​​​ឆ្នាំ​​​ដែល​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​កាល​​​ពីម្សិលមិញ និយាយ​​​ថា ទង្វើ​​​របស់​​​រោង​​​ចក្រ​​​នេះ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ​​​។ កម្មការិនី​​​រូប​​​នេះ​​​និយាយ​​​ទៀត​​​ថា ” ថៅ​​​កែ​​​កំពុង​​​តែ​​​កេង​​​ប្រវ័ញ្ច​​​ពួក​​​​​យើង​​​។ ពួក​​​គេ​​​បញ្ជា​​​ឲ្យ​​​យើង​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​ពីរ​​​ម៉ោង ប៉ុន្តែ មិន​​​គិត​​​ប្រាក់​​​ឲ្យយើង​​​ទេ​​​។ នៅ​​​ពេល​​​យើង​​​សុំ​​​ច្បាប់​​​ឈប់​​​សម្រាក​​​មួយ​​​ថ្ងៃ​​​​​​ពេល​​​យើង​​​ឈឺ ពួក​​​គេ​​​បណ្តេញ​​​យើង​​​ចេញ​​​ពី​​​ការ​​​ងារ​​​។ តើ​​​ពួកគេ​​​ចង់​​​ឲ្យ​​​កម្មករ​​​ស្លាប់​​​ក្នុង​​​រោង​​​ចក្រ​​​ឬ?”។

តាំង​​​ ស្រីអែម អាយុ​​​២០​​​ឆ្នាំ​​​ដែល​​​បាន​​​ចូល​​​រួម​​​​​​ក្នុង​​​ការ​​​តវ៉ា​​​នេះ​​​ដែរ​​​និយាយ​​​ថា កម្មករ​​​ចង់​​​បាន​​​ម៉ោង​​​ការ​​​ងារ​​​ប្រាំ​​​បី​​​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ស្ត្រី​​​រូ​​​ប​​​នេះ​​​និយាយ​​​ទៀត​​​ថា ” យើង​​​នឹង​​​តវ៉ា​​​រហូត​​​ទាល់​​​តែ​​​​​​យើង​​​ទទួល​​​បាន​​​យុត្តិធម៌​​​។ យើង​​​ចង់​​​ធ្វើ​​​ការ​​​ប្រាំ​​​បី​​​ម៉ោង​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ ប៉ុន្តែ ប្រសិន​​​បើ​​​ក្រុមហ៊ុន​​​ចង់​​​ឲ្យ​​​យើង​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង ពួក​​​គេ​​​ត្រូវ​​​តែ​​​បើក​​​​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​ឲ្យ​​​យើង​​​”។

លោក ឃុន សាវឿន អ្នក​​​ឃ្លាំ​​​មើល​​​​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​អង្គការ​​​លីកាដូ​​​បាន​​​ថ្កោល​​​ទោស​​​ចំពោះ​​​ការ​​​រំលោភ​​​បំពាន​​​ពី​​​សំណាក់​​​រោង​​​ចក្រ​​​នេះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា ” រោង​​​ចក្រ​​​នេះ​​​គួរ​​​តែ​​​គោរ​​​ព​​​សិទ្ធ​​​ិ​​​ការ​​​ងារ​​​របស់​​​កម្មករ​​​យោង​​​ទៅ​​​តាម​​​ច្បាប់​​​របស់​​​កម្ពុជា​​​។​​​ប្រសិនបើ​​​គ្មាន​​​ការ​​​រំលោភ​​​បំពាន​​​ទេ​​​ ក៏​​​កម្មករ​​​មិន​​​ធ្វើ​​​ការ​​​តវ៉ា​​​ដែរ​​​”។ ទាំង​​​មន្ត្រី​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ ទាំង​​​តំណាង​​​រោង​​​ចក្រ​​​ដែល​​​ផលិត​​​ភួយ​​​ខាង​​​លើ​​​នេះ​​​ មិន​​​​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បានទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​៕ សុខុម​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post កម្មករ​​​រោង​​​ចក្រ​​​ប្រមាណ​​​២០០នាក់​​​​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បង្ខំ​​​ឲ្យធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​ appeared first on ខេមបូឌា ដេលី.

អ្នកភូមិ​យល់​ព្រម​ឲ្យ​មាន​ការ​វាស់​វែង​ដី​ឡើង​វិញ​ បន្ទាប់ពី​ព្យាយាម​ដណ្ដើម​ដី​កសិកម្ម​ពី​ក្រុមហ៊ុន​មក​វិញ

$
0
0

កាលពីម្សិលមិញ ក្រុម​អ្នកភូមិ​ដែល​មាន​វិវាទ​ដីធ្លី​​ជាមួយ​​ក្រុម​ហ៊ុន​កសិពាណិជ្ជកម្ម​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​ព្យាយាម​ដណ្ដើម​កាន់​កាប​់​​វិញនូវ​ដី​កសិកម្ម​​ ដែល​ពួកគាត់​និយាយ​ថា ជា​ដី​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយអាជ្ញាធរ​ខេត្ត​ ដែល​បាន​បញ្ចុះ​បញ្ចូល​ពួកគាត់​តាម​រយៈ​ការ​សន្យា​វាស់​វែង​ដីនោះឡើង​វិញ​។

ប្រជា​ពល​រដ្ឋប្រមាណ​២៥០​គ្រួសារ​ក្នុង​ស្រុក​ភ្នំស្រួច អះអាង​ថា ក្រុម​ហ៊ុន Master International Corporation Group បាន​កាន់​កាប់​ដីទំហំ​៩៥០​ហិកតា​នៃ​ដីកសិកម្ម​របស់ពួកគាត់​តាំង​ពីឆ្នាំ​២០០៦មក​ម្លេ៉ះ​​។ មន្ត្រី​មូល​ដ្ឋាន​និយាយ​ថា ដីនេះ​ជា​ផ្នែក​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​​ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​នេះ​។ អ្នកភូមិ​ប្រហែល​១០០​នាក់​ប្រដាប់​ដោយ​កៅស៊ូតង់​ និង​សម្ភារ​មួយ​ចំនួន​​ទៀត​ដើម្បី​សង់​ជម្រក​បណ្ដោះ​អាសន្ន​ បាន​ព្យាយាម​កាន់​កាប់​ដីនេះ​កាលពី​ម្សិលមិញ។

អ្នកភូមិ​ម្នាក់​ឈ្មោះ ភឿន ធា និយាយ​ថា ” ថ្ងៃ​នេះ យើង​ចង់​យក​ដី​របស​់​យើង​ត្រឡប់​មក​វិញ ប៉ុន្តែ​យើង​យក​មិន​បាន។ លោក​អភិបាល​រង​បាន​មក​និយាយ​ជាមួយ​ពួកយើង​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ល្អ​ជា​ង​នេះ​”។

អ្នកស្រី​ រ័ត្ន ថាវី មន្ត្រី​ឃ្លាំ​មើល​សិទ្ធិមនុស្ស​របស់​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​កំពង់​ស្ពឺ បានមាន​ប្រសាសន៍​ថា អ្នក​ភូមិ​ចង់​កាន់​កាប់​ដី​នេះឡើង​វិញ ពីព្រោះក្រុម​ហ៊ុន Master International Corporation Group ប្រើ​ប្រាស​់​តែ​មួយ​ចំណែក​ប៉ុណ្ណោះនៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​៩៥០ហិកតា​​សម្រាប់ធ្វើ​ចម្ការ​ដាំ​ដំឡូង​មី។អ្នកស្រី​លើក​ឡើង​ទៀត​ថា ដីប្រហែល​៤០០​ហិកតា​ទុក​នៅ​ទំនេរ​។

លោក​ ពេជ្រ ចន្ថា អភិបាល​ស្រុក​ភ្នំស្រួច​ ​បាន​មាន​​​ប្រសាសន៍​ថា លោក​ ដារ៉ា អភិបាល​រង​ស្រុក​​បាន​ជួប​ជាមួយ​អ្នកភូមិ​ទាំង​នេះ ហើយ​បាន​សន្យា​ដោះ​ស្រាយ​វិវាទ​នេះ​ ប៉ុន្តែ​មាន​​ប្រសាសន៍​ថា ការ​ប្រគល់​ដី​សម្បទាន​ឲ្យទៅពួកគាត់​វិញ​មិន​អាច​ទៅ​រួច​ឡើយ​។ លោកមាន​ប្រសាសន៍​ថា ” លោក​អភិបាល​រង​បាន​ចុះ​ទៅពិនិត្យ​មើល​ដីនោះ ដើម្បី​សម្រប​សម្រួលជាមួយអ្នក​ភូមិ និង​ដើម្បី​ស្វែង​យល់ពី​ស្ថានភាព​ជាក់​ស្ដែង​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នេះ​”។

លោក​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​កំពុង​ខិត​ខំ​អស់​ពីលទ្ធភាព​ដើម្បី​ដោះ​ស្រាយ​វិវាទ​នេះ ប៉ុន្តែ​បដិសេធ​មិនពន្យល់​ថា​ តើ​ការ​វាស់​វែង​ដី​ឡើង​វិញ​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​របៀប​ណា​ទេ​។ លោក​បន្ត​ថា “យើង​មិន​អាច​និយាយ​អ្វី​បានទេ ពីព្រោះដី​នោះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​ជា​​ដី​សម្បទាន​សេដ្ឋកិច្ចរួច​ទៅហើយ​”៕ សុខុម​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post អ្នកភូមិ​យល់​ព្រម​ឲ្យ​មាន​ការ​វាស់​វែង​ដី​ឡើង​វិញ​ បន្ទាប់ពី​ព្យាយាម​ដណ្ដើម​ដី​កសិកម្ម​ពី​ក្រុមហ៊ុន​មក​វិញ appeared first on ខេមបូឌា ដេលី.


ប្រទេស​​​ថៃ​​​នឹង​​​ដោះលែង​​​ពលករ​​​ខ្មែរ​​​១៤​​​នាក់​​​ បន្ទាប់ពី​​​ការ​​​លើក​​​លែង​​​ទោស​​​សកម្ម​​​ជន​​​ថៃ​​​

$
0
0

បណ្តាញ​​​ព័ត៌មាន​​​ថៃ​​​បាន​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​កាល​​​ពីម្សិលមិញ​​​ថា បន្ទាប់​​​ពី​​​ការ​​​ដោះ​​​លែង​​​លោក វីរ៉ា​​​ ស៊ុម​​​ក្វាម​​​ឃីដ សកម្ម​​​ជន​​​អាវ​​​លឿង​​​ថៃ​​​ពី​​​ពន្ធ​​​នា​​​គា​​​រ​​​នៅ​​​​​​កម្ពុជា​​​ឲ្យ​​​មាន​​​សេរីភាព​​​បាន​​​មួយ​​​ថ្ងៃ​​​ របប​​​យោធា​​​ថៃ​​​បាន​​​ប្រកាស​​​ចេតនា​​​របស់​​​ខ្លួន​​​នឹង​​​ដោះ​​​លែង​​​ពល​​​ករ​​​​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​១៤​​​នាក់​​​ដែល​​​ជាប់​​​ពន្ធ​​​នាគា​​​រ​​​នៅដើម​​​ខែ​​​នេះ​​​ពី​​​បទ​​​កាន់​​​ទិដ្ឋាការ​​​ក្លែង​​​ក្លាយ​​​។ 

លោក​​​ វីរ៉ា ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​មាន​​​សេរីភាព​​​​​​កាល​​​ពី ​​​ថ្ងៃ​​​អង្គារ បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ជា​​​មួយ​​​គណៈ​​​ប្រតិភូថៃ​​​កាល​​​ពី​​​ព្រឹក​​ម្សិលមិញ​​​។ ស៊ីវ​ ចាន់ណា​

លោក​​​ វីរ៉ា ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​មាន​​​សេរីភាព​​​​​​កាល​​​ពី ​​​ថ្ងៃ​​​អង្គារ បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ជា​​​មួយ​​​គណៈ​​​ប្រតិភូថៃ​​​កាល​​​ពី​​​ព្រឹក​​ម្សិលមិញ​​​។ ស៊ីវ​ ចាន់ណា​

លោក​​​ វីរ៉ា ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​មាន​​​សេរីភាព​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ អំឡុង​​​ទស្សន​​​កិច្ច​​​មួយ​​​របស់​​​រដ្ឋមន្ត្រី​​​ការបរទេស​​​ថៃ​ស្តី​​​ទី​​​ លោក Sihasak Phuangketkeow ជា​​​មន្ត្រី​​​ថៃ​​​ថ្នាក់​​​ខ្ពស់​​​លើក​​​ដំបូង​​​មក​​​កម្ពុជា​​​ ចាប់​​​តាំង​​​ពី​​​ការ​​​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ថៃ​​​​​​កាល​​​ពី​​​ខែ​​​មុន​​​មក។ លោក​​​ វីរ៉ា បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ជា​​​មួយ​​​គណៈ​​​ប្រតិភូថៃ​​​កាល​​​ពី​​​ព្រឹក​​ម្សិលមិញ​​​។

រដ្ឋាភិបាល​​​កម្ពុជា​​​ បាន​​​បញ្ជាក់​​​ថា ការ​​​ដោះ​​​លែង​​​លោក វីរៈ​​​ គឺ​​​ជា​​​កាយ​​​វិការ​​​សុច្ឆន្ទៈ ហើយ​​​បាន​​​​​​បដិសេធ​​​ថា ការ​​​​​​ដោះ​​​លែង​​​អ្នក​​​ជាតិ​​​និយម​​​ជ្រុល​​​ថៃ​​​នេះ​​​ ដែល​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ប្រាំ​​​បី​​​ឆ្នាំ​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​ ពីបទ​​​​ឆ្លង​​​ព្រំ​​​ដែន​​​ខ្មែរ​-​​​ថៃ​​​ដោយ​​​ខុស​​​ច្បាប់ និង​​​ពីបទ​ធ្វើ​​​ចារកម្ម​​​នោះ​​​ មិន​​​មែន​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ប្តូរ​​​អ្នក​​​ទោស​​​ឡើយ​​​។

​​​យ៉ាង​​​នេះ​​​ក្តី លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​ពល​​​រដ្ឋ​​​ខ្មែរ​​​១៤​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ អំឡុង​​​ជំនួប​​​មួយ​​​ជា​​​មួយ​​​លោក Sihasak ។ ហើយ​​​ក្នុង​​​ពេល​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ ដែល​​​លោក​​​ វីរ៉ា​​​ បាន​​​ទៅ​​​ដល់​​​ក្រុង​​​បាង​​​កក​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញនោះ​ លោក​​​ Chanchao Chaiyanukij រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​ថៃ​​​ស្តីទី​​​បាន​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ទាំង​​​១៤​​​នាក់​​​នោះ​​​នឹ​​​ងត្រូវ​​​ដោះ​​​លែង​​​ឲ្យ​​​មាន​​​សេរីភាព ” ក្រោម​​​សន្ធិសញ្ញា​​​ផ្ទេ​​​រ​​​អ្នក​​​ទោស​​​អន្តរ​​​ជាតិ​​​​​​ផ្អែក​​​លើ​​​បដិការ​​​”  នេះ​​​បើ​​​តាម​​​​​​សេចក្តី​​​រាយការណ៍​​​របស់​​​កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍​​​។

លោក Kobkiat Kasivivat អគ្គនាយក​​​រង​​​នៃ​​​នាយក​​​ដ្ឋាន​​​កែ​​​ប្រែ​​​ ត្រូវ​​​បាន​​​កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍​​​ដក​​​ស្រង់​​​សម្តី​​​ថា ” ដោយ​​​ហេតុ​​​ថា ពួកគេ​​​ត្រូ​​​វ​​​បាន​​​​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស ហេតុ​​​ដូច្នេះ​​​​​​​​​​​​​​​​​​ហើយ​​​មិន​​​ស្ថិត​​​នៅ​​​ក្រោម​​​លក្ខខណ្ឌ​​​ផ្ទេរ​​​អ្នក​​​ទោស​​​ទេ​​​ ប្រទេស​​​​​​ថៃ​​​អាច​​​ធ្វើ​​​​​​ [​​​តាម​​​សំណើ​​​របស់​​​ប្រទេស​​​កម្ពុជា​​​] ដោយ​​​ឲ្យ​​​​​​នគរបាល​​​​​​ដក​​​បទ​​​ចោទ​​​ប្រកាន់​​​ ហើយ​​​បញ្ជូន​​​ពួក​​​គេ​​​ទៅវិញ​​​ភ្លាម​​​ៗ​​​”។

លោក​​​ កុយ​​​ គួង អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ការបរទេស​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បាន​​​ឃើញ​​​អត្ថ​​​បទ​​​រាយការណ៍​​​ក្នុង​​​ព័ត៌មាន​​​ ប៉ុន្តែ មិនទាន់​​​​​​ត្រូវ​​​បាន​​​​​​ជូន​​​ដំណឹង​​​ដោយ​​​អាជ្ញាធរ​​​ថៃ​​​អំពី​​​សេចក្តី​​​សម្រេច​​​ដោះ​​​លែង​​​ពលករ​​​ចំណាក​​​ស្រុក​​​ទាំង​​​នេះ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ដឹង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​១៤​​​នាក់​​​នោះ​​​នឹង​​​ត្រូវ​​​ដោះ​​​លែង​​​ប៉ុន្តែ ក្រសួង​​​មិនទាន់​​​បាន​​​ទទួល​​​កា​​​រជូន​​​ដំណឹង​​​ការទូត​​​ ឬ​​​ផ្លូវ​​​ការ​​​ណា​​​មួយ​​​ពី​​​ប្រទេស​​​ថៃ​​​ទេ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​ស្វាគមន៍​​​កិច្ច​​​ប្រឹង​​​ប្រែង​​​នេះ​​​ ព្រោះ​​​វា​​​បង្ហាញ​​​ទំនាក់​​​ទំនង​​​មិត្ត​​​ភាព​​​ជា​​​មួ​​​យ​​​រដ្ឋាភិបាល​​​យោ​​​ធា​​​ថ្មី​​​របស់​​​ប្រទេស​​​ថៃ​​​។

លោក​​​ កុយ​​​ គួង បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​មិន​​​ចង់​​​ឲ្យ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ណា​​​ម្នាក់​​​ក្លាយ​​​ជា​​​ជន​​​រងគ្រោះ​​​ទេ​​​ ប៉ុន្តែ​ដូច​​​ដែល​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ហើយ​​​ថា   ទំនាក់​​​ទំនង​​​រវាង​​​ប្រទេស​​​របស់​​​យើង​​​នៅ​​​តែ​​​ដដែល​​​”។

លោក​​​ ហ្វីល​​​ រ៉ូបឺត​​​សុន នាយក​​​រង​​​របស់​​​អង្គកា​​​រ​​​សិទ្ធិ​​​មនុស្ស​​​ Human Rights Watch ប្រចាំ​​​តំបន់​​​អាស៊ី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​របស់​​​លោក​​​មិន​​​បាន​​​ដឹង​​​ថា តើ​​​ការ​​​ប្តូរ​​​អ្នក​​​ទោស​​​ជា​​​ផ្លូវ​​​ការ​​​ណា​​​មួយ​​​បាន​​​ធ្វើ​​​ឡើង​​​នោះ​​​ទេ​​​ ប៉ុន្តែ បាន​​​បន្ថែម​​​ថា ការ​​​ដោះ​​​លែង​​​ទាំង​​​ពីរ​​​ជា​​​ព័ត៌​​​មាន​​​ល្អ​​​។

លោក​​​បាន​​​បន្ថែម​​​ថា “វា​​​មិន​​​ច្បាស់​​​ថា ជន​​​ចំណាកស្រុក​​​ខ្មែរ​​​​​​ត្រូវ​​​បាន​​​គេ​​​ទម្លាក់​​​កំហុស​​​ដាក់​​​នោះ​​​ទេ​​​ ព្រោះ​​​ថា មេ​​​ខ្យល់​​​ [ ជ្រើស​​​រើស​​​ពល​​​ករ​​​]​​​​​ រត់​ការ​​​លឿន ហើយ​​​បាត់​​​ឯកសារ​​​។ វា​​​ជា​​​រឿង​​​ល្អ​​​ ដែល​​​ពួក​​​គេ​​​ត្រូ​​​វ​​​បាន​​​ដោះ​​​លែង ព្រោះ​​​មិន​​​គួរ​​​មាន​​​ទោស​​​ព្រហ្មទណ្ឌ​​​ដោយ​​​សារ​​​តែ​​​ការ​​​ធ្វើ​​​ចំណាក​​​ស្រុក​​​ធម្មតា​​​ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នោះ​​​​​​”។

លោក​​​ រ៉ូបឺតសុន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ វីរ៉ា ជា​​​ចំណុច​​​ចាប់​​​អារម្មណ៍​​​ខ្លាំង​​​មួយ​​​នៃ​​​ទំនាក់​​​ទំនង​​​ខ្មែរ​​​-ថៃ​​​ ព្រោះ​​​រដ្ឋាភិបាល​​​ថៃ​​​ជា​​​បន្ត​​​បន្ទាប់​​​បាន​​​ព្យាយាម​​​​​​មិន​​​បាន​​​សម្រេច​​​ ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​រូប​​​គាត់​​​ ចាប់​​តាំង​​​ពី​​​គាត់​​​ត្រូវ​​​បាន​​​ជាប់​​​ពន្ធ​​​នាគារ​​​ពី​​​បទ​​​ចោទ​​​ចារកម្ម​​​​​​ហាក់​​​​​​ដូចជា​​​មិន​​​ត្រឹម​​​ត្រូវ​​​ បន្ទាប់​​​ពី​​​ឆ្លង​​​ចូល​​​តំបន់​​​គ្មាន​​​មនុស្ស​​​នៅ​​​ នៅ​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន។ លោក​​​បាន​​​បន្ថែម​​​ថា ” គាត់​​​មិន​​​គួរ​​​ត្រូវ​​​ជាប់​​​ពន្ធ​​​នាគារ​​​តាំង​​​ពី​​​ដំបូង​​​ម្លេ៉ះ​​​”៕មានិត​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ប្រទេស​​​ថៃ​​​នឹង​​​ដោះលែង​​​ពលករ​​​ខ្មែរ​​​១៤​​​នាក់​​​ បន្ទាប់ពី​​​ការ​​​លើក​​​លែង​​​ទោស​​​សកម្ម​​​ជន​​​ថៃ​​​ appeared first on ខេមបូឌា ដេលី.

អភិបាល​ខណ្ឌ​ជ្រោយ​ចង្វា​បញ្ជា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដាក់​លើ​ដីមានជម្លោះ​

$
0
0

កាលពី​ម្សិលមិញ​អភិបាល​ខណ្ឌ​ជ្រោយ​​ចង្វា បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ដឹក​នាំ​គម្រោង​អចលន​ទ្រព្យ​តម្លៃ​៣.០០០​លាន​ដុល្លារ​នៅ​ជ្រោយ​ចង្វា​ បញ្ឈប់ជា​បណ្ដោះ​អាសន្ន​នូវ​ការ​បូម​ខ្សាច់​ដាក់​លើ​ដី ដែល​មាន​ជម្លោះ​ជាមួយ​ប្រជា​ជន​មូល​ដ្ឋាន​ប្រហែល​៤០​គ្រួសារ​ ប៉ុន្តែ​បាន​ជំរុញ​ប្រជា​​ជន​ទាំង​នោះ​ឲ្យ​ពិចារណា​អំពី​ការ​ផ្ដល់​សំណង។

ក៏ប៉ុន្តែ​គ្រួសារ​ទាំង​នោះ​​បាន​ច្រាន​ចោល​សំណើ​របស់​លោក​អភិបាល​ ឃ្លាំង ហួត និង​បាន​និយាយ​ថា ពួកគេ​នឹង​ប្ដឹង​ក្រុម​ហ៊ុន​Overseas Cambodian Investment Corporation (OCIC) ទៅ​សាលា​រាជ​ធានី។

លោក យ៉ា លាង​ហាក់ អាយុ​៤០​ឆ្នាំ​បាន​និយាយ​ក្រោយ​ពី​ចេញ​ពីការ​ប្រជុំ​ជាមួយ​លោក ឃ្លាំង ហួត និង​លោក ទូច សំណាង អ្នក​គ្រប់​គ្រង​គម្រោង​ OCIC ថា ” យើង​នឹង​តវ៉ា​ទៅ​សាលា​រាជធានី​ហើយ​​ផ្ដល់​ឲ្យពួកគេ​នូវ​ជម្រើស​ពីរ​៖ ទី១ គឺ​កាត់​ដី​របស់​យើង​ចេញពី​ដី​របស់​ក្រុម​ហ៊ុន​ ហើយ​អនុញ្ញាត​ឲ្យយើង​រស់​នៅ​ទីនោះ​ដោយ​សុខ​សាន្ត​ ទី២ ផ្ដល់​ឲ្យ​យើង​នូវ​សំណង​ដែល​ស្មើនឹង​តម្លៃ​ដី​របស់​យើង​”។

លោក​អភិបាល​បាន​រៀប​ចំ​កិច្ច​ប្រជុំ​នេះដើម្បី​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​មួយ​សម្រាប់​ប្រជាជន​ប្រហែល​៤០​គ្រួសារ​ ដែល​មិន​ព្រម​ប្រគល់​ដី​របស់ខ្លួន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ OCIC។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ការិយាល័យ​ខណ្ឌ​ជ្រោយ​ចង្វា ដែល​ស្ថិត​ក្នុង​ទី​បរិវេណ​ជាមួយ​ទីស្នាក់​ការ​ខណ្ឌ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​កាន់​អំណាច​ និង​មាន​សន្តិសុខ​ OCIC យាម​ការ​ពារ​។

អ្នក​ភូមិជាច្រើន​នាក់​បាន​បង្ហាញ​បង្កាន់​ដៃ​​ដែល​បញ្ជាក់​ថា ពួកគេ​បាន​កាន់​កាប់​ដី​ដែល​ពួក​គេ​កំពុង​រស់​នៅ​នោះ​តាំងពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហមជាង​​បី​ទសវត្សរ៍​មក​ហើយ​។ ប្រសិន​​បើពិត​មែន​ គ្រួសារ​ប្រជា​ជន​ទាំងនេះ​មាន​សិទ្ធិ​ស្រ​ប​ច្បាប់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​។

ក្រោយពី​កិច្ច​ប្រជុំ​ លោក ឃ្លាំង ហួត បាន​អញ្ជើញ​អ្នក​យក​ព័ត៌មាន និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចូល​ការិយាល័យ​របស់​លោក​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សន្យា​ថា នឹង​មិន​មាន​ការ​បូម​ខ្សាច់​ទេ រហូត​ដល់​ប្រជា​ជន​មាន​ការ​ព្រមព្រៀង​។ ខ្ញុំ​សន្យា​ថា នឹង​មិន​មាន​អំពើ​ហិង្សា​ប្រើ​លើ​ប្រជា​ជន​ឡើយ​”។

ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ដំណោះ​ស្រាយ​ទេ​កាលពី​រសៀល​ម្សិលមិញ ខណៈ​ដែល​លោក​អភិបាល​ខណ្ឌ​ និង​ក្រុម​ហ៊ុន​ OCIC មិន​បាន​បន្ថែម​អ្វី​ទៅ​នឹង​សំណើ​ផ្ដល់​សំណង​ ដែល​ក្រុម​អ្នក​ភូមិ​បាន​បដិសេធ​រួច​ទៅ​ហើយ​ គឺ​អគារ​ក្នុង​ប្លុក​ផ្ទះ​ល្វែង​នៅ​ខាង​ក្នុង​ទី​បរិវេណ​យាម​ការ​ពារ​ដោយ​សន្តិ​សុខ​ក្រុម​ហ៊ុន​ OCIC។

លោក ស សំអុល​ ជាអ្នក​ភូមិ​ម្នាក់​បាន​និយាយ​ថា ” ខ្ញុំ​មិនអាច​ទៅ​រស់​នៅ​ក្នុង​អគារ​នេះ​បានទេ។ វា​មិន​ធំល្មម​សម្រាប់​គ្រួសារ​ខ្ញុំ​ ដែល​សមាជិក​ប្រាំមួយ​នាក់​ឡើយ”។ទាហាន​ជើង​ទឹក​អាយុ​៥១​ឆ្នាំ​រូប​នេះ​ ដែល​បម្រើ​ការ​នៅ​កងនាវា​កម្ពុជា​ បាន​និយាយ​ថា ជម្លោះដីនេះ​គឺ​ជា​ការ​ធ្វើ​តេស្ត​ភក្ដីភាព​របស់​លោក​។ លោក​បាន​និយាយ​ថា “ខ្ញុំ​បានខិត​ខំ​ជួយ​ប្រទេស​នេះ​អស់​រយៈពេល​៣១​ឆ្នាំ​។ ប្រសិន​បើ​ខ្សាច់​ហូរ​ចេញ​ពី​បំពង់​នោះ​ជាថ្មី​ ខ្ញុំ​នឹង​លែង​​មាន​កម្លាំង​បម្រើ​ប្រទេស​របស់​ខ្ញុំ​ទៀត​ហើយ​”៕ មានិត​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post អភិបាល​ខណ្ឌ​ជ្រោយ​ចង្វា​បញ្ជា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដាក់​លើ​ដីមានជម្លោះ​ appeared first on ខេមបូឌា ដេលី.

ក្រុម​​​មន្ត្រី​​​ខ្មែរ​​​ និង​​​ថៃ​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​ពល​​​ករ​​​ឆ្លង​​​ព្រំដែន​​​

$
0
0

អាជ្ញាធរ​​​បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ពល​​​ករ​​​ចំណាក​​​ស្រុក​​​ច្រើន​​​ជាង​​​១០០នាក់​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​ត្រូវ​​​បាន​គេ​​​​​ហាម​​​ឃាត់​​​ និង​​​ឃាត់​​​ខ្លួន​​​​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​​​​ ខណៈ​​ពេល​​​ដែល​​​ពលករ​​​ទាំង​​​នោះ​​​ព្យាយាម​​​ឆ្លង​​​ដែន​​​ទៅ​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ប្រទេស​​​ថៃ​​​  ខណៈ​​​ដែល​​​បុគ្គលិក​​​សិទ្ធិ​​​មនុស្ស​​​ម្នាក់​​​បាន​​​និយាយ​​​ថា ជន​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ជាង​​​២៣​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ប្រទេស​​​ថៃ​​​។

លោក​​​ សាវ ប៊ុន អធិការ​​​នគរបាល​​​ស្រុក​​​ម៉ាឡៃ បាន​​​មាន​​​ប្រសាសន៍​​​ថា ពល​​​ករ​​​រាប់​​​សិប​​​នាក់​​​ត្រូវ​​​បាន​​​គេ​​​ឃាត់​​​ដំណើរ​​​នៅ​​​ព្រំ​​​ដែន ​​​ក្នុង​​​​​​ប្រតិបត្តិការ​​​រួម​​​គ្នា​​​មួយ​​​រវាង​​​អាជ្ញាធរ​​​ខ្មែរ​​​ និង​​​អាជ្ញា​​​ធរ​​​ថៃ​​​ ដែល​​​នាំ​​​ឲ្យ​​​ជន​​ដែល​​​​​​បម្រុង​​​​​​ធ្វើ​​​ចំណាក​​​ស្រុក​​​១០៩​​​នាក់​​​​​​​​​​​​​ត្រឡប់​​​មក​​​វិញ​​​ និង​​​បាន​​​ប្រាប់​​​ពួក​​​គេ​​​ថា ពួក​​​គេ​​​ចាំ​​​បាច់​​​ត្រូ​​​វ​​​បំពេញ​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​ ទើប​​​​​​គេ​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ប្រទេស​​​ថៃ​​​។

លោក​​​អធិការ ប៊ុន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​បាន​​​សហ​​​ការ​​​ជាមួយ​​​ទាហាន​​​ថៃ​​​​​​ដើម្បី​​​ឃាត់​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ទាំ​​​ង​​​នោះ ហើយ​​​យើង​​​បាន​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​អធិការ​​​ដ្ឋាន​​​នគរ​​​បាល​​​ស្រុក​​​របស់​​​យើង​​​ ដើម្បី​​​អប់​​​រំ​​​ពួក​​​គេ​​​ និង​​​ឲ្យ​​​ពួក​​​គេ​​​យល់​​​អំពី​​​ផល​​​លំបាក​​​នៃ​​​ការ​​​ធ្វើ​​​ការ​​​​​​ដោយ​​​ខុស​​​ច្បាប់​​​​​​​​​នៅ​​​ប្រទេស​​​ថៃ​​​”។ ពល​​​ករ​​​ជាច្រើន​​​នាក់​​​បាន​​​ប្រាប់​​​លោក ប៊ុន ថា ពួកគេ​​​មិន​​​ចង់​​​ចំណាយ​​​ពេល​​​ច្រើន​​​ដើម្បី​​​រៀប​​​ចំ​​​ឯកសារ​​​ធ្វើ​​​ការ​​​មុន​​​ពេល​​​ទៅ​​​ប្រទេស​​​ថៃ​​​ទេ​​​ ហើយ​​​ថា ពល​​​ករ​​​មួយ​​​ចំនួន​​​​​​ត្រូវ​​​បាន​​​​​​អតីត​​​ថៅកែ​​​របស់​​​ពួក​​​គេ​​​​​​នៅ​​​ប្រទេស​​​ថៃ​​​ទាក់​​​ទង​​​​​​សុំ​​​ឲ្យ​​​ពួក​​​គេ​​ត្រឡប់​​​ទៅ​​​វិញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​យល់​​​ថា ថៅ​​​កែ​​​ថៃ​​​ក៏​​​បាន​​​ប្រព្រឹត្ត​​​ខុស​​​ដែរ ​​​ព្រោះ​​​បាន​​​​​​ទូរ​​​ស័ព្ទ​​​ហៅ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​របស់​​​យើង​​​ទៅ​​​ធ្វើ​​​ការ​​​ឲ្យ​​​ពួកគេ​​​ ប៉ុន្តែ ពេល​​​មាន​​​បញ្ហា​​​កើត​​​ឡើង​​​ថៅកែ​​​ទាំង​​​នោះ​​​​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ឡើយ​​​”។

លោក​​​ ស៊ុំ​​​ ចាន់​​​គា អ្នក​​​សម្រប​​​សម្រួល​​​ប្រចាំ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ទទួល​​​ព័ត៌​​​​​​មាន​​​ពី​​​ទាហាន​​ខ្មែរ​​​នៅ​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​ថា ទាហាន​​​ថៃ​​​បាន​​​ចាប់​​​ខ្លួន​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​២៣​​​នាក់​​​ក្នុង​​​ខេត្ត​​​ស្រះ​​​កែវ​​​​​​ដែល​​​នៅ​​​ជិត​​​ខាង​​​។

​​​ដោយ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ ឬ​​​ផ្តល់​​​ព័ត៌​​​មាន​​​​​​សម្រាប់​​​ទាក់​​​ទង​​​ទៅ​​​ទាហាន​​​ដែល​​​បាន​​​ផ្តល់​​​​​​ព័ត៌​​​មាន​​​នេះ​​​ លោក ស៊ុំ ចាន់គា បាន​​​មាន​​​ប្រសាសន៍​​​ថា ” ទាហាន​​​ថៃ​​​បាន​​​ចាប់​​​ខ្លួន​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​២៣​​​នាក់​​ក្នុង​​​​​​ខេត្ត​​​ស្រះ​​​កែវ​​​ នៅ​​​ថ្ងៃ​​​នេះ​​​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​​​​កំពុង​​​ធ្វើ​​​ការ​​​លើ​​​រឿង​​​នេះ​​​ដើម្បី​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​គេ​​​ឃាត់​​​ខ្លួន​​​នៅ​​​ទី​​​ណា​​​”។ លោក គោស៊ុំ សារឿត​​​​​​ អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អ្វី​​​សោះ​​​អំពី​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​។

លោក​​​ កុយ​​​ គួង​​​ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួ​​​ង​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  ​​​លោក​​​​​​មិន​​​បាន​​​ដឹង​​​អំពី​​​ករណី​​​ជាក់​​​លាក់​​​ដែល​​​លោក​​​ ស៊ុំ ចាន់​​​គា​​​ បាន​​​លើក​​​ឡើង​​​ទេ​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា ពលករ​​​ខ្មែរ​​​ជាង​​​១០០នាក់​​​ត្រូ​​​វ​​​បាន​​​​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ប្រទេស​​​ថៃ ចាប់​​​តាំង​​​ពី​​​​​​ក្រុម​​​យោធា​​​ថៃ​​​បាន​ដណ្តើម​​​អំណាច​​​កាល​​​ពី​​​ចុង​​​ខែ​​​ឧសភា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” រហូត​​​មក​​​ដល់​​​ពេល​​​នេះ​​​ ខ្ញុំ​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​ថា [ ពល​​​ករ​​​ខ្មែរ] ១០៧​​​នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​។ ​​​ក្រោយ​​​​​​ពី​​​ពួក​​​គេ​​​ត្រូ​​​វ​​​បាន​​​ចាប់​​​ខ្លួន​​​បន្តិច​​​ ពួក​​​គេ​​​ក៏​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​ ហើយ​​​អ្នក​​​ទាំង​​​នោះ​​​បាន​​​ទៅ​​​ផ្ទះ​​​អស់​​​ហើយ​​​”។

កាល​​​ពី​​​ខែ​​​មុន​​​ ពល​​​ករ​​​ខ្មែរ​​​រាប់​​​រយ​​​រាប់​​​ពាន់​​​នាក់​​​ ដែល​​​ភា​​​គ​​​ច្រើន​​​ក្នុង​​​ចំណោម​​​​​​ពួក​​​គេ​​​គ្មាន​​​ឯកសារ​​​នោះ​​​​​​ បាន​​​សម្រុក​​​​​​ឆ្លង​​​ដែន​​​មក​​​ស្រុក​​​វិញ​​​​​​ក្នុង​​​ពេល​​​មាន​​​ការ​​​​​ភ័យ​​​ខ្លាច​​​អំពី​​​ការ​​​ចាប់​​​ខ្លួន​​​ និង​​​អំពើ​​​ហិង្សា​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​​​​របស់​​​របប​​​យោធា​​​។

​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​ស្តី​​​ទី​​​របស់​​​ប្រទេស​​​ថៃ​​​បាន​​​ប្រកាស​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធថា ពល​​​ករ​​​ខ្មែរ​​​១៤​​​នាក់​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​នៅ​​​ប្រទេស​​​ថៃ​​​តាំង​​​ពី​​​ខែ​​​មុន​​​មក ហើយ​​​ត្រូវ​ប្រឈម​​​នឹង​​​ការ​​​កាត់​​​ក្តី​​​ពីបទ​​​ចោទ​​​ថា ប្រើ​​​ឯកសារ​​​ការ​​​ងារ​​​ក្លែង​​​ក្លាយ​​​នោះ​​​ នឹង​​​ត្រូវ​​​គេ​​​ដោះ​​​លែង​​​ឲ្យ​​​មាន​​​សេរីភាព​​​​​​វិញ​​​។ កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ព្រះ​​​មហា​​​ក្សត្រ​​​​​​ ព្រះ នរោត្តម​​​ សីហមុនី​​​ បាន​​​ព្រះ​​​រាជ​​​ទាន​​​ការ​​​លើក​​​លែង​​​ទោស​​​ដល់​​​លោក​​​ វីរ៉ា ស៊ុម​​​ក្វាម​​​ឃីដ សកម្ម​​​ជន​​​អាវ​​​លឿង​​​ថៃ ដែល​​​​​​ជាប់​​​ពន្ធ​​​នាគារ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​តាំង​​​ពី​​​ឆ្នាំ​​​២០១០​​​មក​​​៕មានិត (រាយការណ៍​​​បន្ថែម​​​ដោយ​​​ LaurenCrothers)​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ក្រុម​​​មន្ត្រី​​​ខ្មែរ​​​ និង​​​ថៃ​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​ពល​​​ករ​​​ឆ្លង​​​ព្រំដែន​​​ appeared first on ខេមបូឌា ដេលី.

លោក ហ៊ុន សែន​ ច្រាន​ចោលសេចក្ដីរាយការណ៍​របស់​ថៃ​អំពី​ការ​ដោះ​ដូ​រ​អ្នក​ទោស​

$
0
0

កាលពីម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សេចក្ដី​រាយ​ការ​ណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​ស្ដីអំពីការ​ដោះ​ដូរ​អ្នក​ទោស​រវាង​ប្រទេសថៃ​ និង​ប្រទេស​កម្ពុជា គឺ​មិន​ត្រឹម​ត្រូវ​ទេ ទោះបីជា​ថ្មីៗ​នេះ​មាន​​ការ​ដោះ​លែង​អ្នក​ទោស​ និង​ការ​សន្យា​ដោះលែង​អ្នក​ទោស​ក្នុង​ប្រទេស​ទាំងពីរ​សុទ្ធ​តែ​បង្ហាញ​ពីសញ្ញា​នៃ​ការ​ដោះ​ដូរ​ក្ដី។

កាលពី​ថ្ងៃ​អង្គារ លោក វីរ៉ា ស៊ុម​ក្វាម​ឃីដ​ សកម្មជន​ជាតិ​និយមជ្រុល​​ថៃ​ ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​ប្រាំបីឆ្នាំ​ពីបទ​ចូល​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​បទ​ចារកម្ម ត្រូវ​បាន​ដោះ​លែង​ឲ្យមាន​សេរីភាព​ឡើង​វិញ​ក្រោយពី​ទទួល​បានការ​​ព្រះរាជទាន​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ខ្មែរ។ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក វីរ៉ា សុ៊មក្វាមឃីដ បាន​​ទៅ​ដល់​ក្រុង​បាង​កក​នៅ​ថ្ងៃ​ស្អែក​ឡើង ប្រទេស​ថៃ​បាន​ប្រកាស​ផែន​ការ​របស់​ខ្លួន​​ដោះ​លែង​ប្រជា​ពល​រដ្ឋខ្មែរ​ចំនួន​១៤​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ថ្មីៗ​​ពីបទ​ប្រើ​ប្រាស់​ទិដ្ឋាការ​ក្លែង​ក្លាយ​។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​សង្ឃឹម​ថា​ប្រជា​ពល​រដ្ឋខ្មែរ​ទាំង​១៤​នាក់នោះនឹង​ត្រូវ​គេ​បញ្ជូន​ត្រឡប់មក​វិញ​នៅ​ថ្ងៃ​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ទៀ​តថា “ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​ទេ រង់​ចំា​មើល​សិន​”។ កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​អះអាង​ថា សេចក្ដី​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​របស់​ថៃ​អំពី​ការ​ដោះ​ដូរ​អ្នកទោស​​គឺ​មិន​ត្រឹម​ត្រូវ​​ឡើយ​។ លោក​បាន​បញ្ជាក់​ថា ” វា​មិនមែន​ជាការ​ដោះ​ដូរ​ទេ​ វា​មិន​មែនជា​ថ្នូរ​ទេ​ យើង​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​​ឡើយ”។

ចាប់​តាំង​ពីថ្ងៃ​អង្គារ​មក រដ្ឋាភិបាល​បាន​​ព្យាយាម​បក​ស្រាយ​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​លែង​លោក​ វីរ៉ា ស៊ុមក្វាមឃីដ ភ្លាមៗ​អំឡុង​ដំណើរ​ទស្សនកិច្ច​​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី​ថៃ​ថា គ្មាន​អ្វី​ក្រៅពីកាយ​វិការ​សុច្ឆន្ទៈ​ទេ។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​កាលពី​ម្សិល​មិញ ​អំឡុង​ពិធី​ប្រកាស​ចាប់​ផ្ដើម​ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ជន​ពិការ​ និង​ជាការ​រំឭក​ខួប​ប្រាំ​ឆ្នាំ​នៃ​ការ​អនុម័ត​ច្បាប់​ស្ដីពីការ​គាំពារ​ និង​ការ​លើក​កម្ពស់​សិទ្ធិជនពិការ​។ លោក ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​ក្រសួង​សង្គម​កិច្ច មានការ​ប្រុង​ប្រយ័ត្ននៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ធ្វើ​ទារុណ​កម្ម​កុមារ ដោយ​លោក​បាន​គូស​បញ្ជាក់​​ពីករណី​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​ក្មេង​វត្ត​អាយុ​៩​ឆ្នាំ​ម្នាក់​ត្រូវ​បាន​​​ព្រះ​សង្ឃ​មួយ​អង្គ​ធ្វើ​ទារុណ​កម្ម​អស់​រយៈពេល​រាប់​ខែ។

ព្រះសង្ឃ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ផ្សឹក​នេះ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ទារុណកម្ម​​ក្មេង​ប្រុស​រង​គ្រោះ​ដោយ​សារ​រឿង​បន្តិច​បន្តួច ដោយការដុត​ទៀន​សម្រក់​​លើ​​​ក្មេង​រង​គ្រោះ ស្រោច​ទឹក​ក្ដៅ​លើ និង​ឆក់​ខ្សែ​ភ្លើង​ទៀត​ផង​​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “វា​ជា​ទង្វើ​អាក្រក់​ជួជាតិ​​ដែល​ព្រះ​សង្ឃ​ប្រព្រឹត្ត​បទ​ល្មើស​បែប​នេះ​ ហើយ​អ្នក​ខ្លះ​យក​កុមារ​ចេញ​ពី​មណ្ឌល​កុមារ​កំព្រា​ដើម្បី​ធ្វើ​បាប​ពួកគេ​។ លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ទៀ​ត​ថា ប្រសិន​បើ​យើង​មិន​អាច​ការ​ពារ​ [កុមារ​ទាំង​នេះ] បាន​ទេ យើង​ត្រូវ​ទុកពួកគេ​ឲ្យនៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​”៕ សុខុម​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post លោក ហ៊ុន សែន​ ច្រាន​ចោលសេចក្ដីរាយការណ៍​របស់​ថៃ​អំពី​ការ​ដោះ​ដូ​រ​អ្នក​ទោស​ appeared first on ខេមបូឌា ដេលី.

ពលករ​បម្រើការងារ​តាម​ផ្ទះ​នៅ​ប្រទេស​សិង្ហបុរី​ត្រូវ​បាន​បង្ខំឲ្យ​ចុះ​កិច្ច​សន្យា​​​ជំពាក់​លុយ​ក្រុម​ហ៊ុន​

$
0
0

កាល​ពីខែ​សីហា​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​អនុវត្ត​គម្រោង​សាក​ល្បង​មួយ​បញ្ជូន​ស្ត្រី​ចំនួន​២២០​នាក់​ទៅធ្វើការ​ជាអ្នក​បម្រើការ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ជាការ​ខិត​ខំប្រឹង​ប្រែង​ដ៏ធំលើក​ដំបូង​ដើម្បី​បើកទី​ផ្សារ​ថ្មី​សម្រាប់​ពលករ​បម្រើ​ការ​តាមផ្ទះ​ បន្ទាប់ពីរដ្ឋាភិបាល​បាន​ផ្អាក​​មិន​ឲ្យ​បញ្ជូន​ស្ត្រីបម្រើ​ការ​តាម​ផ្ទះទៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​សារ​មាន​សេចក្ដី​រាយ​ការណ៍​ជាច្រើន​អំពី​ការ​រំលោភ​បំពាន​។

នៅ​សប្ដាហ៍នេះ ស្ត្រី​ពីរ​នាក់​ក្នុង​ចំណោម​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​នៅ​ក្នុង​គម្រោង​សាក​ល្បង​នៅ​ប្រទេស​ិង្ហបុរី​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ និង​បាន​ប្រាប់​រឿង​រ៉ាវ​អំពី​ការ​បង្ខំ​ឲ្យ​សង​លុយ​ក្រុម​ហ៊ុន និងអំពី​ស្ថាន​ភាព​រំលោភ​បំពាន​ ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ជា​ថ្មីម្ដង​ទៀត​អំពីការ​មិនគោរព​សិទ្ធិ​ពល​ករ​ចំណាក​ស្រុក​ខ្មែរ​ពី​សំណាក់​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​មាន​ខ្នង​ក្រាស់ ដែល​​បញ្ជូនពួកគេ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។

អ្នក​នាង ញ៉ែម ធីតា អាយុ​៣១​ឆ្នាំ និង​ ផន ម៉ៅ អាយុ​២៤​ឆ្នាំ​ ត្រូវ​បាន​​នាំ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ជន​បទ​ដោយ​ក្រុម​ហ៊ុន​ហ្វីលីម័រ​ខេមបូឌា ជា​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​ដែល​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ខ្លាំង​ ហើយ​មាន​ការ​សន្យា​ផ្ដល់​ប្រាក់​ខែ​សមរម្យ និង​លក្ខខណ្ឌ​ការ​ងារ​ល្អ​ដល់​ពួកគេ​។ ប៉ុន្តែ​នៅពេល​ដែល​ពួកគេ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ភ្លាមៗ​កាលពី​ចុង​ឆ្នាំមុន ពួកគេ​ដឹង​ថា ការ​សន្យាទាំង​នេះ គឺ​ជា​ការ​ភូត​កុហក​។

ផន ម៉ៅ ​មក​​ពីគ្រួសារ​កសិករ​មួយ​ដែល​មាន​កូន​ប្រាំពីរ​នាក់​នៅ​ស្រុក​ប្រាសាទ​សម្បូរ ក្នុង​ខេត្ត​កំពង់ធំ បាននិយាយ​ថា ” ដំបូង​​នៅពេល​ខ្ញុំ​បាន​ទៅ​ដល់​ប្រទេស​សិង្ហបុរី ក្រុម​ហ៊ុន​នេះ​បាន​ដក​យក​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​។ គេ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​ដែល​ចែង​ថា ប្រាក់​ខែ​ប្រាំមួយ​ខែ​ដំបូង​របស់​ខ្ញុំ​នឹង​ត្រូវ​សង​ទៅ​ក្រុម​ហ៊ុន​ហ្វីលីម័រ”។

កិច្ច​សន្យា​ដែល​គេ​ទទួល​បាន​កាល​ពីខែ​មុន​នេះ​ចែង​ថា ពល​ករ​ចំណាក​ស្រុក​រូប​នេះ​ត្រូវ​តែ​សង​​ប្រាក់ចំនួន​៣២០​ដុល្លារ​ក្នុង​ចំណោម​ប្រាក់​ខែ​៣៨៥​ដុល្លារ​របស់​គាត់​ក្នុង​រយៈពេល​បំពេញ​ការ​ងារ​​ប្រាំមួយ​ខែ​ដំបូង ទៅ​ឲ្យ​ក្រុម​ហ៊ុន​ហ្វីលីម័រ​តាម​រយៈ​ក្រុម​ហ៊ុន​ SMECare ជា​ក្រុម​ហ៊ុន​ផ្ដល​់​កម្ចី​របស់​សិង្ហបុរី។ អត្រាការ​ប្រាក់​សម្រាប់​កម្ចីនេះគឺ​២០​ភាគរយ។

អ្នក​នាង ធីតា បាននិយាយ​ថា គេ​បាន​បង្ខំ​ឲ្យ​គាត់​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​ដែល​មាន​លក្ខខណ្ឌ​ដូច​គ្នា​នេះ។ បន្ទាប់ពី​បាន​ធ្វើ​កិច្ច​សន្យា​នោះរួច​ហើយ ស្ត្រីទាំង​ពីរ​បាន​និយាយ​ថា ពួកគេ​ត្រូវ​បាន​​នាំ​យក​ទៅ​ដាក់​នៅ​ក្នុង​មណ្ឌល​បណ្ដុះ​បណ្ដាល​មួយ​ដែល​គ្រប់​គ្រង​ដោយទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​និង​ការងារ​របស់​​សិង្ហបុរី​ ដែល​នៅទីនោះ​ពួកគេ​ម្នាក់​ៗ​ត្រូវ​ស្នាក់​នៅ​ប្រហែល​មួយ​ខែ​រង់ចាំ​ឲ្យ​មានការ​ផ្គូផ្គង​ជាមួយ​ថៅកែ។

កញ្ញា ម៉ៅ បាននិយាយ​ថា “យើង​ត្រូវ​ដេក​នៅ​លើ​គ្រែ​មួយ​ជាមួយ​មនុស្ស​បួន​ឬប្រាំ​នាក់​ជារៀង​រាល់​យប់ ហើយ​មាន​មនុស្ស​ប្រហែល​៥០​នាក់​នៅ​ក្នុងបន្ទប់​នីមួយ​ៗ​ដែល​មាន​គ្រែ​ត្រួត​គ្នា​បីជាន់​។ មាន​ស្ត្រីជាង​១០០​នាក់នៅក្នុង​អគារ​មួយ​ដែល​មក​ពី​ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា និង​កម្ពុជា​”។ យោងតាម​ស្ត្រី​ទាំង​ពីរ​នាក់​​ឲ្យ​ដឹង​ថា អំឡុង​ពេល​នោះ​ពួកគេ​ត្រូវ​ធ្វើ​កិច្ច​កា​រ​ផ្ទះ​នៅ​ក្នុង​មណ្ឌល​នោះ​ដើម្បី​រង់ចាំ​ថៅកែ​មក​ជួល​ពួកគេ។

អ្នកនាង ធីតា ជា​ស្ត្រីមេម៉ាយ​មានកូន​មួយមកពី​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង បាន​និយាយ​ថា ” ពួកគេ​បណ្ដុះ​បណ្ដាល​យើង​អំពី​របៀប​សម្អាត​បង្គន់​ឲ្យ​បាន​ស្អាត​។ យើង​ត្រូវ​​ប្រើ​ដៃ​ទាំង​ពីរ​ដើម្បីបង្ហាញ​ពី​កម្លាំង​របស់​យើង ពីព្រោះ​ថៅកែ​កំពុង​ឈរ​មើល​”។ បន្ទាប់​ពី​ត្រូវ​បាន​ថៅកែ​ជ្រើស​រើស​ហើយ ស្ថាន​ភាព​បាន​ល្អ​ប្រសើរ​សម្រាប់​ស្ត្រី​ទាំង​នោះ។ ​ពួកគេ​បាន​និយាយ​ថា ក្រោយពី​បាន​ជ្រើស​រើស​រួច ជា​ទូទៅ​មាន​អាហារ​ហូប​ច្រើន​ និង​មាន​កន្លែង​ដេក​ធំ​ ប៉ុន្តែ​ស្ថាន​ភាព​មិន​ល្អ​ដូច​ក្រុម​ហ៊ុន​ហ្វីលីម័រ​ប្រាប់ពួកគេ​នោះទេ។

ស្ត្រីទាំង​ពីរ​នាក់​បាន​និយាយ​ប្រាប់​អំពី​ការ​ធ្វើការ​មួយ​ថ្ងៃ​១៨​ម៉ោង​ អាហារ​មិន​គ្រប់​​គ្រាន់​ មាន​ការ​រំលោភ​បំពានម្ដង​ម្កាល និង​ស្ថាន​ភាព​រស់​នៅ​ពិបាក​។ ផន ម៉ៅ បាន​​​និយាយ​ថា ” ក្រុម​ហ៊ុន​ហ្វីលីម័រ បាន​​ប្រាប់​ខ្ញុំ​ថា​ ខ្្ញុំ​នឹង​មាន​បន្ទប់ដេក​ឯកជន ទូរស័ព្ទ​ដៃមួយ និង​ឈប់​សម្រាក​មួយ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ប៉ុន្តែ​អ្វីៗ​ទាំង​អស់​ខុស​ស្រឡះពី​អ្វី​ដែល​ពួកគេ​បាននិយាយ។​ ខ្ញុំ​បាន​ស្នើ​សុំ​ថៅកែ​ឈប់​សម្រាក​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​គាត់​និយាយ​ថា មិន​ចាំបាច់​ឈប់ទេ​ មិន​អាច​ឈប់​បានទេ​”។

ទាំង​នៅ​ក្នុង​សៀវភៅ​ណែនាំ​ប្រាប់​ពី​ការ​ងារ​សម្រាប់​ស្ត្រី​អ្នក​បម្រើ និង​សៀវភៅ​ណែនាំ​សម្រាប់​ថៅកែ​ ក្រសួង​ការ​ងារ​សិង្ហបុរី​លើក​ឡើង​​ថា ពល​ករ​បម្រើការ​ងារ​តា​​ម​ផ្ទះ​ត្រូវ​តែ​ឈប់​សម្រាក​មួយ​ថ្ងៃ​ក្នុងមួយ​សប្ដាហ៍។ កាលពី​ម្សិលមិញ គេ​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​​ពី​ក្រសួង​ការ​ងារ​សិង្ហបុរី​បាន​ទេ។

លោកស្រី ហូ សៀលី អ្នក​​គ្រប់​គ្រង​​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​និង​ការងារ​បាន​បដិសេធ​ចំពោះ​ការ​អះអាង​របស់​ស្ត្រីទាំង​ពីរ​អំពីការ​ដេក​ចូល​គ្នា​ ប៉ុន្តែ​មិន​ព្រម​ឆ្លើយ​សំណួរ​បន្ថែមទៀត​ទេ។

លោកស្រី ហូ បាន​និយាយ​ថា ស្ត្រី​ម្នាក់ៗ​ទទួលបាន​គ្រែ​ដេកមួយ ប៉ុន្តែ​លោកស្រី​បាន​បន្ថែម​ថា ” លោកគ្មាន​សិទ្ធិ​សួរ​ខ្ញុំ​អំពី​រឿង​េនះទេ”។ លោកស្រី​បាន​និយាយ​មុនពេល​ដាក់​ទូរស័ព្ទចុះ​ថា ” យើង​នឹង​មិន​យក​ស្ត្រី​បម្រើ​ខ្មែរ​ទៀត​ទេ យើង​មាន​ជន​ជាតិ​ជាច្រើន​ទៀត​សម្រាប់​ជ្រើស​រើស​”។

លោក ចាន់ ភក្ដី តំណាង​ក្រុម​ហ៊ុន​ហ្វីលីម័រ​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​និយាយ​ថា លោក​មិន​ជឿ​ថា រឿង​រ៉ាវ​របស់​ ផន ម៉ៅ និង ញ៉ែម ធីតា គឺ​ជារឿង​ពិត​ទេ។​លោក​បាន​និយាយ​ថា ច្បាប់​ការ​ងារ​នៅ​ប្រទេស​សិង្ហបុរី​ធានា​សុវត្ថិភាព​របស់​ស្ត្រីទាំង​ពីរ។ លោក ភក្ដី បាន​និយាយ​ថា ” យើង​មិន​បានទទួល​ពាក្យ​បណ្ដឹង​ ឬ​ភាព​មិន​ប្រក្រតី​ណាមួយ​ពី​ប្រទេស​សិង្ហបុរីទេ​រហូត​មក​ទល់ពេល​នេះ” ហើយ​លោក​បាន​បង្វែរ​សំណួរ​ដែល​សួរ​អំពី​កិច្ច​សន្យា​ជំពាក់​លុយ និង​ស្ថានភាព​នៅ​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​និង​ការងារ ទៅ​លោក​ស្រី អ៊ឹង ស៊ាងរិទ្ធី ប្រធាន​សមាគម​ក្រុម​ហ៊ុន​ជ្រើសរើស​ពល​ករ​ខ្មែរ​ (អាក្រា)។

លោកស្រី សា៊ងរិទ្ធី បងប្អូនស្រី​របស់​ឧត្តមសេនីយ៍ សុខ ផល ដែល​បាន​ស្បថចូល​កាន់​តំណែង​កាលពីខែមេសា ជា​ប្រធាន​នាយក​ដ្ឋាន​ថ្មីមួយរបស់​ក្រសួង​មហាផ្ទៃ ដែល​ទទួល​បន្ទុក​​ត្រួត​ពិនិត្យ​ពល​ករ​ចំណាក​ស្រុក​ ក៏បាន​និយាយ​ដែរ​ថា ស្ត្រី​​ទាំង​នេះ​ត្រូវ​បាន​ការ​ពារ​ពី​ច្បាប់​សិង្ហបុរី។

លោកស្រី​ ស៊ាងរិទ្ធី គឺ​ជា​ប្រធាន​​ក្រុម​ហ៊ុន​អ៊ឹង​រិទ្ធីគ្រុប ​ជាក្រុមហ៊ុនទី២​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​ចំនួន​បី​ ដែល​បាន​ទទួល​សិទ្ធិ​ចូលរួម​នៅ​ក្នុង​គម្រោង​សាក​ល្បង​របស់​រដ្ឋាភិបាល​ដើម្បី​បញ្ជូន​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​ទៅ​ប្រទេស​សិង្ហបុរី​ផងដែរ។ លោកស្រី​បាន​និយាយ​ថា ” វា​ហាក់​ដូច​ជា​មិនមាន​បញ្ហា​ណាមួយ​ទេ។ ខ្ញុំគិត​ថា ប្រទេស​សិង្ហបុរី​អនុវត្ត​ច្បាប​់​តឹង​រ៉ឹង​ណាស់”។

លោកស្រី ស៊ាងរិទ្ធី បាន​បដិសេធ​មិន​និយាយអំពី​កិច្ច​សន្យា​ជំពាក់លុយ​​ និង​ស្ថាន​ភាព​របស់​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហុ៊ុន​លោកស្រីទេ ហើយ​បាន​បង្វែរ​សំណួរទាំង​អស់​ទៅ​ក្រសួង​ការ​ងារ​ និង​ក្រសួង​ការ​បរទេស​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍​ថា ជនរងគ្រោះ​គួរ​តែ​ដាក់ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​ការ​ងារ​វិញ​។ លោក សេង សក្ដា អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ការ​ងារ​នៃ​ក្រសួង​ការ​ងារ​ បាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

លោក សក្ដា ដែល​ត្រូវ​បាន​គេ​បង្វែរ​សំណួរ​សួរ​មក​ក្រសួង​ទាំង​អស់​អំពី​បញ្ហា​របស់​ស្ត្រី​បម្រើការ​តាម​ផ្ទះ ​មានផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​លោក​​នៅ​ក្នុង​ការ​ងារ​នេះ។ បង​ប្អូន​ស្រី​របស់​លោក​ឈ្មោះ សេង ទូស៊ីតា គឺ​ជា​ម្ចាស់​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​សុក​លាភ​មេត្រី ជាក្រុម​ហ៊ុនទី៣​ដែល​បាន​ចូល​រួម​នៅ​​ក្នុង​គម្រោង​សាក​ល្បង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

នៅ​ឯសិក្ខា​សាលា​របស់​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​កាលពី​ខែមីនា លោក ពិន វីរៈ លេខា​ធិការ​នៅ​សមាគម​អាក្រា បាន​និយាយ​ថា លោក​ សក្ដា ខ្លួន​គាត់​ផ្ទាល់​បាន​ជ្រើស​រើស​ក្រុម​ហ៊ុន​ទាំង​បី​ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​អនុវត្ត​គម្រោង​សាក​ល្បង​នេះ។

ក្រសួង​ការ​ងារ​កម្ពុជា​បាន​បដិសេធ​មិន​ផ្ដល់​ច្បាប់​ចម្លង​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា​ និង​សិង្ហបុរី​ទេ ថ្វីបើ​មាន​ការ​ជំរុញ​ពី​លោកស្រី មូរ សុខហួរ និង​លោក សុន ឆ័យ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ក៏ដោយ​។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ ដែល​បាន​ជួយ​បញ្ជូន​ ផន ម៉ៅ និង ញ៉ែម ធីតា ត្រឡប់​មក​វិញ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មាន​ការ​ផ្លាស់​ប្ដូរ​តិច​តួច​ណាស់​សម្រាប់​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញបម្រាម​ឲ្យ​ផ្អាក​ការ​បញ្ជូន​ស្ត្រី​បម្រើការ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១១ បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​ស្រដៀង​គ្នា​ជាច្រើន​។

លោកស្រី ណាលី ពីឡូក ប្រធាន​អង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​រដ្ឋាភិបាល​មាន​អំណាច​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​រក​ស៊ី​ក្រៅ​នេះ មាន​ការ​ស្ទាក់​ស្ទើរ​មិន​ហា៊ន​ជ្រៀត​ជ្រែក​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” កម្ពុជា​នៅតែ​មិន​មាន​ការ​ការ​ពារ​ពី​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង​សម្រាប់​ពលករ​ និង​មិន​មាន​អាជ្ញាធរ​មិន​លម្អៀង​ដើម្បី​គ្រប់​គ្រង​វិស័យ​នេះ​”។ លោកស្រី​បាន​បន្ថែម​ថា ” កង្វះ​ការ​ផ្ដន្ទា​ទោស​ចំពោះ​ក្រុម​ហ៊ុន​ជ្រើស​រើស​ស្ត្រី​បម្រើការ​តាម​ផ្ទះ​តាម​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បង្ហាញ​ថា និទណ្ឌភាព​នៅ​ក្នុង​វិស័យ​េនះ​នៅ​តែ​ជា​កង្វល់”។

ទាំង​ ផន ម៉ៅ និង​ ញ៉ែម ធីតា បាន​ទៅធ្វើការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី មុនពេល​មាន​បម្រាម​របស់​លោក ហ៊ុន សែន ហើយអ្នក​ទាំង​ពីរ​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បទ​ពិសោធន៍​ផ្ទាល់​ខ្លួននៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាន់​តែ​អាក្រក់​ជាង​មុន​ទៅទៀត​។ ផន ម៉ៅ បាន​​និយាយ​ថា ចាប់​តាំង​ពី​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​និង​ការងារ​បាន​ទៅ​ជួប​គាត់​នៅ​ឯ​អាកាស​យាន​ដ្ឋាន​ គាត់​ដឹង​ថាមាន​បញ្ហា ប៉ុន្តែ​គាត់​មិន​អាច​ធ្វើ​អ្វី​បានទេ។ គាត់​បាន​និយាយ​ថា ” នៅពេល​ខ្ញុំ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ ខ្ញុំ​ដឹង​ថា​អ្វី​ទាំង​អស់​មិន​ល្អទេ។ ខ្ញុំ​ទៅមុខ​ក៏មិន​រួចទៅក្រោយក៏មិន​រួច។ ពួកគេ​បាន​ដក​យក​លិខិ​ត​ឆ្លង​ដែន​ខ្ញុំ ខ្ញុំត្រូវ​ជាប់​គាំង​នៅ​កណ្ដាល​”។

អនាគត​នៅ​មិន​ទាន់​ច្បាស់​សម្រាប់​អ្នក​នាង ធីតា ដែល​បាន​និយាយ​ថា អ្នកនាង​គ្រាន់​តែ​ចង់​បាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ បន្ទាប់ពី​បាន​ចូល​មន្ទីរ​ពេទ្យពីរ​ដង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដោយ​សារ​ធ្វើ​ការ​ហួស​កម្លាំង និង​បរិភោគ​មិន​គ្រប់​គ្រាន់​។ ប៉ុន្តែ​ ផន ម៉ៅ បាន​និយាយ​ថា នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គាត់​ត្រូវ​​ចាប់​ផ្ដើម​រក​ការ​ងារ​មួយ​ទៀតហើយ។ គាត់​បាន​និយាយ​ថា ” ខ្ញុំ​នឹង​ទៅ​លេង​ឪពុក​ម្ដាយ​ខ្ញុំ​មួយ​ថ្ងៃ​ ហើយ​បន្ទាប់​មក​ខ្ញុំ​នឹង​ត្រឡប់​មក​ភ្នំពេញ​វិញ​ដើម្បី​រក​ការ​ងារ​ធ្វើ​នៅ​តាម​រោងចក្រ​កាត់​ដេរ​”៕ គឹមហឿន​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

The post ពលករ​បម្រើការងារ​តាម​ផ្ទះ​នៅ​ប្រទេស​សិង្ហបុរី​ត្រូវ​បាន​បង្ខំឲ្យ​ចុះ​កិច្ច​សន្យា​​​ជំពាក់​លុយ​ក្រុម​ហ៊ុន​ appeared first on ខេមបូឌា ដេលី.

Viewing all 4644 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>